ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​ គ.ជ.ប

ដោយ សុ ជីវី
2017-01-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប បាន​ជាប់​ក្នុង​ឃុំ​រយៈពេល​ជិត ៩​ខែ​ហើយ។ ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ និង​បំពាន​គោលការណ៍​ច្បាប់​ស្ដីពី​ការ​ឃុំ​ខ្លួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប ដែល​ពួក​គេ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​នោះ ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៥ ចេញ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា បាន​លើក​ឡើង​ពី​សេចក្ដី​សម្រេច​របស់​ក្រុម​ការងារ​នៃ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត ដែល​ទទួល​ស្គាល់​ថា ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ..ប គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បំពាន​លើ​សិទ្ធិ​សេរីភាព​ខាង​សមាគម។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន មាន​ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាដើម។ អ្នកស្រី​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​នោះ ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា ពុំ​ត្រឹមត្រូវ និង​ជា​ការ​រំលោភ​សិទ្ធិ​ពួក​គាត់។

អ្នកស្រី​បន្ត​ថា សំណុំ​រឿង​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់ ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប៉ុន្តែ​នៅ​ពេល​នេះ លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​ការ​លើកលែង​ទោស ដូច្នេះ​អ្នក​ទាំង ៥​នាក់ គួរ​តែ​ត្រូវ​បាន​ដោះលែង៖ «មើល​ទៅ​បាន​រំលោភ​លើ​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ តួយ៉ាង​សិទ្ធិ​ដែល​សន្មត​ថា​គ្មាន​ទោស ដរាប​ណា​តុលាការ​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ។ ហ្នឹង​គឺ​បាន​រំលោភ​តែ​ម្តង ព្រោះ​ថា​ទី​១ នៅ​ពេល​ដែល​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ឬ​ក្នុង​ករណី​ដែល​មាន​វិមតិ​សង្ស័យ ប្រយោជន៍​គួរ​តែ​បាន​ទៅ​លើ​ជន​ដែល​ត្រូវ​បាន​ចោទ​នោះ។ យើង​មើល​ទៅ​ដល់​ពេល​បច្ចុប្បន្ន​នេះ តុលាការ​មិន​ទាន់​បាន​រក​ឃើញ​មាន​ភស្តុតាង​គ្រប់គ្រាន់​ណា​មួយ ក្នុង​ការ​ដាក់​បន្ទុក​ពួក​គាត់។ អ៊ីចឹង​ពួក​គាត់​គួរ​តែ​ត្រូវ​បាន​ដោះលែង»

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ញើ​សេចក្ដី​សម្រេច​នោះ​ទៅ​ក្រសួង​យុត្តិធម៌ ភ្លាមៗ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ការ​ឆ្លើយតប​ជា​ផ្លូវ​ការ​នៅ​ឡើយ។

អាស៊ីសេរី ក៏​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​នៅ​ឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មករា។

ក្នុង​សំណុំ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ថា តុលាការ​អនុវត្ត​សំណុំ​រឿង​នីមួយៗ គឺ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ឯកភាព​របស់​ខ្លួន​ពេញលេញ៖ «ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​ហ្នឹង គឺ​គាត់​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ និង​ព្រហ្មទណ្ឌ​ពិសេស​ដទៃ​ទៀត»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី រួម​នឹង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ត្រូវ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​ពួក​គេ​ត្រូវ​ឃាត់​ខ្លួន​សាកសួរ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី។

សេចក្ដី​ថ្លែងការណ៍​រួម​ដដែល​បញ្ជាក់​ទៀត​ថា អ្នក​សង្កេតការណ៍​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ផង មាន​មន្ទិល​លើ​យុត្តាធិការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​សាកសួរ​លើ​អ្នក​ទាំង​ ៥​នាក់។

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា នីតិវិធី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន អនុវត្ត​ដោយ​រំលោភ​បំពាន​លើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​មួយ​ចំនួន និង​រិះគន់​ទៅ​លើ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់ ដោយ​ពុំ​ផ្ដល់​សំអាង​ហេតុផល​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ក្រៅ​ពី​ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​មើល​ឃើញ​ថា ករណី​អ្នក​ទាំង ៥​នាក់ ត្រូវ​បាន​អ្នក​នយោបាយ​ប្រើប្រាស់​ជា​កូន​អុក​ក្នុង​ការ​ចរចា​បែប​នយោបាយ​ក្នុង​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles