មេបក្ស​ប្រឆាំង​ចុះ​មូលដ្ឋាន​​ទៀត​ហើយ​ ​ដោយ​ប្រាប់​សកម្មជន​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ

លោក កឹម សុខា ថ្លែង​ទៅ​កាន់​សកម្មជន​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

លោក កឹម សុខា ថ្លែង​ទៅ​កាន់​សកម្មជន​ពី​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​ខក​ចិត្ត​នឹង​មេដឹកនាំ​គណបក្ស​ប្រជាជន​ដែល​បាន​ព្រមព្រៀង​​ចរចា​តែ​ភ្លាមៗ​បាន​ច្រាន​ចោល​វិញ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​បង្វែរ​​ទៅ​ជួប​ជាមួយ​​​អ្នក​គាំទ្រ​ និង​សមាជិក​របស់​ខ្លួន​នៅ​ថ្នាក់​មូលដ្ឋាន​​វិញ​ដោយ​ប្រាប់​ពួកគេ​ឲ្យ​រៀបចំ​​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្តូរ​​វិជ្ជមាន​​នៅ​ក្នុង​ការ​បោះឆ្នោត​​ជា​បន្ត​បន្ទាប់​នាពេល​ខាង​មុខ​។

អ្នក​វិភាគ​យល់​ថា​ការ​មិន​ជួប​ចរចា​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ វា​នឹង​មិន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បាត់បង់​ប្រជាប្រិយភាព​នោះ​ទេ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ទៅ​វិញ​ទេ​ដែល​នឹង​បាត់បង់​ប្រជាប្រិយភាព​នោះ​។

ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​ខក​ចិត្ត​​នឹង​មេដឹកនាំ​គណបក្ស​ប្រជាជន​លុប​ចោល​​ការ​​ជួប​​ចរចា​​​ដើម្បី​​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ កាលពី​ម្សិលមិញ​ បាន​ចាប់ផ្តើម​​​ជា​លើក​ទី​មួយ​​​​ចុះ​ទៅ​ខេត្ត​​ ព្រះសីហនុ​ និង​ខេត្ត​កោះកុង​ ដើម្បី​ជួប​ជាមួយ​​​សកម្មជន​​ និង​សមាជិក​​​ដោយ​​ប្រាប់​ពួកគេ​ឲ្យ​​​ទទួល​យក​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​មួយ​ទៅ​តាម​​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ បន្ទាប់ពី​​លោក​ត្រូវ​បាន​លើកលែង​ទោស​ដោយ​​ព្រះមហាក្សត្រ​​នរោត្តម សីហមុនី។

លោក កឹម សុខា ​បាន​ថ្លែង​​ខណៈ​ជួប​ជាមួយ​​​សមាជិក​​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​៖ «​​ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ពួកគេ​​មិន​ត្រូវ​ការ​ជួប​ចរចា​ជាមួយ​យើង​ យើង​ត្រូវ​ទៅ​​ជជែក​ជាមួយ​​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​»។​

លោក កឹម សុខា បាន​ប្រាប់​សមាជិក​នៅ​ខេត្ត​ព្រះសីហនុ​​​​ថា​៖ «​​តាម​ការ​វាស់​ស្ទង់​មតិ​ទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បំផុត​​ចង់​ឲ្យ​មាន​ការ​​ផ្លាស់ប្តូរ​​វិជ្ជមាន​។ ដូច្នេះ​យើង​ជា​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ត្រៀម​ទទួល​យក​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បំផុត​​សង្ឃឹម​លើ​ [គណបក្ស​​សង្គ្រោះ​ជាតិ​]»។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ម្សិលមិញ​លោក​ សូ សុវ៉ាត ប្រធាន​ប្រតិបត្តិ​​​​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​​ខេត្ត​ព្រះសីហនុ​​​ថ្លែង​ថា​លោក កឹម សុខា បាន​​ជួប​មេដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ​​​គ្រប់​ស្រុក​ ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​​​ និង​​​មេដឹកនាំ​ខេត្ត​ហើយ​បាន​លើក​ពីរ​ចំណុច​​ប្រាប់​​មេដឹកនាំ​គណបក្ស​​នៅ​ថ្នាក់​មូលដ្ឋាន​។

លោក​ សូ សុវ៉ាត ​ថ្លែង​ថា​៖ «​​អ្នក​ដទៃៗ​ចង់​ដឹង​តែ​ពីរ​ចំណុច [​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​យើង​] ​ទី​មួយ​ថា​តើ [​មេដឹកនាំ​ទាំង​ពីរ] ​​បែកបាក់​គ្នា​ឬ​អត់​? ​ទី​ពីរ​នៅ​ពេល​ [គណបក្ស​សង្គ្រោះ​ជាតិ​] ​ឈ្នះ​ [គណបក្ស​ប្រជាជន​​] ​ប្រគល់​អំណាច​ឲ្យ​ [គណបក្ស​សង្គ្រោះ​ជាតិ​​] ឬ​អត់​? ​ដូចនេះ​ឆ្លើយ​ឲ្យ​ខ្លី​ [យើង​] ​​មិន​បែកបាក់​ហើយ​ជា​ធម្មតា​​នៅ​ពេល​ [យើង​] ​ឈ្នះ​បញ្ហា​ដែល​ [គណបក្ស​ប្រជាជន​កម្ពុជា​] មិន​ប្រគល់​អំណាច​គឺ​គ្មាន​»។

លោក​បន្ថែម​ថា​លោក កឹម សុខា និយាយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​ចាស់ទុំ​ហើយ​គណបក្ស​​សង្គ្រោះ​​ជាតិ​ដឹង​កន្លែង​ត្រូវ​ទៅ​ដូច្នេះ​វា​មិន​ចាំបាច់​នរណា​​ម្នាក់​ចង្អុល​ផ្លូវ​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​​នោះ​ទេ​​។ ​ចំពោះ​ការ​ចរចា​នយោបាយ​លោក សូ សុវ៉ាត​ ​បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​​​ដោយ​ថ្លែង​ថា​​វា​ជា​សេចក្តី​សម្រេច​របស់​មេដឹកនាំ​ ប៉ុន្តែ​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ទស្សនៈ​បុគ្គល​​របស់​លោក​ថា​វា​មិន​ចាំបាច់​​​ចរចា​​ទេ​សំខាន់​មេដឹកនាំ​ត្រូវ​​​ចុះ​ទៅ​ជួប​​​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​​គឺ​ប្រសើរ​ជាង​។

«​[ការ​ចរចា​] ​គឺ​មិន​សំខាន់​។ ​សំខាន់​បំផុត​ការ​ជឿ​ពី​​ពលរដ្ឋ​​​ផ្តល់​ទៅ​ [គណបក្ស​សង្គ្រោះ​ជាតិ​]»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក ឈឹម ផលវរុន ​បាន​បដិសេធ​​​ធ្វើ​អត្ថាធិប្បាយ​​​​ និង​ជំរុញ​ឲ្យ​​អ្នក​យក​ព័ត៌មាន​​ទៅ​សួរ​​​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ជា​ជន​បរទេស​​សិន​ពី​មុន​ពេល​សម្ភាស​លោក​ដោយ​ថ្លែង​ថា​ភ្នំពេញ​ប៉ុស្តិ៍​មិន​សហការ​ជាមួយ​លោក​​នៅពេល​លោក​សុំ​ឲ្យ​​កែតម្រូវ​​​កាលពី​មួយ​ឆ្នាំ​មុន​។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ​ថ្លែង​ថា​បើ​ទោះបី​ជា​ការ​ជជែក​នយោបាយ​រវាង​គណបក្ស​ប្រជាជន​ ​​និង​គណបក្ស​សង្គ្រោះ​​ជាតិ​មិន​អាច​ទៅ​មុខ​បាន​ក៏ដោយ ក៏​​​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​បាត់បង់​ប្រជាប្រិយ​​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​​គឺជា​​អ្នក​បាត់បង់​​ប្រជាប្រិយ​។

លោក​ សុខ ថ្លែង​ថា​៖ «​​ជា​ការពិត​វា​ចាំបាច់​ណាស់​សម្រាប់​ [​គណបក្ស​សង្គ្រោះ​ជាតិ] ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​​ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​​ឲ្យ​យល់​អំពី​​ព័ត៌មាន​ផ្សេងៗ​ដែល​កើតឡើង​​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​អាច​​ជជែក​ចរចា​​។ ​បញ្ហា​ដែល​មិន​អាច​ជជែក​ដោះស្រាយ​គឺ​ការ​ទទួល​ខុស​ត្រូវ​​របស់​រដ្ឋាភិបាល​គណបក្ស​ប្រឆាំង​​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ទេ​»។

គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ព្រមព្រៀង​​​ជួប​​ជជែក​ស្វែងរក​ដំណោះ​ស្រាយ​​​នយោបាយ​​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​ មករា​ នេះ​ ប៉ុន្តែ​​ គណបក្ស​​ប្រជាជន​​បាន​ប្រកាស​​​ផ្អាក​ប៉ុន្មាន​ម៉ោង​​ បន្ទាប់ពី​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​គំរាម​​​ពី​ប្រទេស​ស្វ៊ីស​លុបចោល​​​តំណែង​​របស់​លោក​ កឹម សុខា ពី​​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​សំឡេង​ភាគតិច​ដែល​មាន​ឋានៈ​ស្មើ​​​នាយក​រដ្ឋមន្រ្តី​ក្នុង​ការ​ជជែក​​នយោបាយ​​ប្រសិន​បើ​​​ការ​ជជែក​នយោបាយ​​មិន​អាច​ទៅ​មុខ​ដោយសារ​ពាក់ព័ន្ធ​​​នឹង​សំណើ​​របស់​គណបក្ស​​សង្គ្រោះជាតិ​ដែល​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​រួម​មាន​មន្រ្តី​សិទ្ធិ​មនុស្ស​ ៥ ​​រូប​​ និង​មន្រ្តី​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ និង​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ជាង​ ១០ ​នាក់​ផ្សេង​ទៀត​៕ PS

What Next?

Recent Articles