គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់ប្ដូរ​របៀបវារៈ​ក្នុង​ការ​ជួប​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2017-01-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


មក​ទល់​ពេល​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​កំណត់​ពេល​ជួប​ចរចា​គ្នា​នៅ​ឡើយ ទោះបីជា​សន្យា​ថា នឹង​ជួប​គ្នា​ក្រោយ​ពី​ថ្ងៃ​ទី​១១ ខែ​មករា ក្ដី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា នៅ​ពេល​គណបក្ស​ទាំង​ពីរ​កំពុង​រក​ពេល​ជួប​គ្នា បែរ​ជា​លោក សម រង្ស៊ី បាន​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ទៅ​វិញ។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ទម្លាក់​កំហុស​ទៅ​លើ​លោក សម រង្ស៊ី នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​ចង់​ពន្យារ​ពេល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ​ទេ។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​កំណត់​របៀបវារៈ​ចំនួន​ពីរ​សម្រាប់​ត្រៀម​យក​ទៅ​ប្រជុំ​ជាមួយ​តំណាង​ក្រុម​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រដ្ឋ​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ក្រោយ​ពី​ចប់​កិច្ចប្រជុំ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ថា តំណាង​សំឡេង​ភាគ​តិច​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​ក្រុម​សំឡេង​ភាគ​ច្រើន ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង សន្យា​ថា នឹង​ឲ្យ​ដឹង​កាលបរិច្ឆេទ​ជាក់លាក់​ក្រោយ​ពី​ថ្ងៃ​ទី​១១ ខែ​មករា។ តែ​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ដឹង​ដំណឹង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា អំពី​ថ្ងៃ​កំណត់​ជួប​គ្នា​នៅ​ឡើយ។

លោក អេង ឆៃអ៊ាង លើក​ពី​របៀបវារៈ​ចំនួន​ពីរ​នោះ គឺ​ទី​១ និយាយ​ពី​បរិយាកាស​ល្អ​មុន​ថ្ងៃ​បោះឆ្នោត ទី​២ សិទ្ធិ​ពលករ​នៅ​ក្រៅ​ប្រទេស​ជាង ១​លាន​នាក់ ធ្វើ​យ៉ាង​ណា​សម្របសម្រួល​ជូន​ពួកគាត់​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន៖ «នឹក​យក​ប្រធានបទ​ហ្នឹង​ទៅ​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​វិធី​ណា​ឲ្យ​ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ហ្នឹង ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ចូល​រួម​បោះឆ្នោត​ឆ្នាំ​២០១៨»

ការ​ផ្លាស់ប្ដូរ​របៀបវារៈ​នេះ មិន​បាន​និយាយ​ពី​ការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប នោះ​ឡើយ ក្រោយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​មិន​ជជែក​ពី​រឿង​ការ​ដោះលែង​អ្នក​ទាំង​នេះ ហើយ​ថា ទុក​នីតិវិធី​ឲ្យ​តុលាការ​ចាត់​ការ​នោះ។

អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​កំណត់​ពេល​ជួប​គ្នា​រវាង​តំណាង​ក្រុម​ភាគ​ច្រើន និង​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ឡើយ។ លោក​បន្ថែម​ថា មូលហេតុ​មិន​ទាន់​បាន​ជួប​គ្នា​នេះ ដោយសារ​តែ​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាប់​រវល់។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ដែល​មិន​ទាន់​ជួប​ប្រជុំ​រវាង​គណបក្ស​ទាំង​ពីរ​នេះ មិន​មែន​មាន​ន័យ​ថា គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី ដែល​ចោទ​ប្រកាន់​ពី​បញ្ហា​ផ្សេងៗ​មក​លើ​រដ្ឋាភិបាល ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​បក្ស​ទាំង​ពីរ៖ «ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ឥឡូវ​គាត់​ទៅ​ជា​មនុស្ស​មាន​រោគ​ចិត្ត អស់​តួនាទី​ពី​ក្នុង​ដៃ ចេះ​តែ​និយាយ​ទៅ កែ​អផ្សុក ចេះ​តែ​​និយាយ​ទៅ​ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​គាត់»

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​លើក​ពី​មូលហេតុ លោក ស ខេង ជាប់​រវល់ និង​ករណី​ថា លោក សម រង្ស៊ី និយាយ​រិះគន់​ផ្សេងៗ​ទៅ​លើ​គណបក្ស​កាន់​អំណាច​នេះ អាច​ជា​លេស​ច្រើន​ជាង៖ «គណបក្ស​ប្រជាជន​ហ្នឹង​យក​អា​ហ្នឹង​ធ្វើ​ជា​លេស​មួយ​ដើម្បី​ពន្យារ​ពេល​ក្នុង​ការ​ឃុំឃាំង មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​អស់»។

រី​ឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍ និង​សន្តិភាព​វិញ លោក ឆាំ ប៊ុនថេត ពន្យល់​ថា ការ​ជួប​គ្នា​មិន​ជួប​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​រឿង​សំខាន់​នោះ​ទេ សំខាន់​គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​ការ​ដោះលែង​ជា​រឿង​ប្រសើរ​ជាង៖ «រឿង​ដោះ​លែង​មន្ត្រី​សិទ្ធិមនុស្ស មិន​មែន​កើត​ចេញ​ពី​ការ​ចរចា​ទេ កើត​ចេញ​ពី​ការ​ទាមទារ ព្រោះ​ថា ជា​រឿង​អយុត្តិធម៌ ហេតុ​អី​ត្រូវ​ចាប់​ខ្លួន​ពួកគាត់? ពួកគាត់​ធ្វើ​អី​ខុស? គឺ​ត្រូវ​មាន​ការ​ទាមទារ»

​តំណាង​ក្រុម​ភាគ​ច្រើន និង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា បាន​ខកខាន​ជួប​ចរចា​គ្នា​ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ខែ​ធ្នូ ក្រោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​តំណាង​សំឡេង​ភាគ​ច្រើន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ទាំង ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប អាច​នឹង​ត្រូវ​បាន​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ។ កាល​ពី​ដើម​ខែ​មករា នេះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ជា​ថ្មី​ថា នឹង​កំណត់​ពេល​ជួប​គ្នា​នៅ​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា។​

អ្នក​វិភាគ​លើក​ឡើង​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ក្នុង​ការ​ជួប​គ្នា​មែន​នោះ ទោះ​បី​ជា​រវល់​យ៉ាង​ណា គណបក្ស​ទាំង​ពីរ​​នៅ​តែ​អាច​ឆ្លៀត​ពេល​ជួប​គ្នា​បាន គឺ​មិន​ពន្យារ​ពេល​ម្ដង​ជា​ពីរ​ដង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles