គ.ជ.ប. កាត់បន្ថយ​​​សវនាការ​​​សាធារណៈ​​​ទៅ​​​ជា​​​សវនាការ​​​សង្ខេប​​​ជុំវិញបណ្តឹង​​​

ខេមបូឌា ដេលី

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា ខ្លួននឹងកាត់បន្ថយសវនាការសាធារណៈទៅជាសវនាការសង្ខេបវិញដោយសារសវនាការទាំងនេះចំណាយពេលច្រើនពេកហើយបានបដិសេធមិនធ្វើការសើុបអង្កេតល្អិតល្អន់អំពីឯកសារបញ្ជាក់សញ្ជាតិមិនត្រឹមត្រូវ ពីព្រោះការសើុបអង្កេតនេះមានការលំបាកហើយស្ថិតនៅក្រៅយុត្តាធិការរបស់ខ្លួន។

ជំហររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះបានធ្វើឲ្យគណបក្សសង្គ្រោះជាតិមានកំហឹងដែលខ្លួនបានដាក់ពាក្យបណ្តឹងយ៉ាងច្រើនដោយអះអាងថា អ្នកចុះឈ្មោះបោះឆ្នោតរាប់រយនាក់គឺជាជនបរទេសដែលមិនមានលិខិតបញ្ជាក់សញ្ជាតិពេញលេញ ហេតុដូច្នេះហើយគ្មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខឡើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “ពួកគេត្រូវតែធ្វើរឿងនេះ” ដោយលោកលើកឡើងថា វាជាភារកិច្ចរបស់ស្ថាប័ននេះដើម្បីធានាថា អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់គឺស្របច្បាប់។ត្រូវព្យាយាមធ្វើវាបន្ថែមទៀត។

cam-photo-nec-sovannara1


គ.ជ.ប.បានលើកឡើងថា ខ្លួនមានទិន្នន័យជាអត្តសញ្ញាណប័ណ្ណប្រភេទទី៣ដែលត្រូវបានចេញជាផ្នែកមួយនៃការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធឌីជីថល ពីក្រសួងមហាផ្ទៃដែលអាចប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។

លោក មាន សុធី សមាជិកគ.ជ.ប.បានមានប្រសាសន៍ថា ប៉ុន្តែ អត្តសញ្ញាណប័ណ្ណប្រភេទទី១ និងទី២ “មានការលំបាក” ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងបានមានប្រសាសន៍ថា គណៈកម្មាធិការនេះ គ្មានអំណាចក្នុងការសើុបអង្កេតបន្ថែមអំពីសុពលភាពនៃសញ្ជាតិឡើយ។

លោកបានមានប្រសាសន៍៍ថា តាមច្បាប់បោះឆ្នោត “គ្មានចំណុចណាដែលលើកឡើងថា គ.ជ.ប. ត្រូវធ្វើដូច្នេះឡើយ”។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថរបស់គណៈកម្មាធិការនេះ ជាពិសេសការលើកឡើងថា អាជ្ញាធរប្រហែលជាបានចេញអត្តសញ្ញាណប័ណ្ណឲ្យអ្នកដែលមិនមានសិទ្ធិបោះឆ្នោត។

លោកបានថ្លែងថា “យើងនៅតែពិភាក្សាអំពីអត្តសញ្ញាណប័ណ្ណដដែល។ នៅក្នុងប្រទេសកម្ពុជានៅតែមានបញ្ហាបែបនេះដដែលជាមួយអាជ្ញាធរ។ ខ្ញុំសូមអំពាវនាវឲ្យធ្វើអ្វីៗបន្ថែមទៀត។ សូមឲ្យពួកគេមានការទទួលខុសត្រូវបន្ថែមទៀត”។

បន្ទាប់ពីការពិភាក្សារយៈពេល៣ថ្ងៃរហូតដល់យប់ជ្រៅពាក់ព័ន្ធអ្នកចុះឈ្មោះបោះឆ្នោតមិនស្របតាមច្បាប់មក គ.ជ.ប.បានលើកឡើងថា ខ្លួនក៏នឹងកាត់បន្ថយសវនាការសាធារណៈមកវ០សវនាការសង្ខេបវិញផងដែរ ដោយគ្រាន់តែហៅប្រជាពលរដ្ឋមកផ្តល់សក្ខីកម្មក្នុងករណីណាដែលខុសពីធម្មតាតែប៉ុណ្ណោះ។

អ្នកចុះឈ្មោះបោះឆ្នោតរាប់រយនាក់ត្រូវបានអញ្ជើញឲ្យមកកាន់ទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការនេះដែលស្ថិតក្នុងរាជធានីភ្នំពេញពីថ្ងៃច័ន្ទដល់ថ្ងៃពុធជុំវិញបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលថា ពួកគាត់ខ្វះឯកសារត្រឹមត្រូវ ឬនិយាយខ្មែរមិនច្បាស់ និងទំនងជាជនជាតិវៀតណាម។

ពួកគាត់បានផ្តល់សក្ខីកម្មម្នាក់ម្តងៗអំឡុងសវនាការនាពេលព្រឹក ហើយបន្ទាប់ពីការពិភាក្សាសម្ងាត់ដោយគណៈកម្មាធិការនេះមក ការចុះឈ្មោះរបស់អ្នកបោះឆ្នោតគ្រប់រូបទីបំផុតត្រូវបានតម្កល់ទុកថាមានសុពលភាព។

លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងគ.ជ.ប.បានមានប្រសាសន៍កាលពីម្សិលមិញថា ពាក្យបណ្តឹងដែលប្តឹងអ្នកចុះឈ្មោះបោះឆ្នោត៧៥៩នាក់ត្រូវបានច្រានចោលរហូតមកដល់ថ្ងៃពុធ។

លោក សុភារិទ្ធ បានមានប្រសាសន៍ថា គណៈកម្មាធិការនេះមានពេលរហូតដល់ថ្ងៃសុក្រសប្តាហ៍ក្រោយដើម្បីដោះស្រាយករណីទាំងអស់ ហើយសវនាការសាធារណៈនេះ ចំណាយពេលច្រើនណាស់។

លោកបានថ្លែងថា “មានបណ្តឹងនៅសល់ច្រើនណាស់ ដូច្នេះហើយ គ.ជ.ប.ត្រូវស្វែងរកយន្តការដើម្បីធានាថា បណ្តឹងទាំងអស់ត្រូវបានដោះស្រាយទាន់ពេលវេលា”៕ សារុន ( រាយការណ៍បន្ថែម Michael Dickison)

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles