HRW ៖ រដ្ឋាភិបាល​ព្យាយាម​ឆ្លើយ​ដាក់​​ CNRP ​ក្នុង​ឃាតកម្ម​លើ កែម ឡី​

ខេមបូឌា ដេលី

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅកាត់ HRW បានលើកឡើងក្នុងរបាយការណ៍ទូទាំងពិភពលោកចុងក្រោយបង្អស់របស់ខ្លួនដែលបានចេញកាលពី យប់មិញថា មន្ត្រីរដ្ឋាភិបាលបានប៉ុនប៉ងឆ្លើយដាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។

របាយការណ៍ដែលសង្កត់ធ្ងន់លើកម្ពុជានេះ បានរិះគន់រដ្ឋាភិបាលចំពោះការរំលោភបំពានយ៉ាងច្រើនដែលបានប្រព្រឹត្តក្នុងឆ្នាំកន្លងមក  ក្នុងនោះរួមមានទាំងការដោះស្រាយរបស់ខ្លួនក្នុងករណីឃាតកម្មលើលោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញកាលពីខែកក្កដាផងដែរ។

អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះអះអាងថា  ខ្លួនមានភ័ស្តុតាងបញ្ជាក់ថា មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប៉ុនប៉ងទម្លាក់កំហុសឃាតកម្មដែលមជ្ឈដ្ឋានទូទៅជឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនេះ មកលើថ្នាក់ដឹកនាំគណបក្សប្រឆាំង។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតករណីឃាតកម្មលើអ្នករិះគន់រូបនេះបានស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ហើយត្រូវបានបិទបញ្ចប់កាលពីខែមុន ដែលធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោក កែម ឡី មានកំហឹងយ៉ាងខ្លាំង។

cam-photo-kem-ley_jump-3


របាយការណ៍ដដែលលើកឡើងថា “យោងតាមប្រភពដែលដឹងពីការស៊ើបអង្កេតឃាតកម្មលើលោក កែម ឡី ដោយផ្ទាល់ឱ្យដឹងថា ការចោទប្រកាន់ និងការឃុំខ្លួនខ្មាន់កាំភ្លើងត្រូវបានធ្វើឡើងអមដោយមន្ត្រីប៉ុនប៉ងឆ្លើយដាក់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថាជាអ្នករៀបចំការធ្វើឃាត ខណៈគេចវេះមិនតាមដានតម្រុយដែលអាចបង្ហាញភ័ស្តុតាងបញ្ជាក់ពីការពាក់ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា”។

ប៉ុន្មានថ្ងៃបន្ទាប់ពីឃាតកម្មនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានចុះផ្សាយអត្ថបទដែលបង្ហាញថា គណបក្សសង្គ្រោះជាតិទំនងជាពិរុទ្ធជន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចេញទ្រឹស្ដីស្រដៀងគ្នាដែរ។

អំឡុងសុន្ទរកថាមួយកាលពីខែកក្កដា លោក ហ៊ុន សែន បានចោទសួរថា “តើអ្នកណាជាអ្នកចំណេញ ហើយអ្នកណាជាអ្នកខាតពីសោកនាដកម្មនេះ?”។ លោកបញ្ជាក់ថា រដ្ឋាភិបាលមានការឈឺចាប់ “ខណៈភាគីម្ខាងនិយាយថា ខ្លួនគ្មានសមត្ថភាពផ្ដល់សន្តិសុខជូនប្រជាពលរដ្ឋ ហើយអ្នកផ្សេងទៀតនិយាយថា ឧប្បត្តិហេតុនេះគឺជារឿងនយោបាយ”។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា លោកមិនអាចទម្លាយអត្តសញ្ញាណនៃប្រភពព័ត៌មាននោះឡើយ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា “យើងមានប្រភពរបស់យើង ប៉ុន្តែយើងគ្មានសិទ្ធិទម្លាយប្រភពទាំងនោះទេ។ ប៉ុន្តែមានតែមន្ត្រីដែលមិនដឹងពីការឃោសនារបស់គណបក្សប្រជាជនកម្ពុជាទេ ដែលហា៊ននិយាយដោយទឹកមុខមាំថា គណបក្សប្រឆាំងចំណេញច្រើនជាងលោក ហ៊ុន សែន ពីការស្លាប់របស់លោក កែម ឡី ជាបុគ្គលដែលតែងតែរឹងមាំ និងតែងតែរិះគន់អំពើពុករលួយរបស់ថ្នាក់ដឹកនាំកំពូលៗក្នុងជួររដ្ឋាភិបាលជាសាធារណៈ។ ពួកគេមិនបានជោគជ័យទេនៅក្នុងការឆ្លើយដាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពីព្រោះការអះអាងទាំងនោះពិតជាគួរឱ្យអស់សំណើចដែលមិនសមនឹងឱ្យយកមកពិចារណាផង។ គ្មានអ្នកណាជឿលើអ្វីដែលពួកគេនិយាយទេ ហើយនៅពេលរដ្ឋាភិបាលដឹងថាប្រជាពលរដ្ឋជាច្រើនមានកំហឹងចំពោះឃាតកម្មនយោបាយនេះ ពួកគេក៏សម្រេចថា យកល្អត្រូវបញ្ឈប់ការប្រឌិតអំពីការពាក់ព័ន្ធរបស់គណបក្សប្រឆាំង”។

អង្គការសិទ្ធិមនុស្សមួយនេះបានបញ្ជាក់ថា ខ្លួនមានប្រភពគួរឱ្យជឿទុកចិត្តនៅក្នុងជួររដ្ឋាភិបាល ប៉ុន្តែជាញឹកញាប់ប្រភពទាំងនោះត្រូវបានដកស្រង់ដោយអនាមិក។

នៅក្នុងរបាយការណ៍ទូទាំងពិភពលោកចុងក្រោយរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញមុខនិយាយមុនគេថា ជនសង្ស័យបីនាក់នៅក្នុងហេតុការណ៍ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ គឺជាអង្គរក្សមកពីអង្គភាពកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន។

ក្រោយមក នៅក្នុងតុលាការបញ្ជាក់ថា បុរសឈ្មោះ ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី ពិតជាអង្គរក្សមកពីអង្គភាពកងអង្គរក្សផ្ទាល់របស់នាយករដ្ឋមន្ត្រីប្រាកដមែន។ ពួកគេត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំកាលពីខែឧសភា ប៉ុន្តែភាគច្រើននៃទោសរបស់ពួកគេត្រូវបានព្យួរ ហើយរយៈពេលមិនដល់៦ខែក្រោយផង ពួកគេក៏មានសេរីភាពឡើងវិញ។

មិនតែប៉ុណ្ណោះពីរនាក់ក្នុងចំណោមជនល្មើសទាំងបីខាងលើថែមទាំងទទួលបានការដំឡើងឋានន្តរស័ក្តិនៅក្នុងជួរយោធាទៀតផងក្រោយពីការប្រើអំពើហិង្សានោះ នេះបើយោងតាមព្រះរាជក្រឹត្យមួយដែលបានចេញផ្សាយជាសាធារណៈកាលពីខែមុន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនអាចសន្និដ្ឋានបានទេថាតើអ្នកណាជាអ្នកស្ថិតនៅពីក្រោយឃាតកម្មលើអ្នកវិភាគនយោបាយដែលបានបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឆ្នាំ២០១៥រូបនេះ ហើយលើកឡើងថា  គួរតែទុកឱ្យសាធារណជនជាអ្នកវិនិច្ឆ័យទៅចុះ។

ដោយបញ្ឆិតបញ្ឆៀងដល់ការព្រួយបារម្ភនៅក្នុងជួរគណបក្សសង្គ្រោះជាតិថា លោក កែម ឡី នឹងក្លាយជាគូប្រជែងនយោបាយ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ”គាត់បានបង្កើតគណបក្សមូលដ្ឋាន ហើយបន្ទាប់មកគាត់ក៏ត្រូវគេធ្វើឃាត ដូច្នេះវាស្រេចលើសាធារណជនពិចារណាទៅចុះ។ ខ្ញុំមិនអាចធ្វើការសន្និដ្ឋានណាមួយបានទេ ព្រោះខ្ញុំមិនមែនជាមន្ត្រីអនុវត្តន៍ច្បាប់”។

អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា លោកមិនភ្ញាក់ផ្អើលទេចំពោះរបាយការណ៍ដែលរិះគន់ធ្ងន់ៗនេះ ហើយលោកជឿថា ឥរិយាបថរបស់អង្គការនេះដាក់គណបក្សកាន់អំណាចនឹងមិនកែប្រែឡើយ ដរាបណាលោក ប្រែ៊ដ អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីនៅតែធ្វើការក្នុងស្ថាប័ននេះ។

លោកបន្ថែមទៀតថា ”តាំងពីដំបូងម្លេ៉ះ វាគ្មានអ្វីចម្លែកទេសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជាពិសេសមេរបស់អង្គការនេះ មានកំហឹង ហើយសងសឹកមកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងរដ្ឋាភិបាល។ វាប្រហែលជាការស្អប់ខ្ពើមសួរពូជ។ បើគាត់មិនស្លាប់ គាត់នឹងមិនឈប់និយាយបែបនេះទេ”៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

3 Responses to "HRW ៖ រដ្ឋាភិបាល​ព្យាយាម​ឆ្លើយ​ដាក់​​ CNRP ​ក្នុង​ឃាតកម្ម​លើ កែម ឡី​"

  1. Anonymous says:

    ហេតុផលដែលបុរសខ្លាំងចោទសួរថា អ្នកណាជាអ្នកចំណេញ ហើយអ្នកណាជាអ្នកខាត ពីសោកនាដកម្មលោកបណ្ឌិត កែម ឡី ? ប្រជាជនទូទៅគេអាចយល់បានភ្លាមថា នេះជាចេតនាដែលគេរៀបចំឡើងដើម្បីធ្វើឲ្យលោកបណ្ឌិត កែម ឡី ត្រូវតែស្លាប់ ដើម្បីកុំឲ្យបក្សកាន់អំណាខាតផលប្រយោជន៏នយោបាយ ហើយក៏កុំឲ្យបក្សប្រឆាំងចំណេញផលប្រយោជន៏នយោបាយពីប្រជាប្រិយភាពនៃកាវិភាគនយោបាយសង្គមរបស់លោកបណ្ឌិត កែម ឡី ដែរ។ សំដីចោទសួររបស់បុរសខ្លាំងនេះ មិនមែនជារឿងចៃដន្យទេ គឺជាគម្រោងសេណារីយ៉ូមួយបានកើតភ្លាមៗក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ដូច្នេះប្រជាជនគេអាចវិនិច្ឆ័យបានថា ខាងក្រុមណាជាអ្នករៀបចំផែនការធ្វើឃាតកម្មនេះ។ បើប្រសិនជា ឃាតកម្មនេះមានពាក់ព័ន្ធនឹងមនុស្សបក្សប្រឆាំងមែននោះ ប្រហែលជាគ្មានមេបក្សប្រឆាំង និងសកម្មជនរបស់បក្ស ប្រឆាំងណាម្នាក់ត្រូវបានគេទុកឲ្យនៅបានសុខដល់ថ្ងៃនេះទេ ប្រហែលជាចូលដេកគុកអស់ហើយ។ សារជាតិពិតរបស់ពួកកុម្មុយនីសផ្តាច់ការនិងពួកម៉ាហ្វីយ៉ា គឺវាមិនដែលទទួលស្គាល់ទង្វើខុសឆ្គង ឃោឃៅ ព្រៃផ្សៃ និង ឃាតកម្មដែលពួកវាបានបង្កើតទេ។ ព្រោះតែមូលហេតុយ៉ាងនេះហើយបានជាប្រទេសកម្ពុជាដ៏កំសត់ប្រជាធិប្បតេយ្យរបស់យើងទទួលរងគ្រោះថ្នាក់ពីភាពអយុត្តិធម៏សង្គមស្ទើរគ្រប់ទីកន្លែង មានភាពរញ៉រញៃ គ្មានសណ្តាប់ធ្នាប់ ក៏ដោយសារតែយើងមានមេដឹកនាំសែនអគតិ ចិត្តលំអៀងគ្មានស្គាល់តម្លៃូយុត្តិធម៏សង្គមនែះឯង។ ពិតជាពូកែខាងប្រើល្បិច ស្វាលួចស៊ីបាយរួចយកបាយទៅលាបមាត់ពពែ ឬ ចេះបៀមឈាមព្រួសដាក់គេមែន។ លាក់ប្រជាជនទូទៅម្តេចនឹងកើត។ ការពិតវានៅតែជាការពិត។

  2. people says:

    Cambodia is under control of veitcong dictator and his mafia groups’.This dictator and his mafia groups do everything for their mafia groups and serve master Youn hanoi ‘.Cambodian people living in the communist dictator’s cage ‘ if they wanted to killed or jail anybody is up to them’because they are the mafia and control whole country’.Theses mafia and dictator never obey the law or constitution ‘.We wait and see ‘ if veitcong dictator lose in the election 2018 they will used every dirty trick to killed all the winner ‘ like they did in 1993 and then they did in 1997 to control cambodia ‘.This dictator and mafia groups never care about the nation or people ‘ all they care money,party.family ‘.They turn white to black and turn black to white their brain having dirty mind all the time’ so when they die they go down to hell ‘never born again.GOD bless all cambodian people’

  3. ?? says:

    >>>>>>>> showing me your true color Mr HUN SEN<<<<<<<<<<<<<<<