រដ្ឋាភិបាល​​នឹង​​​ផ្ដល់​ជំនួយ​​​​ថវិកា​​​​ ១៣​ឆ្នាំ​​ ដល់​ប្អូនស្រី​​របស់​ស្ត្រី​រក​ស៊ី​​ផ្លូវ​ភេទ​​​​ដែល​លង់ទឹក​ស្លាប់​​​

ខេមបូឌា ដេលី

កាលពីដំបូងស្ត្រីឈ្មោះ ប៉ែន ម៉េងគី និយាយថា គាត់មានបំណងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្ដឹងសន្តិសុខពីបទដេញតាមចាប់បងស្រីរបស់គាត់ និងមិនព្យាយាមជួយសង្គ្រោះបងស្រីរបស់គាត់នៅពេលស្ត្រីរងគ្រោះបោកក្បាលទៅនឹងទូកទេសចរណ៍ ហើយធ្លាក់ទៅក្នុងទឹកទន្លេ។

ទោះជាយ៉ាងណា ស្ត្រីរូបនេះបាននិយាយកាលពីម្សិលមិញថា គាត់បានសម្រេចចិត្តឈប់ប្ដឹងហើយ បន្ទាប់ពីអភិបាលខណ្ឌបានលើកឡើងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា រដ្ឋនឹងឧបត្ថម្ភថវិកាដល់កូនប្រុសអាយុ៥ឆ្នាំរបស់បងស្រីគាត់ ដែលមានជំងឺគ្រុនស្វិតដៃជើង។

cam-photo-sex-worker_WEBស្ត្រីរងគ្រោះ ប៉ែន គន្ធា បានស្ថិតក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទមួយក្រុមមានគ្នាប្រហែល៥នាក់ ដែលបានរត់សំដៅទៅរកទូកអំឡុងពេលអាជ្ញាធរឆ្មក់ចាប់ពួកគេនៅតាមមាត់ទន្លេជិតវត្តភ្នំកាលពីថ្ងៃទី១ ខែមករា។ អាជ្ញាធរបដិសេធថា ខ្លួនមិនបានធ្វើខុសឡើយនៅក្នុងការមិនព្រមជួយ ប៉ែន គន្ធា សូម្បីក្រោយសាកសពជនរងគ្រោះត្រូវបានប្រទះឃើញនៅក្រោមស្ពានមុនីវង្ស កាត់ទន្លេបាសាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុន។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដែលនិយាយការពារទង្វើរបស់សន្តិសុខបានអះអាងថា ប៉ែន ម៉េងគី នឹងទទួលបានជំនួយហិរញ្ញវត្ថុ។ លោកគូសបញ្ជាក់ថា “លោកអភិបាលខណ្ឌរបស់យើងបានជួយឧបត្ថម្ភកូនប្រុសរបស់ជនរងគ្រោះ ដោយសារតែលោកអាណិតអាសូរ ដូច្នេះហើយលោកនឹងផ្ដល់ថវិកាប្រហែល៣០០ដុល្លារជារៀងរាល់ខែសម្រាប់រយៈពេល១៣ឆ្នាំ”។

ប៉ែន ម៉េងគី និយាយថា គាត់បានទទួលយកប្រាក់ឧបត្ថម្ភនេះដោយសារតែគាត់គ្មានលទ្ធភាពចំណាយលើការដាក់ពាក្យបណ្ដឹង ហើយម្យ៉ាងទៀតគាត់មិនជឿថានឹងបានអ្វីពីវាមកវិញ។ គាត់និយាយថា ”ខ្ញុំគិតថា បើខ្ញុំដាក់ពាក្យប្ដឹងពួកគេ ខ្ញុំនឹងចំណាយលុយ ហើយខ្ញុំគ្មានអំណាចដូចពួកគេទេ។ ខ្ញុំដឹងថា វាមិនយុត្តិធម៌ទេសម្រាប់បងស្រីខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែសម្រេចចិត្តដើម្បីក្មួយប្រុសខ្ញុំ”។

លោក សុខ សំអឿន អ្នកជំនាញខាងច្បាប់ដ៏លេចធ្លោមួយរូបបានមានប្រសាសន៍ថា ការប្រឹងប្រែងរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញគួរតែផ្ដោតលើការធ្វើកំណែទម្រង់សន្តិសុខរបស់លោក ជាជាងការបញ្ចប់រឿងអាស្រូវ។

លោកថ្លែងថា “យកល្អសាលារាជធានីគួរតែចាត់វិធានការបញ្ឈប់ការរំលោភបំពានរបស់សន្តិសុខ ហើយសុំទោសសាធារណជន”។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានយល់ស្របថា ការផ្ដល់ប្រាក់ឧបត្ថម្ភមិនគ្រប់គ្រាន់នោះទេ។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “វាហាក់បង្ហាញថា អាជ្ញាធរគ្រាន់តែព្យាយាមធ្វើឱ្យបញ្ហាដ៏អាម៉ាស់នេះរលាយបាត់ប៉ុណ្ណោះ ដោយមិនចាំបាច់ដោះស្រាយការមិនអើពើរបស់ពួកគេក្នុងការការពារពលរដ្ឋម្នាក់ដែលត្រូវការជំនួយ ឬពន្យល់ថាម៉េចបានជាពួកគេបង្ហាញការមិនគោរពគួរឱ្យតក់ស្លុតបែបនេះចំពោះតម្លៃអាយុជីវិតរបស់អ្នកស្រី គន្ធា និងសិទ្ធិរបស់គាត់។ ឥរិយាបថគ្មានតម្លាភាពបែបនេះមិនផ្ដល់ដំណោះស្រាយសមរម្យសម្រាប់ការរំលោភសិទ្ធិមនុស្សទេ វានឹងមិនជួយស្វែងរកការពិតថាតើមានអ្វីកើតឡើងនៅយប់នោះ ហើយនឹងមិនជួយកែប្រែឥរិយាបថ និងការអនុវត្តរើសអើងដើម្បីធានាថា សោកនាដកម្មបែបនេះមិនកើតឡើងម្ដងទៀតឡើយ”។

ទាក់ទិនថាតើសន្តិសុខមានមូលដ្ឋានច្បាប់សម្រាប់ការដេញចាប់ស្ត្រីរកស៊ីផ្លូវភេទតាំងពីដំបូងឬយ៉ាងណា លោក ប៊ីលី ឈាឡាំង ថាយ (Billy Chia-Lung Tai) ជាអ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស និងច្បាប់ ដែលពីមុនមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ច្បាប់ជាក់លាក់ ភ័ស្តុតាង ឬសូម្បីហេតុផលសម្រាប់ការចាប់ខ្លួនបែបនេះកម្រនឹងមានការលើកឡើងណាស់។

លោកបានលើកឡើងតាមរយៈសារក្នុងបណ្ដាញអុីនធឺណិតថា “ជាញឹកញាប់វាពិតជាគួរឱ្យខកចិត្តណាស់ដែលសមត្ថកិច្ចនៅកម្ពុជាអះអាងថា ខ្លួនមាន ‘សិទ្ធិ’ ធ្វើអ្វីៗ ប៉ុន្តែមិនផ្ដល់ប្រភពនៃ ‘សិទ្ធិ’ និង ‘អំណាច’ នោះទាល់តែសោះ”។

លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌថ្លែងថា កងកម្លាំងរបស់លោកបានឆ្មក់បង្ក្រាបតំបន់ដែលស្ត្រីរកស៊ីផ្លូវភេទធ្វើសកម្មភាព ពីព្រោះពួកគេមានភារកិច្ចរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ លោកបានបន្តថា “យើងធ្វើការឆ្មក់បង្ក្រាបទាំងនេះទៅលើស្ត្រីរកស៊ីផ្លូវភេទយោងទៅតាមច្បាប់រក្សាសណ្ដាប់ធ្នាប់សាធារណៈដែលចែងថា យើងត្រូវធានាថា ទីសាធារណៈមានសោភ័ណភាព”។

លោក ប៊ីលី ឈាឡាំង ថាយ បានមានប្រសាសន៍ថា ការបកស្រាយនេះមានមូលដ្ឋានច្បាប់មិនច្បាស់លាស់នោះទេ។ លោកគូសបញ្ជាក់ថា “ខ្ញុំសុំសួរថា តើពាក្យថា ‘សណ្ដាប់ធ្នាប់សាធារណៈ’ នេះមានន័យយ៉ាងដូចម្ដេចឱ្យប្រាកដ។ វាហាក់ដូចជាឃ្លាទូទៅមួយដែលមិនច្បាស់លាស់ ដោយសារតែពួកគេពិតជាគ្មានអ្វីផ្សេងយកមកនិយាយ”៕ សុខុម

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles