ពលរដ្ឋ​ថា​ឈ្មួញ​បន្ត​ដាក់​តាំង​លក់​សត្វ​ព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​ជា​សាធារណៈ

ដោយ ម៉ែន សុធីរ
2017-01-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សត្វ​ស្វា​ព្រៃ​ដែល​អ្នក​ភូមិ​ក្នុង​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាញ់​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr
សត្វ​ស្វា​ព្រៃ​ដែល​អ្នក​ភូមិ​ក្នុង​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាញ់​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr


ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ជា​ថ្មី​ទៀត ដល់​រដ្ឋាភិបាល​ឲ្យ​លប់​បំបាត់​ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ដ្បិត​ឈ្មួញ​នៅតែ​បន្ត​ដាក់​លក់​ជា​សាធារណៈ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង បើទោះបីជា មន្ត្រី​ជំនាញ​ធ្លាប់​បាន​បង្ក្រាប​ច្រើន​សា​ក្ដី។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​បណ្ដោយ​ឲ្យ​ឈ្មួញ​លក់​សត្វព្រៃ និង​ការអនុវត្ត​ច្បាប់​ធូររលុង គឺជា ការ​រួម​ចំណែក​បំផ្លាញ​សត្វព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​ជួញ​ដូរ​សត្វព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​កំពុង​បើក​ទូលាយ​ជា​សាធារណៈ និង​លក់​ជាប្រចាំ​ថ្ងៃ ដូចជា​សត្វ​ឈ្លូស ប្រើស ត្រកូត និង ជ្រូកព្រៃ​ជាដើម ពុំ​ឃើញ​មាន​ស្ថាប័ន​ណា បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក(ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៩ មករា​ថា ឈ្មួញ​មុខ​ដដែលៗ​បាន​លក់​សត្វព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​ចំនួន ៤ ទៅ ៥ ទីតាំង​ច្រើន​ឆ្នាំ​មក​ហើយ កម្រ​ឃើញ​សមត្ថកិច្ច​ឃាត់​ជនល្មើស​ឲ្យ​ទទួលខុសត្រូវ​ទណ្ឌកម្ម​ច្បាប់​ឡើយ គឺ​ឃើញ​តែ​រឹបអូស​សត្វព្រៃ និង​វត្ថុ​តាង​ដុត​បំផ្លាញ​ចោល​។

ក្រៅពី​នេះ​នៅ​ភោជនីយដ្ឋាន​មួយ​ចំនួន នៅ​ខែត្រ​ស្ទឹងត្រែង ក៏​មាន​ដាក់​លក់​សត្វព្រៃ​ដែរ។ លោក​រិះគន់ អាជ្ញាធរ​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​លប់​បំបាត់​ការ​ជួញដូរ​សត្វព្រៃ​នោះ​ទេ បែរជា​បណ្ដោយ​ឲ្យ​ករណី​នេះ​កើតឡើង​ដដែលៗ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​៖ «គ្រាន់តែ​ធ្វើ​លំៗ​កន្ទេល​ធំ​ប្រ​ឡំ​ដេក​ដែរ​ហ្នឹង រហូតដល់​ពេលខ្លះ​ទាល់តែ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដូចជា​ក្រសួង​ចុះ​មក​ធ្វើការ​បង្ក្រាប​អីចឹង​ទៅ ប៉ុន្តែ​ដោយឡែក​ជំនាញ​នៅ​ក្នុង​ខែត្រ​នេះ​ដូចជា មិន​​បាន​ធ្វើ​អី​ទេ​ទាំង​បទល្មើស​សត្វព្រៃ ទាំង​បទល្មើស​ព្រៃឈើ​ទាំង​បរិស្ថាន​អី​យើង​ឃើញ​ថា ដូចជា​មិន​មាន​ចំណាត់​ការ​អី​ឲ្យ​ធំដុំ»

កាលពី​ចុង​ឆ្នាំ ២០១៦ មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​អាវុធហត្ថ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង​រឹបអូស​បាន​សាច់​សត្វ​ព្រៃ​រាប់​រយ​គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួន​ជនល្មើស​បាន ៣​នាក់ និង​ត្រូវ​បាន​ដោះលែង​វិញ។ សត្វព្រៃ​ដែល​អាជ្ញាធរ​ជំនាញ​បង្ក្រាប​នោះ​មាន​ដូចជា​ឈ្លូស​ប្រើស ស្វា​អណ្ដើក​ជ្រូកព្រៃ ត្រកួត​និង​រញី​ជាដើម។ ក្រោយពី​ការ​បង្ក្រាប​បាន ៤​ថ្ងៃ​មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​នៅតែ​ប្រទះឃើញ​ឈ្មួញ​ដាក់​លក់​សត្វព្រៃ​ដដែល។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បានទេ​នៅ​ថ្ងៃ​ទី ១៩ មករា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Birth Life international) លោក ប៊ូ វីរសក្ស សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​ការ​ចរាចរ​លក់​សត្វព្រៃ​នៅតែ​កើតមាន​គគ្រឹក​គគ្រេង។

បញ្ហា​នេះ​អង្គការ​លោក​កំពុង​ជួយ​ដល់​មន្ទីរ​បរិស្ថាន ក្នុង​កិច្ច​ការងារ​គ្រប់គ្រង​អនុវត្ត​ច្បាប់ គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាងលិច នៅ​គ្រា​ដែល​បទល្មើស​បរបាញ់​ដោយ​កាំភ្លើង​ច្នៃ និង​ការ​ដាក់​អន្ទាក់​កើន​ឡើង។

លោក​ថា ការប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​ការ​ដាក់​អន្ទាក់​គឺជា​មូលហេតុ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ចាប់​សត្វព្រៃ​ធ្វើ​អាជីវកម្ម ហេតុនេះ​លោក​ចង់​ឃើញ អាជ្ញាធរ​ជំនាញ​ទទួលខុសត្រូវ​ក្នុង​ការ​បង្ក្រាប និង​គ្រប់គ្រង​អាវុធ​កែច្នៃ​គ្រប់​ប្រភេទ​៖ «ជា​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​ដែរ​គាត់​នៅ​ជិត​ទីផ្សារ​ជាងគេ​ហ្នឹង ទាំង​រដ្ឋបាល​ព្រៃឈើ​ទាំង​មន្ទីរ​បរិស្ថាន​ខែត្រ សួ​ម​ជួយ​ផង​ក្នុង​ការ​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ហ្នឹង»

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ទទូច​ឲ្យ​រដ្ឋាភិបាល​លប់​បំបាត់​ការប្រើប្រាស់​កាំភ្លើង​ច្នៃ​គ្រប់​ប្រភេទ នៅ​គ្រា​ដែល​អ្នកភូមិ​មួយ​ចំនួន​នៅ​ជនបទ​ភាគច្រើន​ប្រើប្រាស់​ដើម្បី​បាញ់​សត្វព្រៃ។ លោក​ចាត់​ទុក​កាំភ្លើង​ទាំងនេះ ជា​ប្រភព​វិនាសកម្ម​សត្វព្រៃ និង ប៉ះពាល់​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​ផង​៖ «បើ​ថា​កាំភ្លើង​ខ្យល់​ហ្នឹង​ឃើញ ៥​បាន ៥ បើ​ឃើញ​១០​គឺ​បាន​ទាំង ១០ គិត​ទៅ​វា​ចង់​ខ្លាំង​ជាង​កាំភ្លើង​មែនទែន​ផង​។ បើ​កាំភ្លើង​មែនទែន​បាញ់​ទៅ​អាច​ឮ​ដល់​ប៉ូលិស​គេ​ទៅ​ដក​យក​ទៅ​ខាន​ទៅ។ បើ​កាំភ្លើង​ខ្យល់​ឆ្ងាយ​ពី​គ្នា ប្រហែល​២០​ទៅ ៣០​ម៉ែត្រ​ក៏​អត់​ដឹង​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា សត្វព្រៃ​ដែល​ឈ្មួញ​ដាក់​លក់ ទំនងជា​ត្រូវ​បាន​ចរាចរ​ពី តំបន់​ព្រៃ​ការងារ​សៀម​ប៉ាង​ខាងលិច តំបន់​ព្រៃ​ឡង់ ស្រុក​ថាឡាបរិវ៉ាត់ តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុងស្រុក​សៀម​ប៉ាង និង​តំបន់​ព្រៃស្រោង​មួយ​ចំនួន​ទៀត​នៃ​ស្រុក​សេសា​ន និង​ស្រុក​សៀម​បូក ខែត្រ​ស្ទឹងត្រែង។

ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​៤៩ ចែងថា ហាមឃាត់​ដាច់ខាត​រាល់​សកម្មភាព​បរបាញ់ យាយី​បំផ្លាញ​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការនាំចេញ​នាំចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles