តំណាង​ អ.ស.ប ​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ មន្ត្រី​អាដហុក​ និង គ.ជ.ប

ដោយ រាជ វិញ្ញូ
2017-03-06
RFA

អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth



តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (OHCHR) អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែង​ថា អ្នកស្រី​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប មួយ​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ស្រប​ពេល​គ្នា​នេះ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ដីធ្លី ព្រម​ទាំង​សកម្មជន​ការពារ​បរិស្ថាន បាន​ប្ដេជ្ញា​ព្រម​គ្នា​ថា ពួក​គេ​នឹង​បន្ត​ការងារ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ ទោះ​កំពុង​រង​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏ដោយ។

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​រំពឹង​ថា ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង ៤​រូប និង​មន្ត្រី​អគ្គលេខាធិការ​រង គ..ប ១​រូប អាច​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ប្រសិន​បើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​អាច​វិល​ទៅ​រក​ភាព​ប្រក្រតី។

តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី នៅ​តែ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ..ប ថា​ធ្វើ​ឡើង​ទាំង​គ្មាន​ភស្តុតាង ដែល​បង្ហាញ​អំពី​ទោស​កំហុស​របស់​ពួក​គេ ហើយ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​តែ​បន្ត​យន្តការ​របស់​ខ្លួន ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​វិញ«យើង​នៅ​តែ​បន្ត​ព្យាយាម​តស៊ូ​មតិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង។ អង្គការ​សិទ្ធិ​មនុស្ស​នានា បាន​ថ្លែង​ហើយ​ថា ការ​ឃុំ​ខ្លួន​អ្នក​ទាំងនោះ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត និង​គ្មាន​ភស្តុតាង​ត្រឹមត្រូវ ដូច្នោះ​យើង​នឹង​លើក​អំពី​បញ្ហា​នេះ​ទៅ​បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល»

ការ​ថ្លែង​របស់​អ្នកស្រី វ៉ាន់ហ៊ី លី បន្ទាប់​ពី​អ្នកស្រី​បាន​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​រូបថត​របស់​សកម្មជន​ជា​ស្ត្រី ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)

ទោះ​ជា​យ៉ាង​ណា កន្លង​ទៅ ការ​ទាមទារ​មួយ​ចំនួន​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​គោរព​សិទ្ធិ​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញលេញ​ជាដើម​នោះ តែងតែ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រតិកម្ម​ឆ្លើយតប​ខ្លាំងៗ និង​ចាត់​ទុក​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ក៏​ធ្លាប់​ព្រមាន​មិន​ឲ្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ មួយ​នេះ បន្ត​វត្តមាន​នៅ​កម្ពុជា ដែរ។

សម្រាប់​អ្នកស្រី វ៉ាន់ហ៊ី លី ចាត់​ទុក​ការ​ព្រមាន​ទាំងនោះ ថា​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​រដ្ឋាភិបាល។ ផ្ទុយ​ទៅ​វិញ អ្នកស្រី​តែងតែ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ជួប​ចរចា​គ្នា​ស្ដីពី​ការ​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា រួម​ទាំង​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ..ប។

ការ​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​រូបថត​ជាច្រើន​ផ្ទាំង និង​អម​ដោយ​អក្សរ​សរសេរ​រៀបរាប់​ពី​ការងារ​តស៊ូ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការងារ​ទាមទារ​សិទ្ធិ​ផ្សេងៗ​របស់​សកម្មជន​ជា​ស្ត្រី ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ កម្មវិធី​នេះ​គឺ​មាន​តាំង​រូបថត​អ្នកស្រី លឹម មុន្នី មន្ត្រី​សមាគម​អាដហុក រូបថត​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​នៅ​បឹងកក់ និង​សកម្មជន​ជា​ស្ត្រី​ដីធ្លី និង​បរិស្ថាន​ជាច្រើន​ផ្ទាំង​ផ្សេង​ទៀត​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ដែល​ក្រុម​គ្រួសារ​របស់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប និង​មន្ត្រី គ..ប ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សាច់ញាតិ​ពួក​គេ​មក​វិញ ក្រោយ​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ១០​ខែ។

ភរិយា​របស់​លោក យី សុខសាន្ត ដែល​ជា​មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង ៤​នាក់ គឺ​លោកស្រី ធន បូនិតា ថ្លែង​ថា ប្ដី​លោកស្រី​ដែល​បំពេញ​ការងារ​តាម​គោលការណ៍​ក្នុង​នាម​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ផ្ដល់​ថវិកា​ទៅ​ដល់​ជន​រងគ្រោះ​នោះ បែរ​ជា​តុលាការ​ចោទ​ប្រកាន់​ប្ដី​លោកស្រី​ពី​បទ​សូកប៉ាន់​សាក្សី​ចំនួន ២០៤​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​នោះ ថា​ជា​រឿង​អយុត្តិធម៌ ហើយ​លោកស្រី​មិន​អាច​ទទួល​យក​បាន​ទេ«គាត់​ធ្វើ​ការ​មិន​មែន​សម្រាប់​ផល​ប្រយោជន៍ តែ​ការងារ​គាត់​នេះ គឺ​បម្រើ​សង្គម និង​ប្រជាពលរដ្ឋ​សុទ្ធសាធ​ម៉ង»

លោកស្រី ធន បូនិតា បន្ត​ថា ការ​ចោទ​ប្រកាន់​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​នេះ ហាក់​កំពុង​បំបាក់​ស្មារតី​មនុស្ស​ល្អ និង​កំពុង​គំរាម​ពលរដ្ឋ​មិន​ឲ្យ​នាំ​គ្នា​ធ្វើ​អំពើ​ល្អ​សម្រាប់​សង្គម​ជាតិ​អ៊ីចឹង​ដែរ។ បន្ថែម​ពី​លើ​នេះ លោកស្រី​ក៏​មិន​ហាមឃាត់​ប្ដី​ឲ្យ​ឈប់​ពី​ការងារ​ជួយ​សង្គម​ដែរ នៅ​ពេល​ដែល​តុលាការ​ដោះលែង​មក​វិញ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែង​ថា ការ​គំរាម​កំហែង​ផ្សេងៗ​ដូចជា​ករណី​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ការ​ចាប់​ឃុំ​ខ្លួន​លោក គឹម សុខ និង​ការ​គំរាម​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ថា​នឹង​ចាប់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​នោះ នឹង​មិន​ធ្វើ​ឲ្យ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ដូចជា​អ្នកស្រី​ដក​ថយ​ឡើយ«រាល់​ការ​បង្ក្រាប​ទាំងអស់​នោះ ឬ​ការ​គំរាម​កំហែង​ណា​មួយ​សម្រាប់​យើង​ជា​សកម្មជន​សិទ្ធិ​មនុស្ស សម្រាប់​យើង​ជា​អង្គការ​សង្គម​ស៊ីវិល យើង​នៅ​តែ​បន្ត​ការងារ​ទៅ​ទៀត»

រីឯ​តំណាង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​ស្ថិត​នៅ​ឃុំ​កោះកាពិ ខេត្ត​កោះកុង លោកស្រី នាក់ សុភាព បញ្ជាក់​ថា សហគមន៍​លោកស្រី​ធ្លាប់​បាន​នាំ​គ្នា​ទៅ​ប្រឆាំង​កប៉ាល់​ដែល​ធ្វើ​ការ​បូម​ខ្សាច់​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ បន្ទាប់​ពី​ការ​បូម​ខ្សាច់​នោះ​ធ្វើ​ឲ្យ​បាត់​កូន​កោះ​ជាច្រើន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ ដូចជា​ប៉ះពាល់​ជម្រក​ត្រី​ពង​ជាដើម។ លោកស្រី នាក់ សុភាព បន្ត​ថា លោកស្រី​ក៏​ធ្លាប់​រង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​សកម្មភាព​ប្រឆាំង​ការ​បូម​ខ្សាច់​ខុស​ច្បាប់​ដែរ តែ​លោកស្រី​នឹង​មិន​បោះបង់​សកម្មភាព​ទាំងនោះ​ឡើយ«ទាមទារ​សិទ្ធិ ថា​យើង​ជា​ស្ត្រី យើង​មាន​សិទ្ធិ​ទាមទារ តវ៉ា រស់នៅ ចាត់ចែង មិន​ចាំ​តែ​បុរស​ជា​អ្នក​គ្រប់គ្រង​ទេ»

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ថា ដរាប​ណា​កម្ពុជា នៅ​តែ​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ អ្នកស្រី​នៅ​តែ​ចូលរួម​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ស្ដារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា ឡើង​វិញ។ ក្រៅ​ពី​នោះ អ្នកស្រី​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល គួរ​គិត​ពិចារណា​ឡើង​វិញ​ដើម្បី​ការពារ​សកម្មជន​សិទ្ធិ​មនុស្ស ឲ្យ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles