លោក ​ហ៊ុន សែន ​ហៅ​អ្នក​ចង់​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​ជា​ «មនុស្ស​ចង្រៃ​»

លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន ​។ រូបថត ហ្វេសប៊ុក

លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន ​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​មនុស្ស​បាន​ចូល​ទៅ​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​ក្នុង​គេហទំព័រ​មួយ​ដែល​លោក​ទំនង​សំដៅ​លើ​គេហទំព័រ​វីហ្គីភីឌារ ដោយ​ដាក់​ថា​លោក ហ៊ុន ម៉ាណែត ជា​កូន​បង្កើត​របស់​អតីត​មេដឹកនាំ​វៀតណាម ឡេ ដឹកថ ហើយ​លោក​បាន​ហៅ​អ្នក​​ចូល​កែ​នោះ​ថា​ជា​ «មនុស្ស​ចង្រៃ»។

លោក​នាយករដ្ឋមន្ត្រី​​ថ្លែង​ឲ្យ​ដឹង​រឿង​នេះ​កាលពី​ម្សិលមិញ​ក្នុង​ពិធី​សម្ពោធ​គម្រោង​រោងចក្រ​ស្រាបៀរ​នៅ​ទីក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា ​​លោក​ថា ​ការ​កែប្រែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​នេះ​គឺ​មាន​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «សុំ​កុំ​ប្រមាថ…ថ្ងៃ​មុន​នេះ​វា​លួច​ចូល​កែ​បាន​ប៉ុន្មាន​នាទី​វា​កែ​ដាក់​ថា​…ហ៊ុន ម៉ាណែត​ជា​កូន​ចិញ្ចឹម​របស់​លោក ហ៊ុន សែន ដែល​ជា​កូន​​របស់​លោក ឡេ ដឹកថ ជាមួយ ប៊ុន រ៉ានី …​បាន​ថា​ពួក​អាចង្រៃ​នេះ​មិន​បាន​ទេ …​អ៊ីចឹង​បាន​ Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ណា កុំ​ចេះ​តែ​ទទឹង​ទិស​ពួក​នេះ​និយាយ​អង់គ្លេស​ជាមួយ​លោក​ឯង​ល្អ​តែ​និយាយ​ខ្មែរ​អាក្រក់​ណាស់​​ហ៊ាន​ចូល​កែ​ប្រវត្តិរូប​…យើង​ចូល​កែ​បាន​តើ…​កែ​ប្រវត្តិរូប​របស់ ហ៊ុន ម៉ាណែត តែ​យើង​មើល​ទាន់​យើង​កែ​ត្រឡប់​មក​វិញ​ទាន់…​វា​ហួស​ហេតុ​ពេក​ហើយ​អាសត្វ​ចង្រៃ​នេះ​»។ ​

ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​មួយ​ជា​អ្នក​ចូល​កែ​ប្រវត្តិរូប​កូនប្រុស​របស់​លោក​នោះ​ទេ។

កន្លង​មក​ធ្លាប់​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​លោក Brady N Young នៅ​សហរដ្ឋ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​​ដោយ​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​ DNA លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ថា​តើ​ដូច​គ្នា​ឬ​យ៉ាង​ណា?។

ទោះ​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​សមាជិកភាព​ភាព​របស់ Brady N Young ពី​គណបក្ស​ភ្លាមៗ​ដែរ​ដោយ​ថា​គណបក្ស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ទេ៕


Contact author: ទូច សុខា

What Next?

Recent Articles