សកម្មជន​បរិស្ថាន​មិន​ទុក​ចិត្ត​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់

ដោយ សាន សែល
2017-01-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចូល​រួម​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA
ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ចូល​រួម​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA


រដ្ឋាភិបាល​សិង្ហបុរី ថ្លែង​ថា ករណី​ខុស​ឆ្គង​ណា​មួយ​នៃ​ការ​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​របស់​ក្រុមហ៊ុន​នាំ​ចូល ហើយ​រដ្ឋាភិបាល​សិង្ហបុរី នឹង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិនបើ​មាន​ការ​រក​ស៊ី​មិន​ត្រឹមត្រូវ។ ក៏​ប៉ុន្តែ​សកម្មជន​បរិស្ថាន ហៅ​ការ​បកស្រាយ​នេះ​ថា ជា​ការ​កុហក មិន​អាច​ទទួល​យក​បាន ហើយ​សង្ស័យ​ថា រដ្ឋាភិបាល​សិង្ហបុរី និង​កម្ពុជា កំពុង​ត្រូវរ៉ូវ​គ្នា ព្យាយាម​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​ហៅ​ការ​ឆ្លើយ​របស់​មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី ទាក់ទិន​នឹង​រឿង​អាស្រូវ​ជួញដូរ​ខ្សាច់​កម្ពុជា ថា​ជា​ការ​ភូត​កុហក​សុទ្ធសាធ។ លោក​សង្ស័យ​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា របស់​ប្រធានាធិបតី​សិង្ហបុរី កាល​ពី​ពេល​ថ្មី​នេះ មាន​ការ​ចរចា​រឿង​អាជីវកម្ម​ខ្សាច់​នេះ។

ប្រធាន​ផ្នែក​ទំនាក់ទំនង​សាជីវកម្ម​នៃ​ក្រសួង​អភិវឌ្ឍន៍​ជាតិ​របស់​ប្រទេស​សិង្ហបុរី លោក (Gene Ng) ថ្លែង​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) តាម​អ៊ីម៉ែល កាល​ពី​ថ្ងៃ​ទី​១៦ មករា ថា ករណី​ខុសឆ្គង​ណា​មួយ​នៃ​ការ​នាំ​ខ្សាច់​ចូល​ពី​កម្ពុជា គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ចំពោះ​ឥរិយាបថ​ជា​បង្ក​ជា​រឿង​ក្តី​ព្រហ្មទណ្ឌ​របស់​ក្រុមហ៊ុន​អ្នក​ម៉ៅការ​ទិញ​ខ្សាច់​ពី​កម្ពុជា មិន​មែន​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​សិង្ហបុរី នោះ​ទេ។

ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី រូប​នេះ បញ្ជាក់​ថា ការ​នាំ​ចូល​ធនធាន​ខ្សាច់​ពី​ប្រទេស​កម្ពុជា គឺ​ធ្វើ​ឡើង​លើ​មូលដ្ឋាន​ពាណិជ្ជកម្ម។

សកម្មជន​បរិស្ថាន​ដែល​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​កម្ពុជា លោក អាឡិក រីករាយ​ចំពោះ​ការ​ចេញ​បកស្រាយ​របស់​ភាគី​សិង្ហបុរី​នេះ ក៏ប៉ុន្តែ​លោក​ថា ការ​បក​ស្រាយ​នេះ រដ្ឋាភិបាល​សិង្ហបុរី កំពុង​បោកប្រាស់ ដែល​មិន​អាច​ទទួល​យក​បាន៖ «រដ្ឋាភិបាល​សិង្ហបុរី ចុះ​កិច្ចព្រមព្រៀង​ទិញ​ខ្សាច់​ពី​កម្ពុជា បើ​ទោះ​ជា​មិន​បាន​មក​ទិញ​ខ្សាច់​ដោយ​ផ្ទាល់​ក៏ដោយ»

​ការ​ចេញ​បកស្រាយ​ពី​ភាគី​សិង្ហបុរី​នេះ បន្ទាប់​ពី​បាន​នៅ​ស្ងៀមស្ងាត់ ក្រោយ​ពេល​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហបុរី ស្ដីពី​ពាណិជ្ជកម្ម​ខ្សាច់​រវាង​ប្រទេស​ទាំង​ពីរ រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥។ តួលេខ​របស់​សិង្ហបុរី ឲ្យ​ដឹង​ថា សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ចំនួន​ជាង ៧៣​លាន​តោន ក៏​ប៉ុន្តែ​តួលេខ​របស់​កម្ពុជា បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​សិង្ហបុរី ជិត ៣​លាន​តោន​ប៉ុណ្ណោះ។ ភាព​ខុស​គ្នា​នៃ​តួលេខ​នេះ គូស​បញ្ជាក់​ថា កម្ពុជា​បាត់​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​រយៈពេល ៨​ឆ្នាំ​កន្លង​មក។

លោក អាឡិក យល់​ថា ការ​បកស្រាយ​របស់​ភាគី​សិង្ហបុរី គឺ​ឆ្លើយ​បន្ទរ​តាម​រដ្ឋាភិបាល​កម្ពុជា ដែល​លោក​គិត​ថា រដ្ឋាភិបាល​សិង្ហបុរី អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេនយាំ (Tony Tan Keng Yam) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​វិស័យ​អប់រំ និង​សុខាភិបាល។ ក្នុង​របៀបវារៈ​ផ្លូវ​ការ សិង្ហបុរី មិន​បាន​ជជែក​រឿង​អាជីវកម្ម​ខ្សាច់​ជាមួយ​កម្ពុជា នោះ​ទេ។ ទោះបីជា​យ៉ាង​ណា លោក តូនី ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​សិង្ហបុរី បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​ថា រដ្ឋាភិបាល​កម្ពុជា ចូល​ចិត្ត​សិង្ហបុរី ហើយ​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​សិង្ហបុរី មក​វិនិយោគ​នៅ​កម្ពុជា បន្ថែម​ទៀត ពិសេស​កម្ពុជា រង់ចាំ​ជួយ​ជ្រោមជ្រែង​តាមតែ​អាច​ធ្វើ​ទៅ​បាន។

​ទាក់ទង​នឹង​ការ​បកស្រាយ​រឿង​អាជីវកម្ម​ខ្សាច់​វិញ មន្ត្រី​រដ្ឋាភិបាល​សិង្ហបុរី ព្រមាន​ថា រដ្ឋាភិបាល​សិង្ហបុរី នឹង​មិន​អត់​អោន​ដល់​ការ​រក​ស៊ី​ណា​មួយ​ដែល​រំលោភ​ច្បាប់ ឬ​បទប្បញ្ញត្តិ ឬ​ប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​ម្ចាស់​ធនធាន​ទេ ហើយ​ថា ប្រសិនបើ​មាន​ភស្តុតាង​ណា​មួយ​ដែល​ក្រុមហ៊ុន​សិង្ហបុរី មិន​បាន​រក​ស៊ី​ដោយ​ត្រឹមត្រូវ រដ្ឋាភិបាល​សិង្ហបុរី នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

យ៉ាង​ណា​ក៏ដោយ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិក បញ្ជាក់​ថា ការ​បកស្រាយ​នេះ ធ្លាប់​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ប្រាំ​ឆ្នាំ​មុន​ម្ដង​រួច​ហើយ។ លោក​អះអាង​ថា ខ្សាច់​កម្ពុជា ដែល​សិង្ហបុរី នាំ​ចូល​នោះ គឺ​ជា​ខ្សាច់​គេច​ពន្ធ និង​ជា​ខ្សាច់​នោះ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​ជីវិត​រស់​នៅ​របស់​ប្រជាជន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ធ្ងន់ធ្ងរ៖ «យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដូចជា​ទិន្នន័យ​របស់ UN (អង្គការ​សហប្រជាជាតិ) ឯកសារ​ស្រាវជ្រាវ​របស់​អង្គការ​ធំៗ។ យើង​ស្នើ​ឲ្យ​សិង្ហបុរី ឈប់​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា»

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ លោក ស៊ុយ សែម កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ប្រកាស​ផ្អាក​ក្រុមហ៊ុន​ចំនួន​៣ នៅ​ខេត្ត​កោះកុង ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ និង​ផ្អាក​ការ​នាំ​​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស។

កាល​ពី​ពេល​ថ្មីៗ​នេះ សង្គម​ស៊ីវិល​គ្រោង​ដាក់ពាក្យ​ប្ដឹង​ទៅ​រដ្ឋាភិបាល​សិង្ហបុរី ស្ដីពី​ការ​នាំ​ចូល​ខ្សាច់​មិន​ស្អាតស្អំ​ពី​កម្ពុជា។

លោក អាឡិក ឲ្យ​ដឹង​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មេធាវី​សិង្ហបុរី ពី​លទ្ធភាព​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​សិង្ហបុរី។ លោក​បញ្ជាក់​ថា ប្រសិនបើ​តុលាការ​សិង្ហបុរី មិន​ទទួល​យក​ពាក្យ​បណ្ដឹង​នេះ​ទេ លោក​នឹង​ប្តឹង​ទៅ​តុលាការ​ប្រទេស​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សកម្មជន​បរិស្ថាន​មិន​ទុក​ចិត្ត​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់"

  1. sokhon says:

    គ្រប់គ្នាតែងនិយាថាសិង្ហបុរីមិនសូវពុករលូយតែពេលនេះនិយាយថារដ្ធាភិបាលសិង្ហបុរីត្រូវជាមួយរដ្ធាភិបាលកម្ពុជា។តើកម្ពុជាសូកលុយប៉ុន្មាន?

  2. people says:

    It big money’ 700 million dollars can’t hide ‘Cambodia is the corrupted country’so the other countries can bribe easy because the dictator love $$$ and his mafia groups love $$$ too’ so singaporean people who do business and bribe cambodia can lie to the world but they can’t lie themself.Remember” KARMA ” GOD never let bad people living in the heaven’ they will be punished ‘.GOD bless all cambodian people’