ករណី​មន្ត្រី​នគរបាល ​ត្រូវ​ឡាន​បុក​សន្លប់​ អាច​នឹង​ដូរ​ទីតាំង​ឈរ​ជើង

នគរបាល​ដែល​ត្រូវ​ឡាន​បុក​នៅ​ប៉ោយប៉ែត​អាច​នឹង​ដូរ​ទីតាំង​ឈរ​ជើង​ដើម្បី​ឲ្យ​ស្ងប់ស្ងាត់។ រូបថត ហ្វេសប៊ុក

នគរបាល​ដែល​ត្រូវ​ឡាន​បុក​នៅ​ប៉ោយប៉ែត​អាច​នឹង​ដូរ​ទីតាំង​ឈរ​ជើង​ដើម្បី​ឲ្យ​ស្ងប់ស្ងាត់។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ​: អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ព្រមាន​កាលពី​ម្សិលមិញ​ថា​មន្ត្រី​នគរបាល​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​ចម្រូង​ចម្រាស​ក្រោយពី​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ចោទប្រកាន់​លើ​ជន​បង្ក​ជា​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ម្នាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រមាណ​បី​អាទិត្យ​មុន​អាច​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ពី​តំបន់​ដែល​កំពុង​ឈរ​ជើង។

លោក ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​រងរបួស​ និង​សន្លប់​ហើយ​ភ្លាមៗ​នោះ​ដែរ​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅក្នុង​ប្រទេស​ថៃ​ដោយ​បាន​ចោទ​ប្រកាន់​មក​លើ​លោក​ ឌិន ពុទ្ធី​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​បុក​កាលពី​ថ្ងៃ​ទី​ ២២ ​ខែ​ធ្នូ​ឆ្នាំ​មុន​។

បញ្ហា​នេះ​ត្រូវ​បាន​បណ្ដាញ​សង្គម​ ហ្វេសប៊ុក ​​បង្ហាញ​វីដេអូឃ្លីប​មួយ​ចំនួន​ដែល​ជា​តឹកតាង​ថា ​មិន​អាច​បណ្ដាល​មកពី​ឡាន​បុក​នោះ​ទេ​តែ​មាន​ការ​រិះគន់​ពី​សាធារណជន​ថា​ជា​ការ​ធ្វើ​ពុត។

លោក​ សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​មក​កាន់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​រហូត​មក​ដល់​ពេល​នេះ​​អាជ្ញាធរ​ខេត្ត​កំពុង​ព្យាយាម​សម្រប​សម្រួល​ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​ស្ងប់​អារម្មណ៍​ព្រោះ​បច្ចុប្បន្ន​លោក​ពិសិដ្ឋ​ក៏​បាន​ជា​សះ​ពី​មុខ​របួស​ហើយ​របួស​របស់​គាត់​មិន​ដល់​ថ្នាក់​ប៉ះពាល់​សតិ​ ឬ​ប៉ះពាល់​ដល់​អាយុ​ជីវិត​នោះ​ទេ​ហើយ​ក្រុម​គ្រួសារ​ឌិនពុទ្ធី​ក៏​ចង់​ឲ្យ​មាន​ការ​ដោះលែង​លោក​ ពុទ្ធី ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​​បាន​ថ្លែង​ថា៖ «ដើម្បី​ឲ្យ​ស្ថានការណ៍​មាន​ភាព​ស្ងប់ស្ងាត់​តួនាទី​របស់​លោក​ ឈាន ពិសិដ្ឋ អាច​ប្រឈម​នឹង​ផ្លាស់​ប្តូរ​ពី​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត​ ខណៈ​ដែល​សាក្សី​បី​នាក់​បាន​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សក្សី​រួចរាល់​នៅ​តុលាការ​ខេត្ត​កាលពី​ម្សិលមិញ​»។​ មែនទែន​ទៅ​យើង​ព្យាយាម​ផ្សះផ្សា​ករណី​​នេះ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ស្ងប់​អារម្មណ៍​ទាំង​សង​ខាង​យើង​នឹង​បន្ត​តាមដាន​នីតិវិធី​តុលាការ​បន្ត​ទៀត​ហើយ​ឥឡូវ​លោក​ ពិសិដ្ឋ​ បាន​ធូរស្រាល​ហើយ​គាត់​មិន​ធ្ងន់ធ្ងរ​ ឬ​ប៉ះពាល់​ដល់​ជីវិត​ទេ​។ ​យើង​នឹង​រក​ច្រក​ចេញ​ក្នុង​រឿង​នេះ​ដោយ​សន្តិវិធី​ដើម្បី​ឲ្យ​​អ្នក​ទាំងអស់​គ្នា​ស្ងប់​អារម្មណ៍​ហើយ​ឲ្យ​ស្ថានការណ៍​នេះ​ធូរ​ស្រាល​ទៅ​វិញ​»។

នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​ ៩​ មករា លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើក​ឡើង​ថា​ថ្នាក់ដឹកនាំ​បាន​ឱ្យ​​លោក​ស័ក្តិ​ ៤ ឈាន ពិសិដ្ឋ ​ត្រូវ​មក​ធ្វើការ​ដោះស្រាយ ​និង​សម្រប​សម្រួល​ជាមួយ​លោក​ ឌិន ពុទ្ធី ឱ្យ​បញ្ចប់​រឿង​គឺ​លោក​ ឈាន ពិសិដ្ឋ អាច​ប្រឈម​ការ​ផ្លាស់ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង។

លោក អ៊ុំ រាត្រី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​នៅក្នុង​កិច្ចប្រជុំ​អភិបាល​ខេត្ត​បាន​លើក​ឡើង​ករណី​នេះ​ក្នុង​អង្គ​ប្រជុំ​មែន​។

លោក រាត្រី ថ្លែង​ថា​៖«លោក​អភិបាល​ខេត្ត​បាន​លើក​ឡើង​បញ្ហា​នេះ​មែន​តែ​ករណី​ផ្លាស់ប្តូរ​តួនាទី​របស់​ប៉ូលិស​អន្តោប្រវេសន៍​មិនមែន​ជា​សមត្ថកិច្ច​របស់​ខេត្ត​នោះ​ទេ​គឺ​ថ្នាក់​លើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នក​សម្រេច​»​។

លោក កែវ វ៉ាន់ថន អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា​មិន​ទាន់​ដឹង​ពី​បញ្ហា​ផ្លាស់ប្ដូរ​តួនាទី​ការងារ​របស់​មន្ត្រី​នគរបាល​រូប​នេះ​ទេ។

កាលពី​ម្សិលមិញ​ផង​ដែរ​សាក្សី​បី​នាក់​បាន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​បន្ទាយមានជ័យ​តាម​គម្រោង​ដោយ​ពួកគេ​បាន​ឆ្លើយ​សំណួរ​ពី​ហេតុការណ៍​កើត​ហេតុ​រវាង​លោក​ ឌិនពុទ្ធី ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ជា​សមាជិក​សកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ ឈានពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។

សាក្សី​ទាំង ៣ នាក់​​​នោះ​មាន​ឈ្មោះ ញ៉ែត នាង, ហ៊ុន សេងអឿន​ និង​ អ៊ុន ជីវន​។

លោក អ៊ុន ជីវន ជា​សាក្សី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​លោក​ និង​សាក្សី​ពីរ​នាក់​ទៀត​បាន​បំភ្លឺ​នៅ​តុលាការ​រួច​រាល់​ហើយ​កាលពី​ម្សិលមិញ​។

លោក​ថា​៖ «មន្រ្តី​តុលាការ​សួរ​នាំ​យើង​ជាង​ពីរ​ម៉ោង​ខ្ញុំ​ឆ្លើយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​លោក​ ឌិន ​ពុទ្ធី ​មិន​បាន​បើក​រថយន្ត​បុក​ខ្លាំង​ទៅ​លើ​លោក​មន្រ្តី​ប៉ូលិស​នោះ​ទេ​»។

លោក គីម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ឌិន ពុទ្ធី បាន​ឲ្យ​ដឹង​ថា​តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​សាក្សី​ទាំង​ ៣ ​​ហើយ​កាលពី​ម្សិលមិញ​។

លោក​ថា​៖ «ដំណាក់កាល​នេះ​គឺ​តុលាការ​ស៊ើបសួរ​ដោះ​បន្ទុក​​ដាក់​បន្ទុក​ក្នុង​ករណី​នេះ​ហើយ​យើង​នឹង​ចាំ​មើល​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត​»។

លោក ស្រី ហ៊ុំស្រៀន ជា​ប្រពន្ធ​លោក​ ម៉ង់ ពុទ្ធី ​បាន​ឲ្យ​ដឹង​ថា​លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ​ស្វាមី​នៅ​ពន្ធនាគារ​ពី​ម្សិលមិញ​។

លោកស្រី​ថា​៖ «ខ្ញុំ​បាន​សួរ​សុខទុក្ខ​ព្រឹក​មិញ​ឃើញ​ថា​គាត់​ឈឺ​ខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​គាត់​​»។

លោក ស ចាន់ឌី មន្រ្តី​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​លោក​​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​អភិបាល​ខេត្ត​ដើម្បី​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​រឿង​។

លោក ចាន់ឌី បាន​ថ្លែង​ថា​៖ «ខ្ញុំ​គាំទ្រ​ការ​ដោះដូរ​តួនាទី​លោក​​ ពិសិដ្ឋ នៅ​ច្រក​ប៉ោយប៉ែត​ដែល​សកម្មភាព​គាត់​មួយ​ចំនួន​កន្លង​​មក​ពលរដ្ឋ​មិន​ចូលចិត្ត​ដើម្បី​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​រឿង​ដោយ​សន្តិវិធី​»៕

What Next?

Recent Articles