បក្ស​ប្រឆាំង​ខេត្ត​រតនគិរី​ប្ដឹង​អាជ្ញាធរ​ឲ្យ​លុប​ឈ្មោះ​វៀតណាម​១១​នាក់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ រដ្ឋា វិសាល
2017-01-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សកម្មភាព​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ratha Visal
សកម្មភាព​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Ratha Visal


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឡាមីញ ស្រុក​បរកែវ ខេត្ត​រតនគិរី សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បដិសេធ​សំណើ​នេះ ដោយ​សំអាង​ថា ជនជាតិ​វៀតណាម មាន​លិខិត​សំគាល់​អត្តសញ្ញាណ​ចុះ​ឈ្មោះ​បោះឆ្នោត។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ ខេត្ត​រតនគិរី រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បិទ​ផ្សាយ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី និង​ប្ដឹង​តវ៉ា។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ លោក ឈៀង ប៊ុនថា បញ្ជាក់​នៅ​ថ្ងៃ​​ទី​១០ ខែ​មករា ថា ក្រុមប្រឹក្សា​ឃុំ​ឡាមីញ បើក​សវនាការ​ពាក្យ​ប្ដឹង​តវ៉ា​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ទាក់ទិន​​អត្តសញ្ញាណ​ជនជាតិ​វៀតណាម ទាំង ១១​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​នេះ​បាន​ចេញ​សេចក្ដី​សម្រេច​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់ គ.ជ.ប។

លោក​បន្ត​ថា ជនជាតិ​​វៀតណាម ទាំង ១១​នាក់​នេះ ត្រូវ​បាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា ទើប​ចូល​មក​រស់​​នៅ​ឃុំ​ឡាមីញ ថ្មីៗ ប៉ុន្តែ​ពួកគេ​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត៖ «គាត់​ជា​អាជ្ញាធរ​ដែនដី​គួរ​តែ​ហៅ​អ្នក​ទាំង ១១​នាក់ មក​តទល់​ភ្នាក់ងារ​សង្កេតការណ៍​របស់​យើង​​ទទួល​ស្គាល់​ថា គាត់​នៅ​ភូមិ​ស្រុក​ហ្នឹង​យូរ​ហើយ តែ​ពួក​ហ្នឹង​ទើប​ចំណូល​ថ្មី មាន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ​ភាសា​និយាយ​ជា​របៀប​ជនជាតិ​វៀតណាម»

ពលរដ្ឋ​វៀតណាម ទាំង ១១​នាក់ ដែល​បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន ៨​នាក់ ចុះ​ឈ្មោះ​នៅ​ការិយាល័យ​លេខ ០០៧៤ និង ៣​នាក់​ទៀត​ចុះឈ្មោះ​នៅ​ការិយាល័យ​លេខ ០០៧១ ការិយាល័យ ០០៧៣ និង​ការិយាល័យ ០០៧៦ ក្នុង​ឃុំ​ឡាមីញ។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ឡាមីញ លោក ប៉ែន សុផុន ទទួល​ស្គាល់​ថា លោក​បាន​ចេញ​លិខិត​ទម្រង់ ១២០៣ បដិសេធ​លិខិត​ប្ដឹង​សុំ​លុប​ឈ្មោះ​ពលរដ្ឋ ១១​នាក់ ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ជា​អន្តោប្រវេសន៍​វៀតណាម មែន ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មិន​មាន​លទ្ធភាព​កំណត់​ថា​តើ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ជា​អន្តោប្រវេសន៍ ឬ​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់។

លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្ដឹង​តវ៉ា​ការ​សម្រេច​នេះ​ទៅ គ.ជ.ប ដើម្បី​សម្រេច​លើ​បណ្ដឹង​ទាស់​នេះ​បន្ត​ទៀត៖ «វា​ហួស​តួនាទី​របស់​យើង ព្រោះ​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់ គ.ជ.ប។ មាន​អ៊ីចឹង​ធ្វើ​ម៉េច​​យើង​ហៅ​គេ​មក​កើត ចង់​តវ៉ា​អ្វី​ឲ្យ​ទៅ គ.ជ.ប ទៅ»

ដូច​គ្នា​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ថា ក្រុមប្រឹក្សា​ឃុំ​ឡាមីញ មាន​សិទ្ធិ​សម្រេច​លើ​បណ្ដឹង​តវ៉ា​របស់​តំណាង​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ទាក់ទិន​ការ​លុប​ឈ្មោះ ឬ​កែសម្រួល​អត្តសញ្ញាណ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប។ លោក​ថា នេះ​ជា​គោលការណ៍​ណែនាំ​របស់ គ.ជ.ប ប្រសិន​ជន​ណា​មិន​យល់​ស្រប​ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ទាក់ទិន​ករណី​នេះ​មាន​សិទ្ធិ​ប្ដឹង​ទាស់​ផ្ទាល់​ទៅ គ.ជ.ប ដោយ​មិន​បាច់​ប្ដឹង​មក​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​នោះ​ទេ៖ «ឃុំ​សង្កាត់​គេ​ប្រជុំ​សម្រេច គេ​ចេញ​ទម្រង់ ១២០៣ ហើយ ប្រសិន​សាមី​គណបក្ស​គេ​មិន​ព្រម​គេ​អាច​ប្ដឹង​តទៅ គ.ជ.ប ទៀត»

គ.ជ.ប បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ដំបូង​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ភាគី​ពាក់ព័ន្ធ​​អាច​ប្ដឹង​តវ៉ា​ទៅ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រជុំ​សម្រេច​ការ​តវ៉ា​ណា​មួយ និង​មាន​រយៈពេល ៥​ថ្ងៃ​ទៀត ប្ដឹង​តវ៉ា​ទៅ គ.ជ.ប ចំពោះ​ការ​ជំទាស់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

​លេខា​អង្គការ​ខុមហ្វ្រែល (COMFREL) ខេត្ត​រតនគិរី លោក ជួន ភីនដារ៉ា កត់សំគាល់​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ឡាមីញ ទាក់ទិន​សវនាការ​បណ្ដឹង​សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម របស់​តំណាង​គណបក្ស​​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​មិន​ពេញ​លក្ខណៈ ពីព្រោះ​មិន​បាន​អញ្ជើញ​ភាគី​ដើម​ចោទ និង​ចុង​ចោទ​មក​​បញ្ជាក់​ក្នុង​សវនាការ​មុន​ធ្វើ​ការ​សម្រេច។

លោក​ថា ថ្វី​ត្បិត​ក្រុមប្រឹក្សា​ឃុំ មាន​សិទ្ធិ​សម្រេច​លើ​បណ្ដឹង​តវ៉ា​ណា​មួយ​របស់​អ្នក​ប្ដឹង​តវ៉ា ក៏ប៉ុន្តែ​ការ​សម្របសម្រួល​រក​ភាព​ត្រឹមត្រូវ​រវាង​ភាគី​ដើម​បណ្ដឹង និង​ចុង​ចោទ គឺ​ជា​ភាព​ពេញលេញ​ដែល​អាជ្ញាធរ​គួរ​បំពេញ​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ទម្រង់ ១២០៣៖ «មក​តែ​ម្ខាង ម្ខាង​ទៀត​អត់​មក តើ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ម៉េច​ឲ្យ​ភាគី​ក។ ធម្មតា​យើង​សួរ​ពី ក ទៅ ខ គេ​ឆ្លើយ​យ៉ាង​ម៉េច​វា​អត់​មាន​លក្ខខណ្ឌ​ហ្នឹង​គាត់​សម្រេច​ឲ្យ​ប្ដឹង​ទៅ គ.ជ.ប តែម្ដង»

តាម​ច្បាប់​សញ្ជាតិ​នៃ​ប្រទេស​កម្ពុជា ជនជាតិ​បរទេស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​បាន​លុះ​ត្រា​បាន​ចូល​សញ្ជាតិ​ផ្លូវការ​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រទាន​សញ្ជាតិ​ដល់​ជនបរទេស​នេះ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​ថា ជនអន្តោប្រវេសន៍​ដែល​រស់​នៅ​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​មិន​មាន​សិទ្ធិ​ប្រើប្រាស់​អត្ត​សញ្ញាប័ណ្ណ​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។ លើក​លែង​ជនអន្តោប្រវេសន៍​នោះ​បាន​បំពេញ​លក្ខខណ្ឌ​សុំ​ចូល​សញ្ជាតិ​តាម​ការ​កំណត់​ក្នុង​ច្បាប់​សញ្ជាតិ។ ដូច្នេះ​ប្រសិន​មាន​ករណី​ប្ដឹង​តវ៉ា​នេះ គ.ជ.ប អាច​ស្នើ​សុំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រួត​ពិនិត្យ​​លក្ខណៈ​សម្បត្តិ​ជនបរទេស​ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នេះ៖ «ប្ដឹង​ទៅ​ថ្នាក់​ជាតិ​មាន​តែ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ បញ្ជា​មក​អគ្គស្នងការ ហើយ​អគ្គស្នងការ​បញ្ជា​មក​តាម​បណ្ដា​ស្នងការដ្ឋាន​ដើម្បី​ពិនិត្យ​រឿង​ហ្នឹង។ បើ​គាត់​ជា​ជនបរទេស​ទាស់​តែ​មាន​ព្រះរាជ​ក្រឹត្យ​ប្រទាន​សញ្ជាតិ​ឲ្យ​គាត់​សិន»

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​បរកែវ សម្រេច​ប្ដឹង​ជំទាស់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ឡាមីញ ទៅ គ.ជ.ប ដើម្បី​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ទាំង​នោះ​ចេញ​​ពី​បញ្ជី​បោះឆ្នោត និង​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ករណី​ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ខេត្ត​រតនគិរី​ប្ដឹង​អាជ្ញាធរ​ឲ្យ​លុប​ឈ្មោះ​វៀតណាម​១១​នាក់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត"

  1. Judge says:

    បង្ហាញអោយឃើញថា ក្រុមអ្នកចុះឈ្មោះបោះឆ្នោត នៅឃុំ ឡាមិញ មិនអនុវត្តិ និតិវិធី ចុះឈ្មោះទាំងស្រុង។ ក្នុងករណី ជនអន្តោប្រវេសន៏ ឬអណិកជន ដែលបង្ហាញពីភាពមិនប្រក្រតី ទោះបីមាន អត្តសញ្ញាណប័ណ្ណក្តី ត្រូវបញ្ជាក់ពីការទទួលសញ្ជាតិ។ នេះជាការខ្វះចន្លោះ ដោយខ្ជះខ្ជាយ ឬដោយចេតនា នៃមន្ត្រី គជប ក្នុងឃុំនោះ។ ទាក់ទងនឹងសញ្ជាតិ ក្រសួងមហាផ្ទៃ អាចសំរេចបាន ហើយទាក់ទងនឹង កំហុសមន្ត្រី គជប ការសំរេចពី គជប ត្រូរសំរេចបាន។
    ការស៊ើបអង្កេត គឺលើ ការពិត ធ្វើឡើងដោយ ចេតនា នៃមន្ត្រី គជប ឬ សំណូក????។ សំនៀង