HRW៖ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​​របស់​រដ្ឋាភិបាល​ជា​ការ​​រារាំង​ជ័យជំនះ​​សម្រាប់​បក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-01-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA



របាយការណ៍​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មករា បង្ហាញ​ថា អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច ដើម្បី​រារាំង និង​ទប់ទល់​មិន​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​អាច​យក​ឈ្នះ​លើ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​​​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​របាយការណ៍​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​ដឹង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​ការ​សម្លាប់​អ្នក​វិភាគ​សង្គម មាន​ការ​កើន​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៦។

ការ​អះអាង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​បញ្ចេញ​របាយការណ៍​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្រាស់​ជាង ៦០០​ទំព័រ សម្រាប់​ប្រទេស​ជាង ៩០ ក្នុង​ពិភពលោក នា​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

អង្គការ​អន្តរជាតិ​មួយ​នេះ​វាយ​តម្លៃ​ថា អំពើ​រំលោភសិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច ដើម្បី​រារាំង និង​ទប់ទល់​មិន​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​អាច​យក​ឈ្នះ​លើ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ឃែននែត រ័ត្ន (Kenneth Roth) មាន​ប្រសាសន៍​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​គំរូ​មិន​ល្អ​សម្រាប់​ប្រទេស​ដទៃ ហើយ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទី​នោះ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ប្រឹងប្រែង​ក្នុង​ការ​វែក​មុខ​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ​នោះ​ឡើយ ក្រៅ​ពី​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជួប សម្លាប់ ឬ អឿត អាង ដែល​ជា​អតីត​យោធា​នោះ។

របាយការណ៍​នេះ​ក៏​បាន​ចងក្រង​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​លើ​ក្រុម​បាតុករ​ដោយ​សន្តិវិធី ការ​បើក​សវនាការ​កាត់​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​ច្រើន​ករណី រួម​នឹង​ជំនួយ​ការ​របស់​លោក​ពីរ​នាក់​ទៀត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត។

លើស​ពី​នេះ តុលាការ​របស់​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កាត់​ទោស​សកម្មជន​ចំនួន ១១​នាក់ និង​តំណាងរាស្ត្រ​របស់​បក្ស​ឆាំង​ចំនួន ២​នាក់​ទៀត គឺ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ទាំង​មាន​អភ័យឯកសិទ្ធិ និង​ការ​ឃុំ​ខ្លួន​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់​ទាំង​អយុត្តិធម៌។

នី ចរិយា និង​មន្ត្រី​អាដហុក ៤រូប ២០១៦ ៨៥៥
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ចាត់​ទុក​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ថា សិ្ថត​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ ខណៈ​ជន​ដៃ​ដល់​ដែល​ជា​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​បាន​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រួច​ទោស ហើយ​អ្នក​ដែល​គ្រាន់​តែ​បញ្ចេញ​មតិ ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យូរ។

ជាង​នេះ​ទៅ​ទៀត សាលាក្ដី​ខ្មែរ​ក្រហម​ក៏​មិន​បាន​បញ្ចប់​សវនាការ ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម គឺ​ នួន ជា និង ខៀវ សំផន និង​ការ​មិន​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម ៤​នាក់​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ​ថា ជា​របាយការណ៍​មិន​ឆ្លុះ​បង្ហាញ​ពី​ការ​ពិត​នៅ​កម្ពុជា ហើយ​ថា កម្ពុជា​ក៏​មិន​អាច​ប្រើ​ច្បាប់​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​មក​អនុវត្ត​បាន​ដែរ៖ «គាត់​និយាយ​តែ​ពី​រឿង​ចាប់​ដាក់​ពន្ធនាគារ តែ​គាត់​មិន​បាន​និយាយ​ជន​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់។ បើ​ពួកគាត់​មិន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ធ្វើ​ម៉េច​តុលាការ​គេ​ចាប់​បាន»

​ប៉ុន្តែ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ហើយ​ថា លោក​ជឿ​ជាក់​ថា សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត៖ «ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​មិន​ចូល​ចិត្ត​អ្នក​ដែល​ធ្វើ​អាក្រក់​នោះ​ទេ។ ដូច​ជា​កន្លង​មក​មាន​មន្ត្រី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅ​ក្រហាយ ដូចជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ការ​ប្រើ​សន្តិសុខ​វ៉ៃ​សកម្មជន​ដីធ្លី និង​វ៉ៃ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ រហូត​ដល់​មាន​ការ​សំលាប់​លោក​បណ្ឌិត កែម ឡី ជាដើម»

ជាង​នេះ​ទៅ​ទៀត អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​បន្ត​គាប​សង្កត់​ក្រុម​សហជីព។ យ៉ាង​ហោច​ណាស់​ក៏​មាន​សកម្មជន​សហជីព ១៣​នាក់ រួម​ទាំង​លោក រ៉ុង ឈុន សមាជិក គ.ប.ជ អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​ប្រធាន​សហភាព​ការងារ ត្រូវ​បាន​ប្រឈម​មុខ​ការ​កាត់​ទោស​ដោយ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​សម្ដែង​ក្តី​បារម្ភ​ថា ការ​គាប​សង្កត់​លើ​លោក រ៉ុង ឈុន គឺ​មាន​គោលបំណង​រារាំង​លោក​មិន​ឲ្យ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles