មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​មិន​ចង់​និយាយ​រឿង​សារ​បែក​ធ្លាយ​របស់​គ្រួសារ​ត្រកូល ហ៊ុន

ដោយ យាង សុជាមេត្តា
2017-03-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។ Photo: RFA
(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។ Photo: RFA



អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ មីនា ថា លោក​មិន​ចង់​និយាយ​ពី​រឿង​សារ​បែក​ធ្លាយ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នោះ​ទេ។ ការ​ថ្លែង​របស់​លោក ឈុំ សុជាតិ ដូចនេះ ស្រប​ពេល​ដែល​គ្រួសារ​លោក ហ៊ុន សែន នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​បែក​ធ្លាយ​នេះ​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ។

ការ​ដែល​អាស៊ីសេរី​ទាក់ទង​ទៅ​កាន់​មន្ត្រី​ក្រសួង​ការពារ​ជាតិ ចំពោះ​រឿង​បែក​ធ្លាយ​សារ​សន្ទនា​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ហេតុ​ថា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង​កូន​ប្រុស​ទី​២ គឺ​លោក ហ៊ុន ម៉ានិត គឺ​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សារ​បែក​ធ្លាយ​នោះ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បដិសេធ​មិន​អត្ថាធិប្បាយ ឬ​ប្រាប់​ពី​ចំណាត់ការ​របស់​ក្រសួង​យ៉ាង​ណា​ចំពោះ​ការ​បែក​ធ្លាយ​នេះ​ឡើយ ដោយ​និយាយ​ថា លោក​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ។

មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល ៤​ថ្ងៃ​ហើយ​ដែល​អាស៊ីសេរី បាន​ដាក់​លិខិត​ទៅ​កាន់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៨ មីនា អាស៊ីសេរី បាន​ទាក់ទង​ជំនួយការ​របស់​លោក ហ៊ុន ម៉ាណែត ដែល​មិន​ប្រាប់​ឈ្មោះ ដើម្បី​ចង់​ដឹង​ថា តើ​លោក ហ៊ុន ម៉ាណែត បាន​ទទួល​លិខិត​របស់​អាស៊ីសេរី ហើយ​ឬ​នៅ? ជំនួយការ​លោក ហ៊ុន ម៉ាណែត រូប​នេះ​បាន​និយាយ​ថា លោក​នឹង​ពិនិត្យ​មើល​ជាមួយ​ផ្នែក​រដ្ឋបាល រួច​ឆ្លើយតប​នៅ​ថ្ងៃ​ទី​៩ មីនា ប៉ុន្តែ​នៅ​ពេល​អាស៊ីសេរី​ទាក់ទង​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៩ មីនា លោក​មិន​លើក​ទូរស័ព្ទ​ឡើយ។

អាស៊ីសេរី ក៏​បាន​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​នៅ​ក្នុង​សារ​បែក​ធ្លាយ​ដែល​មាន​ឈ្មោះ​លោក ហ៊ុន ម៉ាណែត និង​លេខ​ទូរស័ព្ទ តែ​ម្ចាស់​ទូរស័ព្ទ​មិន​លើក​ដូច​គ្នា។

ប្រភព​ឈ្មោះ «អង្គរ​បុរី» បាន​ផ្ញើ​សារ​ឆ្លើយឆ្លង​ឯកជន​ជាង ១០០​ទំព័រ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​ទៅ​កាន់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ​ក៏​ត្រូវ​បាន​លោក សម រង្ស៊ី បញ្ចេញ​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១ មីនា។

ក្នុង​សារ​បែក​ធ្លាយ​នោះ គេ​ឃើញ​មាន​ជាប់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន កូនៗ​លោក រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា អ្នកស្រី ហ៊ុន ម៉ាលី និង​កូន​ប្រុស​បី​នាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។ លើស​ពី​នេះ ក៏​មាន​សារ​ជា​ភាសា​បារាំង ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។

អាស៊ីសេរី ក៏​បាន​ទាក់ទង​លោក សម រង្ស៊ី ដែរ​នៅ​ថ្ងៃ​នេះ តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

ចំពោះ​កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ ជា​មេ​បញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​រង​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សារ​បែក​ធ្លាយ​នោះ​គេ​ឃើញ​មាន​ការ​សន្ទនា​អំពី​ករណី​បណ្ដឹង​របស់​លោក​នៅ​តុលាការ​សហរដ្ឋ​អាមេរិក ពី​ការ​សុំ​យោបល់​ដើម្បី​ចូល​ធ្វើ​ជា​ទាហាន ពី​ការ​ដឹង​គុណ​របស់​ជនជាតិ​ប៉ាគីស្ថាន ឈ្មោះ Joseph Matthews ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ជួយ​ឲ្យ​បុរស​រូប​នេះ​ទទួល​បាន​សញ្ជាតិ​កម្ពុជា និង​ពី​ការ​ប្ដេជ្ញា​របស់​បុរស​រូប​នេះ​ក្នុង​ការ​បម្រើ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន មួយ​ជីវិត និង​ការ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​យក​ឈ្នះ​ការ​បោះឆ្នោត ជាដើម។ ក្រៅ​ពី​នោះ ក៏​មាន​ការ​សន្ទនា​ពី​ការ​ស្នើសុំ​លោក ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​គ្នា ការ​ស្នើសុំ​ផ្ទះ​ពី​លោក ហ៊ុន ម៉ាណែត រស់នៅ និង​ការ​ស្នើ​ពី​កាស៊ីណូ​ណាហ្គា​វើល (NAGA WORLD) ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ជាដើម។

នៅ​ក្នុង​សារ​ដែល​កាស៊ីណូ​ណាហ្គា​វើល ផ្ញើ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត អ្នក​ផ្ញើ​ដែល​មាន​ឈ្មោះ​ថា Uncle Chenlipkeong Naga ឬ ពូ Chenlipkeong Naga បាន​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សំឡេង​នៃ​ការ​ប្រគំ​តន្ត្រី​ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ទិវា ៧ មករា ដែល​នៅ​ក្បែរ​កាស៊ីណូ​នោះ មាន​សំឡេង​លាន់​ឮ​ខ្លាំង​រំខាន​ទៅ​ដល់​អតិថិជន​របស់​កាស៊ីណូ​ណាហ្គា​វើល។ អ្នក​ផ្ញើ​ឈ្មោះ ពូ Chenlipkeong Naga បញ្ជាក់​ប្រាប់​លោក ម៉ាណែត ថា ដោយសារ​តែ​ការ​រំខាន​នៃ​សំឡេង​ប្រគំ​តន្ត្រី​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ហើយ​បាន​ចេញ​ពី​កាស៊ីណូ​ណាហ្គា​វើល។

ទោះ​ជា​យ៉ាង​ណា សារ​ដែល​លេច​ធ្លាយ​នេះ​ជា​សារ​ផ្ញើ​តាម Text SMS ហើយ​ឃើញ​មាន​តែ​ម្ខាង ពោល​គឺ​ពី​អ្នក​ដែល​សរសេរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ដោយ​មិន​ឃើញ​លោក ហ៊ុន ម៉ាណែត ឆ្លើយតប​វិញ​ទេ។

ក្នុង​លិខិត​ទៅ​កាន់​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល អាស៊ីសេរី ចង់​ដឹង​ថា តើ​សារ​ទាំងនោះ​ពិត​ជា​របស់​ពួក​គាត់ ឬ​យ៉ាង​ណា? ហើយ​ថា តើ​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​ការ​បញ្ចេញ​សារ​សន្ទនា​សម្ងាត់​ដែល​រំលោភ​ច្បាប់​បែប​នេះ?

បើ​ទោះ​ជា​ការ​ទម្លាយ​សារ​សម្ងាត់​បែប​នេះ អាច​ជួយ​ឲ្យ​សាធារណជន​ដឹង​ពី​ទង្វើ​បិទ​បាំង​លាក់លៀម​របស់​មេ​ដឹកនាំ ឬ​មន្ត្រី​រាជការ​ក៏ដោយ ក៏​អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​លួច​ថត​ការ​សន្ទនា​ឯកជន​របស់​គេ​យក​មក​ផ្សព្វផ្សាយ គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បំពាន​លើ​សិទ្ធិ​ឯកជន ដែល​រដ្ឋ​មាន​តួនាទី​ការពារ និង​ទទួល​ខុស​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​មិន​ចង់​និយាយ​រឿង​សារ​បែក​ធ្លាយ​របស់​គ្រួសារ​ត្រកូល ហ៊ុន"

  1. people says:

    Dracular family’

Leave a Reply

Submit Comment