សាលាក្ដី​ខ្មែរក្រហម​សួរ​ដេញដោល​សាក្សី​អំពី​របៀប​វិភាគ​ឆ្អឹង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

ដោយ ឡេង ម៉ាលី
2017-01-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ Photo courtesy of ECCC
សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ Photo courtesy of ECCC


អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ចន្ទ ទី​១០ មករា បាន​ធ្វើ​សវនាការ​សួរ​ដេញដោល​សាក្សី​ជា​អ្នក​ជំនាញ​បញ្ចប់ ទាក់ទង​នឹង​របៀប​វិភាគ​ឆ្អឹង​មនុស្ស​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ជា​ពិសេស​ការ​បែងចែក​ប្រភេទ​ឆ្អឹង។

អ្នក​ជំនាញ​ផ្នែក​វិភាគ និង​ធ្វើ​កោសល្យវិច័យ​ឆ្អឹង​មនុស្ស លោក វឿន វុទ្ធី ត្រូវ​បាន​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន សួរ​ដេញដោល​ច្រើន​អំពី​វិធីសាស្ត្រ​ដែល​លោក​ប្រមូល​បាន​ព័ត៌មាន និង​វិភាគ​ឆ្អឹង​មនុស្ស ត្រូវ​គេ​សម្លាប់​នៅ​វាល​ពិឃាដ​ជើងឯក។

លោក វឿន វុទ្ធី អះអាង​ថា ការ​វិភាគ​របស់​លោក​អាច​បែងចែក​ដឹង​ថា ឆ្អឹង​ណា​ជា​ឆ្អឹង​ចាស់​យូរ​ហើយ ហើយ​ឆ្អឹង​ណា​មួយ​ជា​ឆ្អឹង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ជា​ពិសេស ឆ្អឹង​ដែល​គេ​យក​មក​ពី​កន្លែង​ផ្សេង​មក​ដាក់៖ «ឧទាហរណ៍​ថា ខ្មោច​មួយ​ត្រូវ​គេ​កប់​នៅ​ក្រាំងតាចាន់ ហើយ​គេ​គាស់​យក​មក​ដាក់​នៅ​ជើង​ឯក តើ​យើង​ដឹង​ដោយ​វិធី​ណា? ខ្ញុំ​សូម​ជម្រាប​ថា បើ​សិន​ជា​ខ្មោច​មួយ​កប់​នៅ​ទី​នោះ យើង​អាច​ដឹង​តាម​លក្ខណៈ​ជា​ច្រើន​ផ្នែក។ ខ្ញុំ​លើក​យក​តែ​បី​ទេ។ ទី​មួយ​ភក់​នៅ​ក្នុង​រន្ធ​ឆ្អឹង​នីមួយៗ ស្ពោត​ឆ្អឹង អាច​ចូល​ហើយ វា​មិន​អាច​ចេញ​វិញ​ទេ លុះ​ត្រា​តែ​យើង​លាង​បាន​វា​ចូល​អា​ថ្មី​ទៅ​បាន។ ហ្នឹង​ជា​លក្ខណៈ​មួយ ហើយ​ធាតុ​ចាក់​បង្គរ​នៃ​ដី គឺ​មាន​ភាព​ខុសៗ​គ្នា ជា​ពិសេស នៅ​ជើង​ឯក កាល​ណា​បើ​សិន​ជា​សាកសព​នោះ​ស្លាប់​នៅ​ជើង​ឯក នៅ​ចន្លោះ​ស្ពោត​ឆ្អឹង រន្ធ​តូចៗ នីមួយៗ បំពេញ​ទៅ​ដោយ​ម្សៅ ដេដេតេ (DDT) និង​ភក់​មួយ ដែល​ប្រតិកម្ម​ទៅ​នឹង​ម្សៅ ដេដេតេ។ ទាំង​នេះ​ខ្ញុំ​សុំ​សរុប​មក​វិញ​ថា អ្វី​ដែល​យើង​បាន​វិភាគ យើង​វិភាគ​ទៅ​លើ​អ្វី​ដែល​មាន​ជាប់​នៅ​លើ​ឆ្អឹង​សាកសព»

លោក​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ថា ក្នុង​ចំណោម​ឆ្អឹង​ជនរងគ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​ជាង ១​ម៉ឺន​នាក់ ក្រុម​អ្នក​វិភាគ​បាន​វិភាគ និង​ធ្វើ​កោសល្យវិច័យ​ចំនួន​ជិត ២​ពាន់ (១.៩០៤) ប៉ុណ្ណោះ។ លោក​អះអាង​ថា ឆ្អឹង​សាកសព​នៅ​វាល​ពិឃាដ​ជើង​ឯក ខាង​លោក​ពុំ​បាន​រក​ឃើញ​ឆ្អឹង​ណា​មួយ​ត្រូវ​គេ​បន្លំ​នាំ​ចូល​ពី​តំបន់​ផ្សេង​មក​ទេ។

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង កំពុង​បន្ត​សវនាការ​លើ​សំណុំរឿង​លេខ ០០២ វគ្គ​ទី​២ នៅ​ថ្ងៃ​ទី​១០ មករា ដដែល សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ថា កិច្ច​ស៊ើបសួរ​របស់​តុលាការ​ប្រឆាំង​លោក មាស មុត នៅ​ក្នុង​សំណុំរឿង ០០៣ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ។

លោក មាស មុត អតីត​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។ លោក​ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​បើក​កិច្ច​ដំណើរ​ការ​នីតិវិធី​ស៊ើបសួរ​អស់​រយៈ​ពេល​ជាង ៨​ឆ្នាំ ចាប់​តាំង​ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​ដាក់​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០០៩ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរក្រហម​នោះ។

សហ​ចៅក្រម​អន្តរជាតិ​ដាក់ ​លោក មាស មុត ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន មាន​ជាអាទិ៍ បទ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​មាន​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឱ្យ​ទៅ​ជា​ទាសករ ការ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ពូជ​សាសន៍​អំពើ​អមនុស្សធម៌​នៅ​មន្ទីរ​សន្តិសុខ​កំពង់សោម ក្រចេះ និង​មន្ទីរ​ស-២១ ការ​ប្រព្រឹត្ត​លើ​ជន​ជាតិ​វៀតណាម និង​ថៃ ហើយ​រំលោភ​បំពាន​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ដោយ​ការ​ធ្វើ​បាប​ដក​ហូត​សិទ្ធិ​របស់​ជន​ឈ្លើយ​សឹក។

ក្នុង​សវនាការ​សាលាដំបូង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ អតីត​យុទ្ធជន​ខ្មែរក្រហម​ឈ្មោះ សេង សឿន បាន​ប្រាប់​អង្គ​ជំនុំជម្រះ​ថា លោក មាស មុត ធ្លាប់​ចេញ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស៖ «ខ្ញុំ​បាន​ដឹង​តែ​មួយ​ទេ ពេល​ដែល​ខ្ញុំ​មក​ដល់​ក្រចេះ ខ្ញុំ​បាន​ជួប​ម្នាក់​ដែល​នៅ​ភូមិ​ជា​មួយ​ខ្ញុំ រៀន​ជា​មួយ​គ្នា។ ភូមិ​កំណើត​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់​ហ្នឹង វា​មាន​តួនាទី​សមាជិក​តំបន់​ទទួល​បន្ទុក​ខាង​យោធា។ ពេល​នោះ​ខ្ញុំ​ទៅ​ជួប​បាន​ម្ដង​ហ្នឹង រំលង​បាន​បី​ថ្ងៃ បង មុត ប្រាប់​ខ្ញុំ​ថា អើ​អញ​ធ្វើ​ការ​ឱ្យ​ហើយ អា​អឿង ថា​នៅ​ភូមិ​ជា​មួយ សឿន ឯង​ឬ? ខ្ញុំ​ថា​បាទ! នៅ​ភូមិ​ជា​មួយ​ខ្ញុំ។ អើ​អញ​ដោះស្រាយ​ឱ្យ​ហើយ។ គឺ ម៉ៅ អឿង នៅ​ភូមិ​ជាមួយ​ខ្ញុំ ដែល​ពេល​ហ្នុង មាស មុត គាត់​ផ្ទាល់​ហ្មង គាត់​ថា គាត់​ឱ្យ​នីរសារ​គាត់​បាញ់​សម្លាប់​វា​ចោល ហើយ​គាត់​ប្រាប់​ខ្ញុំ»

លោក មាស មុត ត្រូវ​បាន​តុលាការ​ស៊ើប​អង្កេត រួម​ជា​មួយ​ជន​សង្ស័យ​អតីត​ជា​មេបញ្ជាការ​កងទ័ព​អាកាស​មួយ​រូប​ទៀត ឈ្មោះ ស៊ូ ម៉េត ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥។

សំណុំរឿង​លេខ ០០៣ នៅ​ពេល​នេះ​នៅ​សល់​ជន​សង្ស័យ​តែ​ម្នាក់​គត់ គឺ​លោក មាស មុត។

ការ​ប្រកាស​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ពេល​នេះ ក៏​ជា​ការ​ជូន​ដំណឹង​ថា ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ០០៣ ទាំង​អស់​មាន​រយៈ​ពេល ៣០​ថ្ងៃ ដើម្បី​ស្នើសុំ​ការ​ស៊ើបសួរ​បន្ថែម មុន​នឹង​ចេញ​សេចក្ដី​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់ ឬ​ចេញ​ដីកា​ដំណោះស្រាយ​មួយ ហើយ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles