ក្រុម​សមាគម​អ្នក​កាសែត​កម្ពុជា​គាំទ្រ​ការ​បញ្ឈប់​កម្មវិធី​ ABC 3 Spring របស់​អាចារ្យ​ A ជៀសវាង​ការ​យល់​ច្រលំ​តួ​នាទី​ និង​ វិជ្ជាជីវៈ​។

ដោយ ប៉ុន សោភ័ណ
27/01/2017
RFI

media
ក្រុម​សមាគម​អ្នក​កាសែត​កម្ពុជា​គាំទ្រ​ការ​បញ្ឈប់​កម្មវិធី​ ABC 3 Spring របស់​អាចារ្យ​ A ជៀសវាង​ការ​យល់​ច្រលំ​តួ​នាទី​ និង​ វិជ្ជាជីវៈ​។ @RFI


ជា​ការ​កត់​សម្គាល់​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​សម្រេច​ឱ្យ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ បញ្ចប់​កិច្ច​សន្យា​ជាមួយ​វិទ្យុ​ABC​ មក​ ប្រតិកម្ម​របស់​ក្រុម​សមាគម​អ្នក​កាសែត​កម្ពុជា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ថ្ងៃ​ទី​ ២៧​មករា​ នេះ ​ គឺ​ជា​ប្រតិកម្ម​ព្រមៗ​គ្នា​ គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន​ដែល​បាន​បញ្ឈប់​កម្មវិធី​ ABC 3 Spring របស់​អាចារ្យ​ A ដោយ​មូលហេតុ​កំហុស​ឆ្គង​ក្រម​សីលធម៌​វិជ្ជាជីវៈ​។

 

សេក្តី​ថ្លែងការ​ទាំង​នោះ​រួមមាន​ ពី​សំណាក់​ក្លឹប​កាសែត​កម្ពុជា​ សហភាព​សហពន្ធ័​អ្នក​សារព័ត៌មាន​កម្ពុជា​ សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​ សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ​ សមាគម​ការពារ​អ្នក​សារព័ត៌មាន​ជាយដែន​ និង​ ពី​សំណាក់​ក្រុម​ប្រឹក្សា​ព័ត៌មាន​កម្ពុជា​ជា​ដើម​។

ក្លឹប​អ្នក​កាសែត​កម្ពុជា​ ដែល​មាន​លោក​ ប៉ែន បូណា ជា​ប្រធាន​ នៅ​ថ្ងៃ​ទី​ ២៦ មករា ឆ្នាំ​ ២០១៧​​បាន​អំពាវនាវ​ដល់​ អ្នក​សារព័ត៌មាន​ទាំងអស់​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​តួនាទី​ ភារកិច្ច​ និង​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ដោយ​ចៀសវាង​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ ចំពោះ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។
 
ចំណែក សហភាព​សហពន្ធ័​អ្នក​សារព័ត៌មាន​កម្ពុជា​វិញ​ វិញ​យល់​ថា​ វិធានការ​របស់​ក្រសួង​គឺ​ត្រឹម​ត្រូវ​ទាន់​ពេលវេលា​ ដែល​អាច​កាត់​បន្ថយ​ការ​យល់​ច្រលំ​អំពី​ការ​បំពេញ​តួនាទី​ វិជា្ជជីវៈ​ ព្រោះ​ការ​យល់​ច្រលំ​តួនាទី​និង​ ការ​បំពេញ​តួនាទី​ដោយ​មិន​អនុលោម​តាម​ក្រមសីលធម៌​វិជ្ជាវីវៈ​ គឺ​ពិត​ជា​បង្កើត​ស្ថានភាព​ច្របូក​ច្របល់​ អសីលធម៌​ ប៉ាតណា​ប៉ាតណី​ និង បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម​ជាតិ​ ញែក​ប្រជាជន​ និង នាំ​ដល់​បែក​បាក់​ស្មារតី​ជាតិ​។
 
ទន្ទឹម​នឹង​នេះ​ សមាគម​កម្ពុជា​ការពារ​អ្នក​ការសែត​ ក៏​ពេញចិត្ត​នឹង​ចំណាត់​ការ​ខាង​លើ​ដូច​គ្នា​ ព្រោះ​វា​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សីលធម៌​ និង វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​។​
 
​គួរ​ជំរាប​ជូន​ថា​ កាល​ពី​ថ្ងៃ​ទី​ ២៤ មករា ឆ្នាំ ២០១៧ ក្រសួង​ព័ត៌មាន​ បាន​បញ្ជា​ឲ្យ​បិទ​កម្មវិធី​ចម្រុះ​ ABC 3 Spring របស់​អាចារ្យ​ A។ ជា​ការ​ចេញ​បញ្ជា​ ក្រោយ​ពី​មាន​សង្គ្រាម​ពាក្យ​សម្តី​ជា​ច្រើន​ជុំវិញ​ឥរិយាបថ​របស់​ពិធីការិនី ​ម្នាក់​ ឡើង​អង្គុយ​លើ​តុ និង​ដើរ​រំលង​តុ​វេទិកា​ ខណៈ​ពេល​​ដែល​កំពុង​តែ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។
 
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ក៏​បាន​ផ្តល់​បទសម្ភាន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ កំហុស​ដើរ​រំលង​តុ​នោះ​ជា​កំហុស​ធម្មតា​នោះ​ទេ​សម្រាប់​អ្នក​មិន​ធ្លាប់​ធ្វើ​ការងារ​ហ្នឹង​ ប៉ុន្តែ​កំហុស​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ គឺ​នៅ​ពេល​ដែល​មាន​ការ​រិះគន់​ហើយ​ មិន​ព្រម​ធ្វើការ​ឆ្លើយ​បំភ្លឺ​ តែ​បែរ​ជា​យក​របៀប​ឆ្លើយ​បំភ្លឺ​ និង​ពន្យល់​ ទៅ​ជា​ការ​ជេរ​ និង​ ដៀល​គ្នា​ទៅ​វិញ​។ លោក​ ខៀវ កាញារីទ្ធ បញ្ជាក់​ថា​ នេះ​មិនមែន​ជា​វិជ្ជាជីវៈ​របស់​ពិធីករ​ ពិធីការិនី​នោះ​ទេ​។

 

What Next?

Recent Articles