ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៤០​ទាមទារ​សំណង

ដោយ ហ៊ុំ ចំរើន
2017-01-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រជាពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ប្រជាពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​ក្នុង​ចំណោម​ជាង ៥០​គ្រួសារ ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មករា បន្ត​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់។

នេះ​ជា​លើក​ទី​៤០ ហើយ​ដែល​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​នោះ។

តំណាង​អ្នក​តវ៉ា​ម្នាក់ លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មករា ថា ការ​តវ៉ា​លើក​នេះ​ក៏​មិន​ខុស​ពី​ពេល​មុនៗ​ដែរ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​មក​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​នោះ​ឡើយ។ លោក​អះអាង​ថា ពួក​គាត់​ប្រមាណ ៥០​គ្រួសារ​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត គឺ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គាត់​បាន​ទេ នៅ​ពេល​ដែល​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​រួច​រាល់​នៅ​ថ្ងៃ​ខាង​មុខ​នោះ។

លោក​បន្ថែម​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​សង់​លំនៅឋាន​ថ្មី​នោះ​ឡើយ៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់។ បើ​អាជ្ញាធរ​មិន​ដោះស្រាយ គឺ​ជា​មន្ត្រី​ទីងមោង​ហើយ។ ដូច្នោះ​ខ្ញុំ​តវ៉ា​ថ្ងៃ​នេះ​ដាក់​រូប​ទីងមោង ដោយសារ​អាជ្ញាធរ​ធ្វើ​មិន​ដឹង​ឮ និង​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ មករា ប៉ុន្តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​ទាំងអស់​នោះ​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ក្រុម​អ្នក​តវ៉ា​រស់នៅ​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់។ លោក​បន្ថែម​ថា អាជ្ញាធរ​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ នឹង​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​កាន់​តែ​ខ្លាំង​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ទៅ​វិញ​ទេ។

លោក​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នោះ៖ «ព្រោះ​ដោយសារ​តែ​ក្នុង​ដៃ​របស់​អាជ្ញាធរ​មាន​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដោះ និង​មិន​ត្រូវ​ដោះ​រួច​ជាស្រេច​ហើយ។ អាជ្ញាធរ​ហៅ​ពួក​គាត់​មក​បង្ហាញ​ឲ្យ​ច្បាស់​ទៅ នឹង​មិន​មាន​បញ្ហា​អី​ទេ​ទៀត ក៏ប៉ុន្តែ​យើង​កំពុង​តែ​ឆ្ងល់​ថា អាជ្ញាធរ​បាន​ដឹង​អស់​ហើយ ហេតុ​អី​បាន​ជា​មិន​ព្រម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ

ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ទៅ​តាម​តម្លៃ​ដី​ទីផ្សារ ឬ​ទៅ​តាម​ភាព​ជាក់ស្ដែង​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន។

កាល​ពី​ដើម​ខែ​មករា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ម្ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​កាលណោះ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា អ្នក​តវ៉ា​ទាំងនោះ​ក៏​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា។

ប្រជាពលរដ្ឋ​បាន​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មករា ថ្ងៃ​ដដែល បន្ទាប់​ពី​ពួក​គាត់​ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ប្រមាណ ១​ម៉ោង​កន្លះ​ពុំ​មាន​ដំណោះស្រាយ។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles