សហគមន៍​ស្រុក​មេមត់​ថា​ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម

ដោយ សូត សុខប្រាថ្នា
2017-01-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

១០-មករា-២០១៦៖ ចម្ការ​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ទួល​គ្រោះ ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ដី​របស់​ក្រុមហ៊ុន ម៉ែន សារុន ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ដាំ​អំពៅ។ រូបថត​សហគមន៍
១០-មករា-២០១៦៖ ចម្ការ​របស់​ជនជាតិ​វៀតណាម នៅ​ចំណុច​ទួល​គ្រោះ ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ដី​របស់​ក្រុមហ៊ុន ម៉ែន សារុន ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ដាំ​អំពៅ។ រូបថត​សហគមន៍


ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ចំពោះ​សកម្មភាព​ជួល​ដី​ថ្មីៗ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម។ ពួក​គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន ម៉ែន សារុន បាន​ជួល​ដី​មួយ​ចំនួន​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម បន្ថែម​ទៀត ដែល​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជ​រដ្ឋាភិបាល​ដែល​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ ឬ​ក្រុមហ៊ុន​ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​ទៀត​នោះ។ តំណាង​ក្រុមហ៊ុន ម៉ែន សារុន អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ឡើយ។

បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ និង​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត ថា​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ ឬ​ក្រុមហ៊ុន​ជួល​ដី​ក្បែរ​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​យ៉ាង​ណា​ក៏ដោយ ក៏​សកម្មភាព​នោះ​នៅ​តែ​កើត​មាន។ ជាក់ស្តែង ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ អះអាង​ថា ក្រុមហ៊ុន ម៉ែន សារុន បន្ត​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម សម្រាប់​វិនិយោគ​ដាំ​អំពៅ​ជា​ហូរហែ។ ក្នុង​ចម្ការ​ខ្លះ​គេ​ទើប​នឹង​ដាំ​អំពៅ​ថ្មីៗ ខ្លះ​ទៀត​ដុះ​លូតលាស់ ហើយ​ខ្លះ​ទៀត​អាច​ទទួល​ផល ជាដើម។

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ លោក កាង ឈាង មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ឃើញ​ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ចូល​មក​ដាំ​អំពៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន ម៉ែន សារុន បន្ថែម​ទៀត។ លោក​មិន​បាន​ដឹង​ថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​ទៅ​ជនជាតិ​វៀតណាម មាន​ចំនួន​ប៉ុន្មាន​ហិកតារ​នោះ​ទេ ប៉ុន្តែ​លោក​ដឹង​ថា មាន​មេការ​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ តេវ បាន​ជួល​ដី​ពី​តំណាង​ក្រុមហ៊ុន ឈ្មោះ វាសនា ក្នុង​តម្លៃ​មួយ​ហិកតារ​ពី ១​លាន​រៀល​ឡើង​ទៅ​ក្នុង​មួយ​ឆ្នាំ។

លោក​ថា ឈ្មោះ តេវ បាន​យក​ដី​ដែល​ជួល​ពី​ក្រុមហ៊ុន ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម បន្ត​ទៀត ហើយ​ថ្មីៗ​នេះ​ឃើញ​មាន​ពលរដ្ឋ​វៀតណាម ជាច្រើន​ក្រុម បាន​ចូល​ទៅ​មើល​ទីតាំង​ដី​ក្នុង​ក្រុមហ៊ុន ដើម្បី​ដាំ​អំពៅ​បន្ថែម​ទៀត៖ «សម្ដី​មាស​របស់​សម្ដេច​ប៉ុណ្ណឹង​គេ​មិន​ស្តាប់​ផង ចុះ​ទម្រាំ​ពលរដ្ឋ​ធម្មតា។ អ៊ីចឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​អនាគត​ទៅ ខ្លាច​តំបន់​ហ្នឹង​មិន​មែន​ក្រុមហ៊ុន​ជួល​ឲ្យ​វៀតណាម យូរៗ​ទៅ​ក្លាយ​ជា​របស់​វៀតណាម តែ​ម្តង​ក៏​ថា​បាន»

កាល​ពី​ថ្ងៃ​ទី​១៦ មករា ប្រជា​សហគមន៍​ឃុំ​ជាំក្រវៀន និង​ឃុំ​ទន្លូង បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ម៉ែន សារុន ទៅ​តុលាការ ជុំវិញ​ករណី​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​មិន​អាច​ឆ្លង​កាត់​ទៅ​កាន់​ដី​ចម្ការ​របស់​ខ្លួន​បាន។ ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា ថ្មីៗ​នេះ​មេការ​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បាន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ជាច្រើន​ហិកតារ។ ក្នុង​ពាក្យ​បណ្ដឹង​អះអាង​ថា តំណាង​ក្រុមហ៊ុន​បាន​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម ពី ៣ ទៅ ៤​ឡូត៍ ដោយ​ក្នុង​មួយ​ឡូត៍ៗ​មាន​ផ្ទៃដី​ពី ២០ ទៅ ២៥​ហិកតារ។ ករណី​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សារាចរ​របស់​រាជ​រដ្ឋាភិបាល ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ណែនាំ​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​បន្ត​ជួល​ដី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​ឡើយ។

ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ មករា ថា ខាង​ក្រុមហ៊ុន​មិន​បាន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ដូច​ការ​លើក​ឡើង​ទេ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គ្រាន់​តែ​សហការ​ជាមួយ​អ្នក​ជំនាញ​ជនជាតិ​វៀតណាម ក្នុង​ការ​ដាំ​អំពៅ ហើយ​បាន​ផល គឺ​លក់​ឲ្យ​វៀតណាម ប៉ុណ្ណោះ៖ «ស្នា! តាម​ពិត​ដី​យើង​ហ្នឹង​ដាំ​អំពៅ​ទេ​ខាង​យើង ទទួល​លក់​អំពៅ​នៅ​ពេល​បាន​ផល។ យើង​លក់ មិន​មែន​យើង​ជួល​ទេ»

បើ​ទោះ​បី​ជា​មាន​ការ​ច្រាន​ចោល​បែប​នេះ​ក្តី ប៉ុន្តែ​ប្រជា​សហគមន៍​យល់​ថា នេះ​គ្រាន់​តែ​ជា​ការ​ដោះសា​ប៉ុណ្ណោះ។

ចម្ការ​អំពៅ​វៀតណាម ក្រុមហ៊ុន ម៉ែន សារុន ៨៥៥
ចម្ការ​អំពៅ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ដី​ដែល​បាន​ជួល​​ពី​ក្រុមហ៊ុន ម៉ែន សារុន នៅ​ក្នុង​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៦។ RFA/Saut Sokprathna


អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ មករា ថា កាល​ពី​សប្ដាហ៍​មុន ក្រុម​ការងារ​ខេត្ត និង​ក្រុម​ការងារ​អន្តរ​ក្រសួង បាន​ចុះ​ពិនិត្យ​បញ្ហា​នេះ​ដល់​ទីតាំង​ក្រុមហ៊ុន ម៉ែន សារុន ប៉ុន្តែ​រក​មិន​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម ទេ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ជួល​ដី​ក្បែរ​ព្រំដែន​ទៅ​ឲ្យ​ជន​បរទេស អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៖ «យើង​ចុះ​ពិនិត្យ​មើល​លើ​ការងារ​ហ្នឹង គឺ​អត់​បាន​ស្រាវជ្រាវ​រក​ករណី​ហ្នឹង គឺ​អត់​មាន​ជួល​ឲ្យ​ក្រុមហ៊ុន​វៀតណាម ទេ​ដី​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន ឲ្យ​បញ្ឈប់​ការ​ជួល​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ ក៏ប៉ុន្តែ​ក្នុង​សារាចរ​បញ្ជាក់​ថា ប្រសិន​បើ​ដី​ជួល​ទាំងនោះ​មិន​ទាន់​បញ្ចប់​កិច្ចសន្យា​ដែល​មាន​ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ គឺ​ពួក​គេ​អាច​បន្ត​រហូត​ផុត​កំណត់​បាន។ ជាង​នេះ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ផ្ញើ​លិខិត​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោយ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រជាពលរដ្ឋ​ខ្លួន​ក្នុង​ការ​ជួល​ដី​ខ្មែរ​បន្ត​ទៀត។

បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦ ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ក្រើន​រំឭក​អំពី​បម្រាម​ជួល​ដី​ទៅ​ឲ្យ​បរទេស រួម​មាន​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ថា “ហាម​ដាច់ខាត​ចំពោះ​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម”។

ទោះ​បី​ជា​មាន​សារាចរ និង​បម្រាម​ចេញ​ដោយ​ប្រមុខ​ដឹកនាំ​ម្តង​ហើយ​ម្តង​ទៀត​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការ​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ ពីព្រោះ​មិន​បាន​យក​សារាចរ​ទាំងនោះ​ទៅ​អនុវត្ត​ទេ​មក​ដល់​ពេល​បច្ចុប្បន្ន។ រីឯ​សកម្មភាព​ជួល​ដី​បន្ត​កើត​មាន​ទាំង​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​ក្រុមហ៊ុន​មិន​ស្រប​ច្បាប់៖ «ហើយ​ខ្ញុំ​មើល​ទៅ មិន​មែន​ថា​រដ្ឋាភិបាល​មិន​ដឹង មិន​មែន​អាជ្ញាធរ​ស្រុក មិន​មែន​មេ​ឃុំ​មិន​ដឹង​ទេ។ ដឹង​ទាំងអស់ ប៉ុន្តែ​នេះ​គេ​ហៅ​ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​បញ្ឈប់ បើ​មាន​ឆន្ទៈ​រឿង​អី​ថា​បញ្ឈប់​មិន​បាន»

លោក នាង សុវ៉ាត មើល​ឃើញ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​យក​ច្បាប់​មក​អនុវត្ត គួបផ្សំ​នឹង​ឆន្ទៈ​ពិត​ប្រាកដ​របស់​រាជ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា បើ​រាជ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ទេ បើ​ទោះ​បី​ជា​ច្បាប់ ឬ​សារាចរ​ណែនាំ​នោះ​ល្អ​ប៉ុណ្ណោះ​ក៏ដោយ ក៏​គ្មាន​ប្រយោជន៍ ប៉ុន្តែ​បើ​មាន​ប្រយោជន៍ គឺ​សម្រាប់​ពលរដ្ឋ​តូចតាច ឬ​ពលរដ្ឋ​ទន់​ខ្សោយ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សហគមន៍​ស្រុក​មេមត់​ថា​ក្រុមហ៊ុន ម៉ែន សារុន នៅ​តែ​បន្ត​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម"

  1. PHKA says:

    អស់លោកធំ យក”ច្បាប់’មកជាន់ក្រោមជើង ហើយយក”ដូល្លារ”មកដាក់លើក្បាល។

  2. PHKA says:

    អស់លោកធំ យក”ច្បាប់’មកជាន់ក្រោមជើង ហើយយក”ដូល្លារ”មកដាក់លើក្បាល