វិចិត្រករ​ល្បី​សល់​ស្នាដៃ​ក្នុងវាំង ទទួល​មរណភាព​ទាំង​ជីវភាព​ខ្សត់ខ្សោយ​ប្រពន្ធ​លក់សាច់​សុនខ

លោក ផូ សុងហេង ដែល​ល្បីថា​ជា​វិចិត្រករ​សង់រូប​សំណាក​តាដំបង​គ្រញូង បាន​ទទួល​មរណភាព​ម្សិលមិញ​​។ រូប សហការី

លោក ផូ សុងហេង ដែល​ល្បីថា​ជា​វិចិត្រករ​សង់រូប​សំណាក​តាដំបង​គ្រញូង បាន​ទទួល​មរណភាព​ម្សិលមិញ​​។ រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ក្នុង​វ័យ ៧៥ ឆ្នាំ លោកតា ផូ សុងហេង ដែល​គេស្គាល់​ជា វិចិត្រករ រូប​សំណាក​លោកតា​ដំបង​គ្រញូង និមិត្តរូប​ខេត្ត​បាត់ដំបង និងរន្ទឺ​ដោយ​បារមី​សណ្ឋិត​ក៏ពូកែ​ស័ក្តិសិទ្ធិ រួមនឹង​ស្នាដៃ​ចម្លាក់​នៅក្នុង​ព្រះ បរមរាជវាំង​ក៏មាន​ចំណែក។ ថ្ងៃទី ៨ មិនា ម្សិលមិញ វិចិត្រករ​ងារ​ឪតា​ដំបង​គ្រញូង ដែល​បោះបង់​អាជីព ទៅ​បើករបរ​លក់សាច់​សុនខ បានទទួល​មរណភាព ចោល​ស្នាដៃ​ដែលជា​មរតក​នោះបាត់​ហើយ។

ព្រមនឹង​ដំណឹង​មរណភាព វិចិត្រករ ស្ថាបនា​រូបសំណាក​លោកតា​ដំបង​គ្រញូង ក្នុង​បណ្តាញ​សង្គម​ក៏មានសារ​ពណ៌នា គ្រប់គ្នា​ដែល​ស្គាល់ ខេត្ត​បាត់ដំបង ឬ និយាយ​ពីខេត្ត​បាត់ដំបង គេតែងតែ​ស្គាល់តា​ដំបងគ្រញូង តែគេ​មិនដែល​នឹកដល់​វិចិត្រករ​តាដំបង​គ្រញូង​ទេ ឬក៏​ភាគតិច​ណាស់​ដែលបាន​នឹកឃើញ។ គាត់គឺ​លោកតា ផូ សុងហេង ដែល​ទទួល​មរណភាព​នៅ​ថ្ងៃទី ៨ មីនា ម្សិលមិញ​ហើយ ។

ក្រៅពីនេះ​ស្នាដៃ​រចនា នៅតាម​ទីអារាម​ជាច្រើន​ក្នុងខេត្ត​បាត់ដំបង ។ លោកតា ក៏ជា​អ្នកធ្លាប់​ឆ្លាក់ក្បាច់​នៃ​អគារ​ខ្លះក្នុង​ព្រះបរមរាជវាំង និងក្បាច់​នៅតាម​អគារ​សាលា​ជាស៊ីម​បឹងកេងកង ក្នុងរាជធានី​ភ្នំពេញ​ផងដែរ។ ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន តក់ស្លុត​ក្រោយ​ការកោត​សរសើរ​លើមរតក​ស្នាដៃ បន្សល់​ជាកេរ​វប្បធម៌ របស់ លោក តា សុងហេង​នោះ គឺ ត្រូវបាន​គេទម្លាយ​ថា «ក្នុង​ជីវិត​ជាវិចិត្រករ លោកតា មាន​ជីវភាព​យ៉ាប់​យ៉ឺន។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ លោកតា​និងភរិយា បានប្រកប​របរ​បើកហាង​លក់​សាច់ឆ្កែ នៅក្រោយ​ស្នងការ​ខេត្ត​បាត់ដំបង ក៏ចាប់​តាំងពី​ពេល​នោះមក​ដែរ ដែល​អាជីព ជាវិចិត្រករ​របស់​លោកតា ត្រូវបាន​ជីកកប់​ដោយសារតែ​ប្រែក្លាយ​មុខរបរ​ដើម្បី​ជីវភាព»។


រូបសំណាក​លោក​តា​ដំបង​គ្រញូង នៅ​ទីក្រុង​បាត់ដំបង​​​។ ហុង មិនា

រូបសំណាក​លោក​តា​ដំបង​គ្រញូង នៅ​ទីក្រុង​បាត់ដំបង​​​។ ហុង មិនា

លោកយាយ វ៉ាត អ៊ាង ដែលជា​ភរិយា​សព​វិចិត្រករ​ងារ ឪតា ដំបង​គ្រញូង ក៏ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹងថា៖ «កាលពី​យប់​ថ្ងៃទី ៧ មីនា ម្សិលមិញ គាត់បាន​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក ។ បន្ទាប់ពី​គ្រួសារ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ពេទ្យ​ប្រាប់ថា ឈាមបាន​ច្រាល់​ពេញ​ខួរក្បាល​មិនអាច​សង្គ្រោះ​បាន។ លុះដល់​ម៉ោង ៦ ព្រឹក​ថ្ងៃទី ៨ មីនា គាត់​បានទទួល​មរណភាព»។

ភរិយា វិចិត្រ​ម្ចាស់​រូបសំណាក​តា ដំបង​គ្រញូង ក៏បាន​រំឭកថា៖ «ក្រៅពី​ល្បីឈ្មោះ គាត់​ឆ្លាក់​រូបសំណាក ល្បី​ជាច្រើន​នៅទឹក​ខេត្ត​បាត់ដំបង ពិសេស​តា ដំបង​គ្រញូង​នោះ នៅ​អំឡុង​ឆ្នាំ ២០០៧ គាត់ក៏​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល ហៅ​ទៅឆ្លាក់​រូបនេះ​នៅក្នុង​វាំង រយៈពេល​មួយខែ»។

ពោល​ទាំង​សំឡេង​ក្តុកក្តួល​អូល​ដើមក លោក យាយ វ៉ាត អ៊ាង បង្ហាញថា លោក សុង​ហេង មាន​កំណើត​មកពី​ស្រុក​ស្អាង​ព្រែកតូច ខេត្តកណ្តាល និង​រៀបការ​ជាមួយ​លោកយាយ​នៅខេត្ត​បាត់ដំបង មានកូន​ប្រុស ស្រី​ចំនួន ៤ នាក់​។

លោកយាយ​បញ្ជាក់ថា៖ «ដោយសារ​វ័យក៏​កាន់តែ​ជរា ខ្ញុំក៏​ឈប់ឲ្យ​គាត់​ធ្វើជា​ជាង​ចម្លាក់ ហើយ​ឈប់​មកធ្វើ​របរ​លក់សាច់​ឆ្កែ ពីរនាក់​យាយតា រកកម្រៃ​ចិញ្ចឹមជីវិត​លុះ​សព្វថ្ងៃ។ តែខ្ញុំ​ក៏មិន​ដែល​ឲ្យ​គាត់​ធ្វើអី​ដែរ ក្រៅពី​ជួយ​លក់ដូរ​តិចតួច​នោះ»៕

What Next?

Recent Articles

Leave a Reply

Submit Comment