ទិន្នផល​ត្រី​ប្រហុក​កើន​ជាង​១​ពាន់​តោន​នៅ​ឆ្នាំ​២០១៦​ក្នុង​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2017-01-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chin Chetha
ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Chin Chetha


ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ឆ្នាំ​២០១៦ កើន​ជាង ១​ពាន់​តោន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ដែល​ចាប់​បាន​ជាង ២​ពាន់​តោន។ បើ​ទោះ​បី​ជា​ទិន្នផល​ត្រី​ប្រហុក​មាន​ការ​កើន​ឡើង ត្រី​នៅ​តែ​ថ្លៃ គឺ​តម្លៃ​ចន្លោះ​ពី ១.២០០​រៀល​ទៅ ៣​ពាន់​រៀល​ក្នុង ១​គីឡូក្រាម ប៉ុន្តែ​អាជ្ញាធរ​ថា​តម្លៃ​នេះ​កសិករ​ខ្មែរ​ដែល​ធ្វើ​ប្រហុក​លក់ ឬ​ទុក​ហូប​ប្រចាំ​ឆ្នាំ អាច​ទទួល​យក​បាន។

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​ប្រចាំ​ឆ្នាំ​២០១៦ ដែល​ប្រមូល​បាន​នៅ​សង្កាត់​រដ្ឋបាល​ជលផល​ទាំង​៦ នៅ​ទូទាំង​ខេត្ត មាន​ជាង ៣​ពាន់​តោន។ ឆ្នាំ​នេះ រយៈពេល​ដែល​ត្រី​ប្រហុក​ត្រូវ​មាន​តែ ៤​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃ​៩ កើត ខែ​បុស្ស ប៉ុន្តែ​ឆ្នាំ​នេះ​ត្រី​ប្រភេទ​លេខ​១ សម្រាប់​ធ្វើ​ប្រហុក​មាន​ច្រើន​ជាង​ឆ្នាំ​ទៅ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់​ថា កត្តា​ដែល​ត្រី​ប្រហុក​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង ដោយសារ​តែ​កម្រិត​ទឹក​បឹង​ទន្លេសាប​ឡើង​ខ្ពស់​ហូរ​ចូល​បឹង ឬ​ព្រែក​នានា​ច្រើន​ជាង​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ត្រី​ងាយ​ស្រួល​បន្លាស់​ទី និង​ពង​កូន។ ស្រប​ពេល​គ្នា​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ជាពិសេស​បង្ក្រាប​របាំង​ស្បៃ​មុង​បាន​ច្រើន​ករណី ហើយ​លោក​សង្ឃឹម​ថា ទិន្នផល​ត្រី​នឹង​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៖ «ចំពោះ​តម្លៃ ខ្ញុំ​ឯកភាព​ថា​វា​ថ្លៃ​ជាង​ឆ្នាំ​ទៅ នៅ​តែ​ថ្លៃ។ យើង​មិន​មាន​ដោះស្រាយ​អី​ទេ ដោយសារ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ច្រើន ហើយ​តម្រូវ​ការ​របស់​ប្រជា​នេសាទ​របស់​យើង​ហ្នឹង​ក៏​ច្រើន​ដែរ (រក​ត្រី​បាន​ច្រើន) ប៉ុន្តែ​អត់​គ្រប់​តម្រូវ​ការ​របស់​គាត់។ អ៊ីចឹង​ក្នុង​តម្លៃ​ទីផ្សារ​ប៉ុណ្ណឹង ហាក់​បី​ដូចជា​មិន​មាន​អី​ចោទ​ជា​បញ្ហា​ទេ​បាទ»

អាជីវករ​ប្រមូល​ទិញ​ត្រី​ប្រហុក​នៅ​កំពង់ផែ​ផ្សារ​ក្រោម ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទុក​លក់​ឲ្យ​ម៉ូយ លោក កៅ ហំ មាន​ប្រសាសន៍​ថា រយៈពេល ៧​ថ្ងៃ​ហើយ​ដែល​លោក និង​ប្រពន្ធ​ដេក​ចាំ​ទិញ​ត្រី ហើយ​មក​ដល់​ថ្ងៃ​ទី​១០ ខែ​មករា នេះ លោក​ទិញ​ត្រី​កាត់​ក្បាល និង​ជាន់​ហើយ​ស្រាប់​បាន​ជាង ១០០​តោន។

កាល​ពី​ឆ្នាំ​ទៅ លោក​ទិញ​ត្រី​បាន​ល្អិតៗ ហើយ​មាន​តម្លៃ​ថ្លៃ​បាន​ប្រហែល ៦០​តោន។ លោក​បញ្ជាក់​ថា ត្រី​ធ្វើ​ហើយ​ប្រភេទ​លេខ​១ មាន​តម្លៃ​ចន្លោះ​ពី ៣​ពាន់​រៀល​ទៅ ៣.៥០០​រៀល​ក្នុង ១​គីឡូក្រាម។ លោក​ថា ទោះ​បី​ជា​ត្រី​ថោក ឬ​ថ្លៃ​យ៉ាង​ណា លោក​ត្រូវ​តែ​ទិញ​ដើម្បី​ត្រៀម​ទុក​លក់​ឲ្យ​ម៉ូយ​រាល់​ឆ្នាំ៖ «សូម​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ខាង​ជលផល ជួយ​គ្រប់គ្រង​មើល​ការពារ​ការ​នេសាទ​ត្រី​កុំ​ឲ្យ​មាន​របស់​ខុស​ច្បាប់ ដើម្បី​ឲ្យ​ត្រី​នៅ​ស្រុក​ខ្មែរ​កើន​បាន​ច្រើន»

ចំណែក​អាជីវករ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ដែល​ទិញ​ត្រី​ប្រហុក​សម្រាប់​តម្កល់​ទុក​លក់​នៅ​លើ​ទីផ្សារ លោក ជួប សេងហុង ថា​នៅ​តាម​កំពង់ផែ​ជាច្រើន​ដែល​លោក​ចុះ​ទិញ​នៅ​ឆ្នាំ​នេះ ត្រី​មាន​ការ​កើន​ឡើង​ទ្វេ​ដង៖ «គេ​រក​បាន​តាំង​ពី​ខែ​ដំបូង​ម្ល៉េះ! ខែ​បិទ​នេសាទ ក៏​គេ​នៅ​រក​បាន​ដែរ ចង់​និយាយ​ថា​នៅ​ក្នុង​ខែ​ភ្ជុំ គឺ​៩ ទៅ​ខែ​១០ គេ​ដង​នៅ​តាម​ទន្លេ​មេគង្គ គេ​ដង​បាន​ច្រើនៗ​ណាស់»

អាជីវករ និង​កសិករ​ដែល​និយម​ចុះ​កំពង់​ផ្ទាល់ ដើម្បី​ទិញ​ត្រី​ធ្វើ​ប្រហុក​ទុក​ហូប​ប្រចាំ​ឆ្នាំ ទទួល​ស្គាល់​ថា ត្រី​ឆ្នាំ​នេះ​សម្បូរ និង​ទ្រើសៗ​ជាង​ឆ្នាំ​ទៅ ប៉ុន្តែ​ត្អូញ​ថា សូម្បី​ត្រី​ប្រភេទ​លេខ​២ មាន​តម្លៃ ១.២០០​រៀល​ទៅ ២​ពាន់​រៀល​ក្នុង ១​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ពុំ​មាន​លទ្ធភាព​ទិញ​ត្រី​ច្រើន​សម្រាប់​ធ្វើ​ប្រហុក​ទុក​ហូប ឬ​លក់​ដូរ​នៅ​ខែ​ខ្វះខាត​ប្រហុក​ដាំ​ស្ល ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​ធ្នូ នៃ​ឆ្នាំ​នីមួយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment