ការ​សិក្សា​មួយ​ចាត់​ទុក​កម្ពុជា​ថា​គ្រប់គ្រង​តាម​បែប​ផ្តាច់ការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកម្មវិធីមួយនៅកោះពេជ្រកាលពីឆ្នាំ ២០១៥។ ហុង មិនា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកម្មវិធីមួយនៅកោះពេជ្រកាលពីឆ្នាំ ២០១៥។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ផ្តាច់ការ​ដោយ​ឯកបក្ស ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ និង​និពន្ធ​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​អូស្រ្តាលី​ម្នាក់​ឈ្មោះ Lee Morgenbesser របាយការណ៍​នេះ​បាន​និយាយ​ថា​មិនមែន​គណបក្ស​ប្រជាជន​ទេ​ដែល​ផ្តាច់ការ នោះ​គឺ​លោក ហ៊ុន សែន ដែល «មាន​អំណាច​ផ្តាច់មុខ និង​គ្មាន​ដែនកំណត់» ទៅ​លើ «មន្រ្តី​គោលនយោបាយ និង​ការ​បែងចែក​រង្វាន់»។

លោក Lee Morgenbesser បាន​សរសេរ​ថា៖ «លោក ហ៊ុន សែន ធ្វើ​ដូចនេះ​តាមរយៈ​ការ​គ្រប់គ្រង​ការ​តែងតាំង​ចំពោះ​តំណែង​ខ្ពស់ៗ ការ​តែងតាំង​សាច់ញាតិ​របស់​លោក​ឲ្យ​កាន់​តំណែង​ខ្ពស់​ក្នុង​យោធា​បង្កើត​អំណាច​យោធា​សេចក្តី​សម្រេច​ផ្តាច់មុខ​នៅ​ក្នុង​ការ​ដឹកនាំ​បក្ស និង​គ្រប់គ្រង​អ្នក​ដែល​ជា​ផ្នែក​នៃ​ការ​ដឹកនាំ»។ របាយការណ៍​បន្ត​ថា៖ «ជនផ្តាច់ការ​ដូចជា​លោក ហ៊ុន សែន អាច​ទំនង​នឹង​ត្រូវ​បញ្ចប់​ដោយ​ការ​សម្លាប់​ការ​ដាក់​ពន្ធនាគារ ឬ​និរទេស​ច្រើន​ជាង​មេដឹកនាំ​យោធា ឬ​មេដឹកនាំ​ផ្សេងៗ​ទៀត​ក្នុង​គណបក្ស​មិន​ថា​ការ​ផ្លាស់ប្តូរ​របប​កើតឡើង​ឬ​អត់​នោះ​ទេ»។

លោក Morgenbesser បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា៖ «នេះ​ពិត​ណាស់​ដាក់​គាត់​នៅ​ក្នុង​ចំណោម​ជនផ្តាច់ការ​ល្បីៗ​ជុំវិញ​ពិភពលោក»។ «ឧទាហរណ៍​ច្បាស់​មួយ​គឺ​ការ​អះអាង​ [របស់​គណបក្ស​សង្គ្រោះជាតិ] ដែល​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ គំរាម​កំហែង​ប្រជាធិបតេយ្យ​របស់​កម្ពុជា។ តើ​កម្ពុជា​អាច​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​យ៉ាង​ម៉េច​ទៅ ប្រសិន​បើ​លោក ហ៊ុន សែន អនុវត្ត​អំណាច​ខ្លាំង​បែប​នេះ?»។

ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​រិះគន់​ការ​វាយតម្លៃ​របស់​លោក Morgenbesser។ «ខ្ញុំ​ពិតជា​មិន​ចូលចិត្ត​នៅ​ពេល​ពួកគេ​និយាយ​ថា​នាយក​រដ្ឋមន្រ្តី​របស់​ខ្ញុំ​ជា​ជន​ផ្តាច់ការ។ គាត់​ជា​វីរបុរស​របស់​កម្ពុជា»។ លោក ស៊ីផាន បន្ថែម​ថា​បើ​ទោះបី​ជា​គាត់​ជា​ប្រធាន​គណបក្ស​កាន់​អំណាច «លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​អាច​ធ្វើអ្វី​ដោយ​ខ្លួនឯង​ទេ គាត់​ត្រូវ​តែ​កោះ​ប្រជុំ​គណបក្ស»។

របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​ដែល​រដ្ឋសភា​បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​គំរាម​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ជា​គូប្រកួត​ប្រជែង​របស់​លោក ហ៊ុន សែន ហើយ​ដែល​ទង្វើ​នេះ​ត្រូវ​បាន​អ្នក​តាមដាន​នយោបាយ​រិះគន់​ថា​ជា «ជ័យជម្នះ​នៃ​ភាព​ផ្តាច់ការ»៕PS


Contact author: Erin Handley

What Next?

Recent Articles