អភិបាល​ខេត្ត​ព្រះសីហនុ​ថា​ការ​ស្ថាបនា​ឆ្នេរ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​សម្រេច​បាន​៩៥%

ដោយ ដែន អយុធ្យា
2016-12-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (ស្ដាំ) ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន (ស្ដាំ) ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​មមាញឹក​ការងារ​ស្ថាបនា និង​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​សោភណភាព ដើម្បី​ត្រៀម​រៀបចំ​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​ខេត្ត​នេះ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រយៈពេល ៣​ថ្ងៃ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។

អ្នក​ឃ្លាំ​មើល​សង្គម និង​វិស័យ​ឯកជន គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន និង​តំបន់​ឆ្នេរ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​អបអរ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​រួម​មាន លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ជាដើម ចុះ​ពិនិត្យ​ផ្ទាល់​ទៅ​លើ​ការងារ​ស្ថាបនា​ទីតាំង​មួយ​ចំនួន ពិសេស​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ធ្នូ។

លោក យន្ត មីន ផ្តល់​សម្ភាស​ថា ការងារ​ស្ថាបនា​តំបន់​ឆ្នេរ និង​អភិវឌ្ឍន៍​មូលដ្ឋាន​នេះ ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦ ពេល​នេះ​ក្រុម​ការងារ ស្ថាបនា​បាន​ចន្លោះ​ពី ៩០% ទៅ ៩៥% ហើយ ហើយ​ការងារ​ស្ថាបនា​នេះ​នឹង​រួច​រាល់​តាម​ផែនការ​កំណត់។ លោក​បង្ហាញ​មោទនភាព​ថា មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​នា​ពេល​បច្ចុប្បន្ន គឺ​មាន​សួនច្បារ​ស្រស់​បំព្រង ផ្លូវ​ធ្វើ​ដំណើរ​ទូលាយ និង​មាន​បំពាក់​ភ្លើង​បំភ្លឺ បង្ហាញ​ពី​សោភ័ណភាព​ស្រស់​បំព្រង​ស្ទើរ​គ្រប់​ច្រកល្ហក ពិសេស​តំបន់​ឆ្នេរ​ឯករាជ្យ។

ឆ្នេរ​សមុទ្រ ព្រះសីហនុ ២០១៦ ៨៥៥
ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea


លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត សូម​ចូលរួម​ថែ​រក្សា​អនាម័យ បរិស្ថាន​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​មាន​សោភ័ណភាព​ល្អ និង​ត្រូវ​ចូលរួម​សហការ​គាំទ្រ​ការងារ​រៀបចំ​បុណ្យ​សមុទ្រ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៖ «ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ជក់​ចិត្ត​មក​លេង​កម្សាន្ត​ម្តង​ហើយ ចង់​មក​ម្តង​ទៀត គឺ​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​ប្រតិបត្តិករ​ទេសចរ​បម្រើ​សេវា​ទេសចរណ៍​ទាំងអស់ ឲ្យ​កំណត់​តម្លៃ​សេវា​ទាំង​ការ​ស្នាក់នៅ ទាំង​សេវា​ចំណី​អាហារ និង​សេវា​ផ្សេងៗ​ទៀត ឲ្យ​មាន​តម្លៃ​សមរម្យ ឬ​ឲ្យ​មាន​ការ​កែលំអ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។ បញ្ហា​នេះ​កន្លង​មក រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ និង​សំណូមពរ​អំពាវនាវ​រហូត​បាន​អញ្ជើញ​ប្រតិបត្តិករ​ទេសចរ​ទាំងអស់​មក​ណែនាំ និង​ផ្តល់​ការ​អប់រំ​អំពី​របៀប​ទទួល​ភ្ញៀវ​នៅ​តាម​ទីតាំង​បម្រើ​សេវា​ទាំងនោះ មាន​ដូចជា​នៅ​តាម​សណ្ឋាគារ ត្រូវ​រៀបចំ​ការ​ទទួល​ភ្ញៀវ​របៀប​ម៉េច​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ជក់​ចិត្ត​ពី​ភ្ញៀវ​ទេសចរ ដែល​មក​រក​សេវា​បម្រើ ស្នាក់នៅ ឬ​សេវា​ចំណី​អាហារ​ជាដើម។ ជាង​នេះ ក៏​បាន​ណែនាំ​អំពី​ការ​ថែ​រក្សា​អនាម័យ​បរិស្ថាន បង្គន់​អនាម័យ​ត្រូវ​តែ​មាន​ការ​សម្អាត​ឲ្យ​មាន​អនាម័យ​ល្អ និង​ការ​ស្លៀកពាក់​របស់​បុគ្គលិក​នៅ​តាម​ទីតាំង​នីមួយៗ ត្រូវ​ឲ្យ​បាន​ស្អាត​បាត​ជាដើម។ ក្នុង​នោះ​សម្រាប់​សេវា​បម្រើ​វិស័យ​ទេសចរណ៍​របស់​ក្រុម​ប្រតិបត្តិករ​នៅ​តាម​តំបន់​ឆ្នេរ ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ពិសេស​ការ​កំណត់​តម្លៃ​ម្ហូប​អាហារ និង​តុ​អង្គុយ​ជាដើម»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ភាគច្រើន​នា​មូលដ្ឋាន​នេះ បាន​គាំទ្រ​ការ​ត្រៀម​លក្ខណៈ​ជា​មុន និង​សកម្មភាព​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​តំបន់​ឆ្នេរ​សមុទ្រ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពេល​នេះ។

ទន្ទឹម​គ្នា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​មួយ​ចំនួន បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ​ត្រូវ​បង្កើត​ចំណត​យានយន្ត ធុង​សំរាម ពិសេស​បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​ឲ្យ​បាន​ច្រើន ទុក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ ដើម្បី​រួម​គ្នា​ថែ​រក្សា​អនាម័យ​បរិស្ថាន​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​តាម​ការ​សង្កេត​កន្លង​មក ភ្ញៀវ​ទេសចរ​បាន​រអ៊ូរទាំ​ថា ខេត្ត​ទេសចរណ៍​មួយ​នេះ​មិន​មាន​ធុង​សំរាម បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​សម្រាប់​ផ្តល់​ជូន​ពួក​គេ​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​ចំនួន​ទេ។

គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​បាន​ប្រកាស​ថា បុណ្យ​សមុទ្រ​ជុំ​ទី​២ ឆ្នាំ​២០១៦ នេះ គឺ​មាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ក្រោម​ប្រធានបទ «ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវ​ស្រងាត់»។ ពិធី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី នឹង​ចូលរួម​ជា​កិត្តិយស​បើក​កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ទីតាំង​ប្រារព្ធ​ពិធី​នា​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់​ខេត្ត​ព្រះសីហនុ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់​ទិសទី​ទូទាំង​ប្រទេស​កម្ពុជា សូម​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដោយ​សមត្ថកិច្ច​ជំនាញ​មក​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ បាន​ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles