មន្ដ្រីព្រំដែនកម្ពុជាម្នាក់ជាប់ទោស២៥ឆ្នាំពីបទធ្វើឃាតជនជាតិវៀតណាម

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ | សិទ្ធិមនុស្ស

លោក ឡាយ ប៊ុនធី នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ (វេបសាយបរទេស)


មន្ដ្រីព្រំដែនកម្ពុជាម្នាក់ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារ២៥ឆ្នាំ ដោយចោទថាបានបាញ់សម្លាប់ពលរដ្ឋវៀតណាមនៅក្នុងជម្លោះមួយលើទឹកដីវៀតណាមកាលពីឆ្នាំមុន។

កាលពីថ្ងៃអង្គារ ទី៧ មីនា ឆ្នាំ២០១៧ លោក ឡាយ ប៊ុនធី នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ពីបទមនុស្សឃាត និង ៥ឆ្នាំទៀត ជាប់ចោទពីបទលួចលាក់ និងប្រើប្រាស់អាវុធខុសច្បាប់ លើទឹកដីវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Tuoi Tre News។

សារព័ត៌មាន Tuoi Tre News ឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦ លោក ឡាយ ប៊ុនធី និងមិត្តភក្ដិ បានទៅផឹកស៊ីនៅហាងបារមួយកន្លែង ក្នុងខេត្តអាងយ៉ាង ភាគខាងត្បូងប្រទេសវៀតណាម និងបានឈ្លោះទាស់ទែងគ្នាជាមួយជនជាតិវៀតណាម ២នាក់ ដោយគេចោទថា បានបាញ់ឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់។ ជនរងគ្រោះទាំងពីរនាក់នោះ រួមមាន ឈ្មោះ ឡេ យ៉ាំង​ឌឿ​ក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ ផាន យ៉ាំង​វ៉ាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ករណីបាញ់ប្រហារនេះកើតឡើង បន្ទាប់ពីជនជាតិវៀតណាមទាំងពីរនាក់ បានសុំលោក ឡាយ ប៊ុនធី ជល់កែវជាមួយ ប៉ុន្ដែលោកបដិសេធ ទើបឈានដល់កើតមានជម្លោះតែម្ដង។ ប៉ុន្ដែបើតាមសារព័ត៌មាន «មាតុភូមិ» ដែលបានដកស្រង់សម្ដីសាក្សី អះអាងថា មូលហេតុ បណ្ដាលមកពី ជនជាតិវៀតណាមទាំងពីរ បានទៅលក់ឆ្នោត ហើយរំខានការផឹកស៊ីរបស់លោក ឡាយ ប៊ុនធី និងមិត្តភក្ដិ ទើបមានការបាញ់ព្រមាន។

ក្រោយ​ហេតុការណ៍បាញ់បោះនេះ ​លោក​ ឡាយ ប៊ុន​ធី ត្រូវ​បានកម្លាំង​សមត្ថកិច្ច​វៀតណាមដកហូត​អាវុធ និង​ឃាត់ខ្លួន​នៅ​ស្រុក​ទិន​បៀ​ង ដើម្បី​ចាត់ការ​តាមច្បាប់​។

អ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ទូច ហុន បានឲ្យ VOD ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកពិបាកពន្យល់ឡើងវិញអំពីករណីជម្លោះនេះ ដោយលោកថា វាបានកើតឡើងយូរហើយ។ ប៉ុន្ដែលោកបន្ថែមថា បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក ឡាយ ប៊ុន​ធី បានប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការវៀតណាម ពាក់ព័ន្ធនឹងការចោទប្រកាន់នោះ។

លោកថា៖ «តែឥឡូវ ខាងមេធាវី គេប្ដឹងជំទាស់ហើយ អត់ស្គាល់ឈ្មោះមេធាវីខាងការពារ ឲ្យនិយាយសារដើម វាវែងណាស់»។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ត្រឹង វ៉ាន់ថុង បានទេ។

ពាក់ព័ន្ធករណីនេះដែរ ក៏មិនទាន់មានចំណាត់ការណាមួយពីខាងភាគីកម្ពុជា ថាតើនឹងមានការស្នើនាំខ្លួនលោក ឡាយ ប៊ុន​ធី ដើម្បីមកទទួលទោសនៅកម្ពុជា ឬអត់នោះទេ។​

កាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៦ កន្លងទៅ មន្រី្តរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួននៅតែបន្ដរងចាំការឆ្លើយតបរបស់ភាគីវៀតណាម ពាក់ព័ន្ធការបញ្ជូនខ្លួនបុរសជនជាតិវៀតណាមឈ្មោះ ង្វៀន ថាញ់ដុង ដែលបានធើ្វទារុណកម្ម ដោយប្រើឧបករណ៍ឆក់ក្បាល ជើង មួលកនិងប្រដាប់ភេទ លើកុមារកម្ពុជាម្នាក់ នៅខេត្តរតនៈគិរី៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment