បក្ស​ប្រឆាំង​ថាពិ​បាក​ជជែក​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​សារ​ឥទ្ធិពល​លោក​ ហ៊ុន សែន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ | ម៉ោង 5:57 PM
http://vodhotnews.com

នយោបាយ

តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​ លោកស្រី មូ​ សុខហួរ


មន្ត្រីគណបក្ស​ប្រឆាំង​លើកឡើងថា ការប្រើ​វប្បធម៌​សន្ទនា​ជា​មួយ​បក្ស​កាន់​អំណាច​ មាន​ការ​ពិបាក​ដោយ​សារតែ​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

ការលើកឡើងនេះ គឺបន្ទាប់ពីអ្នក​នាំពាក្យរដ្ឋសភា​​លោក ឡេង ប៉េងឡុង ​កាលពី​ម្សិល​មិញ មាន​ប្រសាសន៍​​ថា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូច​ជា​មិន​ចង់​បន្ត​វប្បធម៌​សន្ទនា​ជា​មួយ​បក្សកាន់​អំណាចដោយ​សារ​បក្ស​នេះ​​មិន​ចូល​រួម​ប្រជុំសភាពេញ​អង្គ ដើម្បីកែច្បាប់គណបក្សនយោបាយ។

លោក​ថា៖ «គាត់ធ្វើឲ្យគេឃើញថាគាត់លេចធ្លោគាត់មិនគោរពតាមមតិភាគច្រើនទេ ការធ្វើពហិការរបស់គាត់ហ្នឹងបានន័យថាគាត់មិនមានចេតនាក្នុងការសន្ទនាអីទេ ហើយគណបក្សកាន់អំណាចថាបើចង់មានវប្បធម៌សន្ទនាសុំឲ្យអញ្ចើមកក្នុងរដ្ឋសភា គាត់មិន​​ព្រមចូលមកសភាទេ គាត់មិនព្រមចូលមកធ្វើការជាធម្មតាទេ គាត់ធ្វើដើម្បីលេចធ្លោដើម្បីចំណេញនយោបាយ ដូច្នេះហើយនេះជាចរិតធម្មតារបស់គាត់អញ្ចឹងហើយ យើគិតថាគាត់គួរតែចូលមកក្នុងរដ្ឋសភាធ្វើការធម្មតា និងសន្ទនាធម្មតា អាហ្នឹងជាការល្អ »

ប៉ុន្តែនៅ​រសៀ​ល​ថ្ងៃ​ទី២១​កុម្ភៈនេះ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោកស្រី មូ​ សុខហួរ បាន​ឲ្យ​ដឹង​ថា​ការ​សម្រេច​​មិន​ចូល​ប្រជុំ​សភានេះ​ក៏ព្រោះ​ច្បាប់ស្តីពី​បក្ស​នយោបាយ​ថ្មីនេះគឺ​មិន​មែន​ជា​អ្វី​ដែល​ប្រជាពល​រដ្ឋ​​ចង់​បាន ហើយ​​​ការ​ចរចារ​ក្នុង​គណកម្មាធិការ​អចិន្ត្រៃយ៍ទាក់​ទង​នឹង​ការ​ធ្វើវិសោធនកម្ម​ច្បាប់​នេះ​កាល​ពី​កន្លងទៅ ​គណបក្ស​កាន់​អំណាច​ពុំ​បាន​ទទួល​យក​សំណើ​របស់​ខ្លួនដើម្បី​ពិភាក្សា​នោះ​ទេ ដោយ​សារ​ឥទ្ធិពល​របស់​លោក​ ហ៊ុន សែន។

លោក​ស្រីថា៖ «យើងចូលទៅជជែកនៅក្នុងអចិន្ត្រៃយ៍ហើយ ទោះបីមួយឃ្លាក៏មិនយកដែរ! យើងជជែកមិនមែនដើម្បីការពារយើងទេ យើងជជែកសុំឲ្យមុននឹងដាក់ចូលការប្រជុំសភា សូមឲ្យអង្គការសង្គមស៊ីវិលសុំឲ្យ​​គណបក្សដទៃទៀត សុំឲ្យគេមានយោបល់ផង។ជជែកមិច! ​បើសម្តេចនាយកនិយាយមិនដល់សប្តាហ៍ផងចេញមក តាមអ្វីដែលជាប្រសាសន៍សម្តេចហើយ​​មិនទាន់ទៅអ្វីដែលគណកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាពិសេសគ្រាន់តែមើលមិនទាន់បានពីរថ្ងៃផងចេញមកកោះប្រជុំទៅហើយ យើងយល់ថាមិនមែនជាឆន្ទះរបស់ប្រជារាស្ត្រខ្មែរទេ»

ក្រោយពី​សភា​បាន​អនុម័តច្បាប់​ថ្មី​នេះ​រួច​បាន​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជាបន្ត​បន្ទាប់ពីមជ្ឈដ្ឋាននានា​ទាំង​ ក្នុង​និង​ក្រៅ​ស្រុក​ ក្នុងនោះ​ស្ថានទូ​ត​សហ​រដ្ឋ​អាមេរិក​ក៏​បាន​រិះគន់​ទៅ​លើ​ច្បាប់​ដែល​អនុម័ត​ថ្មីនោះ​ដែរ ដោយ​ថា​ច្បាប់​នេះបានផ្តល់អំណាចយ៉ាងធំដល់រដ្ឋាភិបាលកម្ពុជា ក្នុងការរំលាយ គណបក្ស​នយោ​បាយ​ណាមួយ​៕​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ថាពិ​បាក​ជជែក​ជា​មួយ​បក្ស​កាន់​អំណាច​ដោយ​សារ​ឥទ្ធិពល​លោក​ ហ៊ុន សែន"

  1. Judge says:

    ពិតជាពិបាកមែន!!!។ វប្បធម៌សន្ទនា អាស្រ័យលើសម្មាទិដ្ឋិ និង សុឆន្ទៈ ដើម្បីសំរេចបំណងរួមគ្នា ជាប្រយោជន៏ប្រទេសជាតិ។ បើប្រើវប្បធម៌ជជែកគ្នា ក្រែងលោ រកកន្លែងចប់មិនឃើញ ហើយ អាចបែកភ្នែក????។
    បើប្រើវប្បធម៌ ជេរគ្នា ក្រែងលោ ខឹម វាសនា ប្តឹងពីបទរក្សាសិទ្ធិ????។
    បើវប្បធម៌ ខ្សឹបខ្សៀវ កាន់តែពិបាក ចង់ឬមិនចង់ ជាប់លើបទបរិហាកេរ្ត៏???។
    សូមមេត្តា អស់លោក និងជំទាវ ទាំងពីរបក្ស ស្វែងរកអ្វីប្រសើរជាងផង!!!
    ជាជាងអង្គុយលើកដៃ។ ដល់ពេលពឹងលើបណ្ឌិត សម្តេច ឪបណ្ឌិតថា គ្មាននរណា ត្រូវជាងអញ!!!!!។ វង្វេងស៊ុងហើយកម្ពុជា!!!!!។សំនៀង