អ្នកវិភាគថាកម្ពុជាអាច​ជួបវិបត្តិធ្ងន់ធ្ងរ ក្រោយពីបក្សកាន់អំណាចបោះបង់ជំនួបជាមួយបក្សប្រឆំាង

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ | ម៉ោង 4:30 PM
http://vodhotnews.com

នយោបាយ

លោក កឹម សុខា និងលោក ហ៊ុន សែន ​កាល​ពី​ពេល​កន្លង​ទៅ​ (FreshNews)


អ្នកវិភាគលើកឡើងថា ការសម្រេចរបស់ថ្នាក់ដឹកនាំបក្សកាន់អំណាចបោះបង់ជំនួប ដើម្បីដោះស្រាយបញ្ហាជាតិជាមួយបក្សប្រឆាំង អាច​ធ្វើឲ្យប្រទេសកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរនិងខូចមុខមាត់រដ្ឋាភិបាល​។

តាមគម្រោង លោក ស ខេង ថ្នាក់ដឹកនាំតំណាងរាស្ត្រមតិភាគច្រើននៃគណបក្សប្រជាជន និងលោក កឹម សុខា ថ្នាក់ដឹកនាំតំណាងរាស្ត្រមតិភាគតិច​នៃបក្សប្រឆាំង​ ថានឹងជួបគ្នា​នៅថ្ងៃទី​២៥ មករា ខាងមុខ ប៉ុន្តែគម្រោងនោះត្រូវបានលុបចោលវិញ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារគំរាមពីក្រៅប្រទេសកាលពីថ្ងៃទី១៦។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ថ្នាក់​ដឹកនាំគណបក្សកាន់អំណាចដែលសម្រេច​មិនជួបជាមួយថ្នាក់ដឹកនាំបក្សប្រឆំាងអាចធ្វើឲ្យកម្ពុជាមានកំដៅនយោបាយឡើងវិញ និងនាំឲ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ខណៈបក្សប្រឆំាងប្តូរយុទ្ធសាស្ត្រចុះជួបសំណេះសំណាលពលរដ្ឋនៅតាមមូលដ្ឋាន៖ «បើសិនជា​បក្សទំាងពីរបិទកញ្ចប់ការចរចា ខ្ញុំគិតថាកំដៅនយោបាយអាចនឹងបន្តកើតមានតទៀត ការចោទប្រកាន់នានាសំណុំរឿងចាស់មួយចំនួនដែលពាក់ព័ន្ធក្រុមថ្នាក់ដឹកនាំ​បក្ស​ប្រឆំាង​ អា​ចនឹងត្រូវ​សើរើឡើងវិញ ហើយអាចបន្តមានការចោទប្រកាន់​ ហើយចំណែកនៅតាមមូលដ្ឋាន អាចនឹងមានការរំខានវេទិកាជាដើម ពេលនោះប្រទេសជាតិនឹងធ្លាក់ទៅដល់មហន្តរាយដ៏ធ្ងន់ធ្ងរ»។

កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានចាប់ផ្តើម​ដឹកនាំក្រុមការងាររបស់បក្សចុះទៅខេត្តព្រះសីហនុនិងខេត្តកោះកុងជាលើកដំបូង ដើម្បីជួបសំណេះ​សំណាល​​ជាមួយប្រជាពលរដ្ឋ សកម្មជន និងសមាជិកបក្ស បន្ទាប់ពីលោកត្រូវបានព្រះមហាក្សត្រព្រះរាជ​​ទានលើកលែងទោសនាពេលថ្មីៗនេះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី វិភាគថា មូលហេតុដែលបក្សកាន់អំណាចមិនចង់ជួបជជែកពីបញ្ហាប្រទេសជាតិជាមួយបក្សប្រឆំាង ដោយសារបក្សកាន់អំណាចគិតថាជំនួបនោះ មិនបានផលចំណេញដល់បក្សរបស់ខ្លួន។ ករណីនេះ លោកហៅការប្តូរចិត្តរបស់ថ្នាក់ដឹកនាំបក្សកាន់អំណាចថា ប្រើប្រាស់នយោបាយក្រឡេកក្រឡុច ដោយថាអាចធ្វើឲ្យរដ្ឋាភិបាលខូចមុខមាត់៖ «រឿងដែលយើងមើលឃើញកន្លងមកនេះ វាចូលទៅដល់បរិបទមួយ មហាជនខ្លះបាននិយាយថា វាចូលដល់នយោបាយក្រឡេកក្រឡុច នៅតែក្រឡេកក្រឡុច ម្តងថាចេះ ម្តងធ្វើចុះ ហើយរឿងអស់​ហ្នឹងក៏មិនមែន នឹកឃើញម្តងហើយ ក៏ឃើញធ្វើច្រើនលើកច្រើនសារហើយ បើវាខូចគឺខូចប្រជាប្រិយភាព ខូចកិត្តិយសរបស់រដ្ឋាភិបាល នៅពេលយើង(រដ្ឋាភិបាល)ដឹកនាំន​យោបាយមួយច្រឡំបុល​​»។

យ៉ាងណាក៏ដោយលោក មាស នី ថា គណបក្ស​ប្រឆំាងកុំចំាតែយកវប្បធម៌សន្ទនាដោះស្រាយបញ្ហាប្រទេស​ជាតិ។ លោកថាដំណាក់កាលនេះ ថ្នាក់ដឹកនាំ​បក្សប្រឆំាងគួរតែយកពេលវេលាចុះជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋឲ្យបានច្រើននិងចុះពង្រឹងសកម្មជនមូលដ្ឋាន​ប្រសើរជាង ខណៈការបោះឆ្នោតឃុំសង្កាត់នឹងមក​ដល់នៅឆ្នាំ២០១៧ខាង​មុខ​នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់អ្នកវិភាគនោះទេ ប៉ុន្តែលោកថា ករណីថ្នាក់ដឹកនាំគណបក្សកាន់អំណាចលុបចោលគម្រោងជួបជាមួយថ្នាក់ដឹកនាំបក្សប្រឆំាង ដោយសារបក្សនេះទាមទារលក្ខខណ្ឌច្រើន មុននឹងជួបគ្នាដោះស្រាយបញ្ហាប្រទេសជាតិ៖ «អត់មានប៉ះពាល់អីទេ ក្មួយឯងកុំនិយាយថាខ្លាចប៉ះពាល់ ប៉ុន្តែវាប៉ះពាល់ត្រង់កន្លែងថា លែងមានការរំខានពីគណបក្សប្រឆំាងតទៅទៀត គណបក្សប្រជាជនចង់ណាស់ការចចារជួបគ្នា ដោះស្រាយបញ្ហាជាតិ និងប្រជាជន ប៉ុន្តែគាត់វាច្រើនតែ ពេលដែលជួប ថាយើងយកចិត្តគាត់ គាត់ដាក់លក្ខខណ្ឌមកវិញ ត្រង់ហ្នឹងដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រធានគណបក្សប្រជាជនមិនចូលចិត្តអ្នកឯងដាក់គំនៀប យកដាក់លក្ខខណ្ឌមុននឹងជួបអី អត់ទេ»។

គួររំលឹកផងដែរក្រោយពីមានកិច្ចព្រមព្រៀងនយោបាយ កាលពីថ្ងៃ២២ កក្កដា ឆ្នាំ២០១៤ លោក សម រង្ស៊ី និងលោក ហ៊ុន សែន មានភាពស្និទ្ធស្នាលគ្នារហូតដល់លោក ហ៊ុន សែន បានសម្រេចឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានក្រុមមតិចភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី។ ប៉ុន្តែតំណែងនោះត្រូវបានសភាអនុម័តយល់ព្រមឲ្យលោក កឹម សុខា ជំនួសវិញ ខណៈលោក សម រង្ស៊ី បន្តនិរទេសខ្លួននៅក្រៅប្រទេសគេចចេញពីការចាប់ខ្លួន។ ករណីនេះអ្នកវិភាគ អៈអាងថា គណបក្សសង្គ្រោះជាតិនឹងអាចលង់ខ្លួនទៅក្នុងយុត្តិសាស្ត្របំបែកបំបាក់របស់គណបក្សកាន់អំណាច បើគ្មានការប្រុងប្រយ័ត្ន។

ទោះជាយ៉ាងណា ក្រោយពីលោក ហ៊ុន សែន ប្រកាសថាលោក កឹម សុខា ជាដៃគូសន្ទនានយោបាយជាមួយ មិនបានកន្លះខែផង ថ្នាក់ដឹកនាំ​បក្សកាន់អំណាចរូបនោះ បានគំរាមពី​ប្រទេសស្វីសលុបចោលតំណែងថ្នាក់ដឹកនាំបក្សប្រឆំាងវិញ ដោយ​ថា​​​បក្សប្រឆំាង​តែងតែ​ប៉ុន​ប៉ង​​ប្រើប្រាស់ការចរចានេះ ឲ្យដោះលែងមន្ត្រីសិទ្ធិ​មនុស្ស​៤រូប មន្ត្រី គ.ជ.ប និងសមាជិក​បក្ស​ប្រឆំាង​ជិត២០នាក់ទៀត ដែលលោក ហ៊ុន សែន ថា​ ជា​ការ​បំពានដល់អំណាច​តុលាការ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកវិភាគថាកម្ពុជាអាច​ជួបវិបត្តិធ្ងន់ធ្ងរ ក្រោយពីបក្សកាន់អំណាចបោះបង់ជំនួបជាមួយបក្សប្រឆំាង"

  1. people says:

    It no wonder ‘ when both men went to their boss Veitcong they followed their order’