បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​មណ្ឌលគិរី​រក​ឃើញ​ជនជាតិ​វៀតណាម​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត

ដោយ រដ្ឋា វិសាល
2017-01-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផែនទី​ខេត្ត​មណ្ឌលគិរី  (Photo: RFA)
ផែនទី​ខេត្ត​មណ្ឌលគិរី (Photo: RFA)


ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី រក​ឃើញ​ជនជាតិ​វៀតណាម ពីរ​ករណី​ដែល​មាន​លិខិត​សំគាល់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​ហើយ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ដែល​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បិទ​ផ្សាយ​ដើម្បី​ឲ្យ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ប្ដឹង​តវ៉ា ប្រសិន​ឃើញ​មាន​​ភាព​មិន​ប្រក្រតី​ណា​មួយ។

ជនជាតិ​វៀតណាម ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ដែល​បិត​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ខេត្ត​មណ្ឌលគិរី ជាង ២០​នាក់ ត្រូវ​បាន​មន្ត្រី​គណបក្ស​​ប្រឆាំង​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​លុប​ឈ្មោះ​ពួកគេ​ចេញ​បញ្ជី​ឈ្មោះ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី លោក សូ កេត បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ថា ជនជាតិ​វៀតណាម ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រចាំ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា រក​ឃើញ​ចំនួន ១៩​នាក់ និង​នៅ​ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា រក​ឃើញ​ចំនួន​ពីរ​នាក់។ លោក​បន្ត​ថា ជនជាតិ​វៀតណាម ទាំង ២១​នាក់​នេះ​សុទ្ធសឹងតែ​មាន​លិខិត​​សំគាល់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៖ «តាម​សេចក្ដី​ណែនាំ​យើង​សោកស្ដាយ​ដែរ ដោយសារ​ក្នុង​ច្បាប់​ថា អត់​ឲ្យ​ជនជាតិ​បរទេស​ចុះ​ឈ្មោះ ឥឡូវ​យើង​រក​ឃើញ​​អ្នក​កាន់​អត្តសញ្ញាណប័ណ្ណ​ជាតិ​ខ្មែរ​ហ្នឹង យើង​ប្ដឹង ហើយ​គាត់​ថា​អត់​លុប ឲ្យ​ប្ដឹង​ដល់​ណា​ដល់​ទៅ»

ការ​រក​ឃើញ​ជនជាតិ​វៀតណាម មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទាំង​ពីរ​ករណី​នេះ មួយ​ករណី​នៅ​ឃុំ​​​ស្រែអំពូម ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ឃុំ​សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម នោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។ ដោយ​ឡែក​នៅ​ឃុំ​ស្រែខ្ទុំ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ដាក់ពាក្យ​ប្ដឹង​នោះ​ទេ។

​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ពេជ្រាដា លោក ផែន សំអុល កត់សំគាល់​ថា ក្រុមប្រឹក្សា​ឃុំ​ស្រែអំពូម បាន​បើក​សវនាការ​សម្រប​សម្រួល​រវាង​ភាគី​ដើម​បណ្ដឹង និង​ចុង​ចោទ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ក៏ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​បាន​សម្រេច​បដិសេធ​បណ្ដឹង​សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ដោយ​សំអាង​ថា​ជនជាតិ​វៀតណាម ទាំង​នោះ​មាន​លិខិត​សំគាល់​សិទ្ធិ​បោះឆ្នោត។ លោក​កត់សំគាល់​ទៀត​ថា ការ​សួរ​ដេញ​ដោល​ផ្ទាល់​មាត់​រវាង​ភាគី​ដើម​ចោទ និង​ចុង​ចោទ​ជនជាតិ​វៀតណាម នេះ មិន​បាន​បញ្ជាក់​ជាក់លាក់​ពី​ហេតុផល​ដែល​នាំ​ឲ្យ​ពួកគេ​ទទួល​បាន​លិខិត​សំគាល់​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នោះ​ទេ ក៏ប៉ុន្តែ​ពួកគេ​បាន​យល់​ព្រម​ឲ្យ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ ក៏ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​មិន​យល់​ព្រម៖ «ម្ចាស់​សាមី​ខ្លួន​ទាំង​ម៉ែ​ទាំង​កូន​ព្រម​ឲ្យ​លុប​កុំ​ឲ្យ​មាន​បញ្ហា ប៉ុន្តែ​ប៉ូលិស និង​មេ​ឃុំ​អត់​ឲ្យ​លុប គេ​ឈរ​លើ​ថា ឃុំ​អត់​សិទ្ធិ​លុប»

អាជ្ញាធរ​ឃុំ​ស្រែអំពូម ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម មួយ​គ្រួសារ​បាន​ផ្លាស់​ទីលំនៅ​ជា​បន្ត​បន្ទាប់​ពី​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់ មក​រស់​នៅ​ភូមិ​ពូ​ក្រូច កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ ពួកគេ​មាន​លិខិត​អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ។

មេ​ឃុំ​ស្រែអំពូម លោក ធុយ ប៊ុនលឿន បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មិន​មាន​សិទ្ធិ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម មួយ​គ្រួសារ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​បាន​ទេ ពីព្រោះ​​ពួកគេ​បាន​បង្ហាញ​លិខិត​សំគាល់​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹមត្រូវ។ លោក​បន្ត​ថា បាន​ចេញ​លិខិត​ទម្រង់ ១២០៣ ដើម្បី​ឲ្យ​ភាគី​ដើម​បណ្ដឹង​ប្រើប្រាស់​សម្រាប់​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ គ.ជ.ប បន្ត​ទៀត៖ «ពិនិត្យ​ឃើញ​ឯកសារ​គាត់​គ្រប់គ្រាន់​ត្រង់​ថា អ្នក​ណា​ចេញ​មេ​ឃុំ​អត់​ដឹង​កាល​ណា​លុប​ឈ្មោះ​គាត់​ទៅ​យើង​ខុស។ វា​វត្តមាន​បី​លើ​បួន សម្រេច​អ៊ីចឹង​យើង​យក​អា​ហ្នឹង​ជា​ផ្លូវការ»។

​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់​ថា នៅ​ក្នុង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ចែង​ថា តម្រូវ​ឲ្យ​អាជ្ញាធរ​ឃុំ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ទៅ​លើ​បុគ្គល​ដែល​បាន​ចុះ​ឈ្មោះ ហើយ​គេ​សង្ស័យ​ថា ជា​ជនបរទេស​មក​នោះ​ទេ។ ប៉ុន្តែ​ពេល​មាន​ពាក្យ​បណ្ដឹង​គួរ​តែ​កោះ​ហៅ​អ្នក​ទាំង​នោះ​មក​បញ្ជាក់​ថា តើ​ជនបរទេស​ទាំង​នោះ​មាន​ប្រើប្រាស់​លិខិត​សំគាល់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់ ឬ​យ៉ាង​ណា​ដើម្បី​ធ្វើ​របាយការណ៍​ក្នុង​ទម្រង់ ១២០៣ ប្រសិន​ភាគី​ដើម​ចោទ​ប្ដឹង​ជំទាស់​ការ​សម្រេច​​របស់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី លោក គឹន ចៀន បញ្ជាក់​ដែរ​ថា ក្រុមប្រឹក្សា​ឃុំ​មាន​សិទ្ធិ​សម្រេច​លើ​បណ្ដឹង​នានា​ក្នុង​អំឡុង​ពេល​បិត​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង។ លោក​ថា ប្រសិន​ភាគី​ណា​មិន​សុខ​ចិត្ត​អាច​ប្ដឹង​ទាស់​ទៅ គ.ជ.ប ដើម្បី​ដោះស្រាយ​បន្ត៖ «ក្រុមប្រឹក្សា​ឃុំ​សម្រេច​បដិសេធ​ពាក្យ​បណ្ដឹង ហើយ​ដោយសារ​គេ​មាន​ឯកសារ​ត្រឹមត្រូវ​របស់​គេ។អ៊ីចឹង​សង្គ្រោះ​ជាតិ គាត់​មិន​សុខចិត្ត​គាត់​យក ១២០២ គាត់​បំពេញ​ទៅ​គាត់​ប្ដឹង​ទៅ គ.ជ.ប»

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន បាន​បញ្ជាក់​ថា ជនអន្តោប្រវេសន៍​ដែល​រស់​នៅ​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ មិន​មាន​សិទ្ធិ​ប្រើប្រាស់​អត្ត​សញ្ញាប័ណ្ណ​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។ លោក​ថា លើក​លែង​ជនអន្តោប្រវេសន៍​នោះ​បាន​បំពេញ​លក្ខខណ្ឌ​សុំ​ចូល​សញ្ជាតិ​តាម​ការ​កំណត់​ក្នុង​ច្បាប់​សញ្ជាតិ។ ដូច្នេះ​ប្រសិន​មាន​ករណី​ប្ដឹង​តវ៉ា​នេះ គ.ជ.ប អាច​ស្នើ​សុំ​មក​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រួត​ពិនិត្យ​​លក្ខណៈ​សម្បត្តិ​ជនបរទេស​ដែល​ប្រើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នេះ៖ «ប្ដឹង​ទៅ​ថ្នាក់​ជាតិ​មាន​តែ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ បញ្ជា​មក​អគ្គស្នងការ ហើយ​អគ្គស្នងការ​បញ្ជា​មក​តាម​បណ្ដា​ស្នងការដ្ឋាន​ដើម្បី​ពិនិត្យ​រឿង​ហ្នឹង។ បើ​គាត់​ជា​ជនបរទេស​ទាល់​តែ​មាន​ព្រះរាជក្រឹត្យ​ប្រទាន​សញ្ជាតិ​ឲ្យ​គាត់​សិន»

គ.ជ.ប បាន​បិត​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ដើម្បី​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ដំបូង នឹង​ប្ដឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប្រសិន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ។ ក្នុង​ករណី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បដិសេធ​ការ​ប្ដឹង​តវ៉ា​ណា​មួយ​ភាគី​ដើម​បណ្ដឹង​អាច​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​នោះ​ទៅ គ.ជ.ប ក្នុង​រយៈពេល ៥​ថ្ងៃ បន្ទាប់​ពី​ក្រុមប្រឹក្សា​ឃុំ​ចេញ​លិខិត​ទម្រង់ ១២០៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles