គ្រួសារ​លោក ហ៊ុន សែន បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​បែក​ធ្លាយ​សារ​ឆ្លើយ​ឆ្លង

ដោយ យាង សុជាមេត្តា
2017-03-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ (AFP
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ (AFP)


សមាជិកគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៨ ខែ​មីនា នៅ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​បែក​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជាមួយ​បុគ្គល​មួយ​ចំនួន។ ប្រភព​មួយ​ឈ្មោះ “អង្គរបុរី” បាន​ផ្ញើ​សារ​ឆ្លើយឆ្លង​របស់​គ្រួសារ​លោក ហ៊ុន សែន ទៅ​កាន់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ​ត្រូវ​បាន​លោក សម រង្ស៊ី បន្ត​ចែកចាយ​ទៅ​ឲ្យ​បណ្ដាញ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា។

ខណៈ​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ទទួល​ស្គាល់​សារ​សន្ទនា​តាម​ទូរស័ព្ទ​ដែល​លោក​អះអាង​ថា ជា​របស់​លោក និង​លោក កឹម សុខា ហើយ​ថែម​ទាំង​គំរាម​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទៀត​នោះ ប៉ុន្តែ​បែរ​ជា​សមាជិក​ក្រុមគ្រួសារ​របស់​លោក ហ៊ុន សែន វិញ មិន​ទាន់​មាន​ប្រតិកម្ម​ឡើយ​ចំពោះ​ការ​បែកធ្លាយ​សារ​ឆ្លើយឆ្លង​របស់​ពួកគេ។

ក្នុង​សារ​សន្ទនា​លក្ខណៈ​ឯកជន​ច្រើន​ទំព័រ​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល “ហ៊ុន” និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​បែកធ្លាយ​នោះ គេ​ឃើញ​មាន​ជាប់​ឈ្មោះ និង​លេខ​ទូរស័ព្ទ អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន កូនៗ​លោក ហ៊ុន សែន រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី លោក ហូ សុទ្ធី ប្រធាន​ខុទ្ទកាល័យ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​កូន​ប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង​ដែរ។

អាស៊ីសេរី បាន​ផ្ញើ​លិខិត​ទៅ​កាន់​កូនៗ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ។ អាស៊ីសេរី​ចង់​ដឹង​ថា តើ​សារ​ទាំង​នោះ​ពិត​ជា​របស់​ពួកគេ ឬ​យ៉ាង​ណា? ហើយ​ថា តើ​ពួកគេ​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​ការ​បញ្ចេញ​សារ​ដែល​ជា​ការ​សន្ទនា​សម្ងាត់​ជា​លក្ខណៈ​ឯកជន​ដូច្នេះ? ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ​ទេ បន្ទាប់​ពី​បាន​ដាក់​លិខិត​ចំនួន​បី​ថ្ងៃ​មក​ហើយ។

អាស៊ីសេរី ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ទៅ​ជំនួយ​ការ​របស់​លោក ហ៊ុន ម៉ាណែត ដែល​មិន​ប្រាប់​ឈ្មោះ ថ្លែង​ថា លោក​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​ឡើយ។ លោក​ក៏​មិន​ទាន់​ដឹង​ថា តើ​លោក ហ៊ុន ម៉ាណែត បាន​ទទួល​លិខិត​របស់​អាស៊ីសេរី ឬ​យ៉ាង​ណា​នោះ​ទេ។

ក្នុង​សារ​ឆ្លើយឆ្លង​គ្នា​ដែល​បែក​ធ្លាយ​បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កិច្ចការ​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល “ហ៊ុន” យុទ្ធសាស្ត្រ​បំភ័យ​គណបក្ស​ប្រឆាំង រឿង​ក្តី​របស់​លោក ហ៊ុន ម៉ាណែត នៅ​តុលាការ​សហរដ្ឋអាមេរិក និង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ។

ក្នុង​ចំណោម​សារ​ឆ្លើយឆ្លង​ទាំង​នោះ​ដែរ គេ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​របស់​ជនជាតិ​ប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ដែល​គេ​ដឹង​ថា ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន ហើយ​ដែល​តែង​និយាយ​សរសើរ​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​និយាយ​ការពារ​លោក ហ៊ុន សែន ពី​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​នោះ។ លោក​បាន​សរសេរ​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​លោក​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

ជនជាតិ​ប៉ាគីស្ថាន ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​រូប​នេះ ក៏​បាន​អរគុណ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ជួយ​ធ្វើ​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច។ លោក ចូសេហ្វ ម៉ាត់ស៊ូ បាន​សរសើរ​លោក ហ៊ុន ម៉ាណែត ហើយ​បាន​សន្យា​ថា នឹង​ជួយ​កិច្ចការ​របស់​លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​ជ័យជំនះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ផង​ដែរ។

ករណី​ជនបរទេស​ពឹងពាក់​លោក ហ៊ុន ម៉ាណែត ដើម្បី​បាន​សញ្ជាតិ​ខ្មែរ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា វា​មិន​មាន​អ្វី​ជា​រឿង​ខុស​ច្បាប់​​នោះ​ទេ។ លោក​ថា លុះ​ណា​តែ​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​កិច្ចសន្យា ឬ​ធ្វើ​ការ​ធានា ឬ​ទទួល​យក​លុយកាក់​ពី​គេ ទើប​វា​អាច​ខុស​ច្បាប់។ ប៉ុន្តែ​បើ​ទាក់ទង​ដើម្បី​សួរ​ព័ត៌មាន ឬ​ដឹង​ពី​ខ្សែរយៈ​ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ លោក ហ៊ុន ម៉ាណែត មិន​មាន​កំហុស ឬ​មាន​ទំនាស់​ផល​ប្រយោជន៍​អ្វី​ឡើយ៖ «»។

ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ការ​អភិវឌ្ឃ​សង្គម និង​ជា​អ្នក​វិភាគ​បណ្ឌិត មាស នី យល់​ថា បញ្ហា​នេះ​អាច​បង្ក​អោយ​មាន​ទំនាស់​ផល​ប្រយោជន៍។

ចំណែក​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា លោក​មិន​ដឹង​ថា ការ​លេច​ធ្លាយ​ឯកសារ​នេះ​ពិត ឬ​មិន​ពិត​យ៉ាង​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា អ្នក​ណា​ជា​អ្នក​បញ្ចេញ​សារ​ទាំង​អស់​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាល ឬ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច ឬ​តុលាការ​ដើម្បី​ស្វែង​រក​មុខ​អ្នក​ទម្លាយ ឬ​យ៉ាង​ណា? លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា លោក​មិន​មែន​ជា​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏​មិន​មែន​ជា​មេធាវី​គ្រួសារ​លោក ហ៊ុន សែន នោះ​ដែរ។ លោក​ថា បញ្ហា​នេះ​វា​ស្រេច​តែ​ទៅ​លើ​ម្ចាស់​សាមី​ដែល​សារ​របស់​ខ្លួន​ត្រូវ​បាន​គេ​ទម្លាយ​នោះ។

សារព័ត៌មាន​ក្នុង​ស្រុក ជា​ពិសេស​សារព័ត៌មាន ហ្វ្រេស ញូវ (Fresh News) ដែល​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្សព្វផ្សាយ​សារ​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន​ជា​ច្រើន​ខែ​កន្លង​មក​នេះ ដែល​ភាគ​ច្រើន​នៃ​សារ​ទាំង​នោះ គឺ​បាន​មក​ពី​ប្រភព​ដែល​គេ​ដាក់​ឈ្មោះ​ថា “រឿង​ពិត CNRP” និង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា”។ ខ្សែអាត់​សំឡេង​ដែល​បញ្ចេញ​តាម​សារព័ត៌មាន ហ្វ្រេស ញូវ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​រឿង​ស្រី​ញី និង​ចុង​ក្រោយ​រឿង​កិច្ចការ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​សារ​បែក​ធ្លាយ​របស់​ត្រកូល “ហ៊ុន” មិន​ត្រូវ​បាន​សារព័ត៌មាន​នេះ​យក​មក​ផ្សព្វផ្សាយ​ទេ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​បណ្ឌិត មាស នី យល់​ឃើញ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​បញ្ចេញ​សារ​សន្ទនា​ឯកជន វា​នឹង​អាច​ក្លាយ​ជា​ប្រពៃណី​នៅ​ក្នុង​សង្គម។ លោក​ថា នេះ​មិន​មែន​ជា​ប្រពៃណី​ល្អ​ឡើយ ហើយ​នៅ​ទី​បំផុត​វា​នឹង​ប៉ះ​ទៅ​លើ​រដ្ឋាភិបាល​ខ្លួន​ឯង៖ «»។

អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​ការ​សន្ទនា​ឯកជន​បែប​នេះ គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់​លើ​សិទ្ធិ​នៃ​ជីវភាព​ឯកជន ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ អ្នក​វិភាគ​យល់​ថា ដោយសារ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ករណី​ទាំង​នេះ ទើប​ការ​រំលោភ​ការសម្ងាត់​ឯកជន​នេះ​នៅ​តែ​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles