អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​អូស្ត្រាលី​បន្ត​ស្វែងរក​ថវិកា​ជួយ​បក្ស​​រៀបចំ​ការ​បោះឆ្នោត

ដោយ ជុន ច័ន្ទបុត្រ
2017-02-05
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី (Australia) រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ផ្កា​ប្រាក់​ប្រមូល​បច្ច័យ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី (Australia) រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ផ្កា​ប្រាក់​ប្រមូល​បច្ច័យ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided


ការ​រង​វិបត្តិ​ផ្ទួនៗ​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស បាន​ទាក់ទាញ​សមានចិត្ត​អ្នក​គាំទ្រ​គណបក្ស​នេះ​បន្ថែម​ទៀត​ទៅ​វិញ​នៅ​ក្រៅ​ប្រទេស។ អ្នក​គាំទ្រ​គណបក្ស​នេះ​នៅ​ក្រុង​ស៊ីដនី (Sydney) នៃ​ប្រទេស​អូស្ត្រាលី (Australia) នៅ​ថ្ងៃ​អាទិត្យ ទី​៥ កុម្ភៈ នេះ រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ផ្កា​ប្រាក់​យ៉ាង​ធំ​មួយ ដើម្បី​ប្រមូល​បច្ច័យ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ឃុំសង្កាត់​ខាង​មុខ​នេះ។

អ្នក​រៀបចំ​ពិធី​បុណ្យ​ផ្កា​នេះ​ប្រមាណ​ជាង ១០០​នាក់ ម្នាក់ៗ​បរិច្ចាគ​ប្រាក់​ចាប់​ពី ១០០​ដុល្លារ​ឡើង​ទៅ ជា​ទុន​ដំបូង​ក្នុង​ការ​ផ្ដួចផ្ដើម​ពិធី​បុណ្យ​នេះ។

អ្នកស្រី ស ចាន់ថុល ជា​អ្នក​ផ្ដើម​បុណ្យ​ផ្កា​នេះ​មួយ​រូប និង​ជា​សមាជិក​គណៈកម្មាធិការ​សកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ស៊ីដនី។ អ្នកស្រី​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ដាក់​ពន្ធនាគារ​ជិត ២​ឆ្នាំ​កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​៨០ ពី​បទ​ចូលរួម​ជាមួយ​ចលនា​តស៊ូ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​វៀតណាម។

អ្នកស្រី​មាន​ប្រសាសន៍​ថា តាំង​ពី​អ្នកស្រី​បាន​ចេញ​ពី​ពន្ធនាគារ ហើយ​បាន​ភៀស​ខ្លួន​មក​តាំង​លំនៅ​នៅ​ប្រទេស​អូស្ត្រាលី អ្នកស្រី​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ជានិច្ច ដ្បិត​អ្នកស្រី​ជឿ​ថា ទោះ​ជា​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​បាន​កាន់​អំណាច​ក៏ដោយ ក៏​អាច​ជួយ​ឲ្យ​ទប់​កុំ​ឲ្យ​គណបក្ស​កាន់​អំណាច​ជិះ​សេះ​លែង​ដៃ​បាន​ដែរ៖ «»

ចំពោះ​សកម្មភាព​រៃអង្គាស​ប្រាក់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ វិញ អ្នកស្រី​បន្ត​ថា នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កាន់​តែ​តានតឹង ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ទឹក​ចិត្ត​មោះមុត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​បុព្វហេតុ​ជាតិ៖ «»

សមាជិក​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ទៀត​នៅ​ក្រុង​ស៊ីដនី លោក ផូ ប៊ុនថា មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ព្រួយ​បារម្ភ​ថា ថវិកា​ដែល​ក្រុម​លោក​ជួយ​ប្រមែប្រមូល​ជួយ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស​នោះ ត្រូវ​បាន​យក​ទៅ​ចាយ​វាយ​ខុស​ទិសដៅ​នោះ​ទេ ដ្បិត​លោក​តែង​បាន​ទទួល​នូវ​របាយការណ៍​ចំណូល​ចំណាយ​យ៉ាង​គត់មត់​មក​វិញ៖ «»

មិន​ថា​អ្នក​មាន​វ័យ​ចំណាស់​ទេ​ដែល​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​ស្រុក​ទេស​ពី​នាយ​សមុទ្រ យុវជន​ស្រករ​ក្រោយ ដែល​ភាគច្រើន​ចម្រើន​វ័យ​នៅ​ក្រៅ​ប្រទេស ក៏​មាន​ឆន្ទៈ​ចូលរួម​ជាមួយ​នឹង​ឪពុក​ម្តាយ​គេ​ដែរ។ យុវតី​មួយ​រូប​ឈ្មោះ ណាលីន មាន​ប្រសាសន៍​ថា ក្រៅ​តែ​ពី​មាន​លំអាន​ពី​ចាស់​ទុំ ការ​ចូលរួម​របស់​នាង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​មក​ពី​ការ​បាន​ឃើញ​ការ​ហ៊ាន​ងើប​តតាំង ដើម្បី​ការពារ​ព្រំដែន យុត្តិធម៌​សង្គម និង​សិទ្ធិ​សេរីភាព​ពី​សំណាក់​យុវជន​នៅ​ក្នុង​ប្រទេស​ដែរ៖ «»

ពិធី​បុណ្យ​ផ្កា​ប្រាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី នា​ថ្ងៃ​អាទិត្យ នេះ ក៏​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប គឺ​លោក ប៉ុល ហំម ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles