លោក គឹម សុខ ថា​គេ​ចង់​ឲ្យ​លោក​ធ្វើ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​បក្ស​កាន់​អំណាច

ដោយ ខែ សុណង
2017-03-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang


ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា មក​សាកសួរ​បន្ថែម​ទាក់ទង​ក្រោម​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី។ ប៉ុន្តែ​លោក​បាន​អះអាង​ថា តុលាការ​មិន​បាន​សាកសួរ​អ្វី​ដល់​លោក​ទេ ដោយសារ​តែ​មេធាវី​របស់​លោក​សុំ​ពន្យារ​ពេល។

មុន​ឡើង​រថយន្ត​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​វិញ លោក គឹម សុខ បាន​ថ្លែង​ដោយ​ខ្លី​ថា មាន​ការ​បង្ខិតបង្ខំ​ឲ្យ​លោក​ធ្វើ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជំនាន់​ថ្មី បើ​សិន​ជា​លោក​ចង់​បាន​ការ​ដោះលែង។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ បាន​អះអាង​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​រឹត​បន្តឹង​ពី​កង​សន្តិសុខ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​នោះ​ថា តុលាការ​មិន​បាន​សាកសួរ​អ្វី​ដល់​លោក​ទេ ដោយសារ​តែ​មេធាវី​របស់​លោក​សុំ​ពន្យារ​ពេល។ ប៉ុន្តែ​លោក​ឆ្លៀត​និយាយ​យ៉ាង​តក់ក្រហល់​ថា មាន​អ្នក​ដាក់​លក្ខខណ្ឌ​អោយ​លោក​ជា​ថ្នូរ​នឹង​ការ​ដោះលែង៖ «តុលាការ​អត់​មាន​សួរ​អី​ខ្ញុំ​ទេ! គេ​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជំនាន់​ថ្មី បើ​សិន​ជា​ខ្ញុំ​ចង់​បាន​ការ​ដោះលែង»

បើ​ទោះ​ជា​យ៉ាង​ណា លោក គឹម សុខ ពុំ​មាន​ពេល​វេលា​និយាយ​អោយ​បាន​ច្បាស់​លាស់​ថា អ្នក​ណា​ជា​អ្នក​ដាក់​លក្ខខណ្ឌ​ ហើយ​មូលហេតុ​អ្វី​ទើប​គេ​ត្រូវ​ការ​រូប​លោក​នោះ​ឡើយ ដ្បិត​លោក​ត្រូវ​កង​សន្តិសុខ​បង្ខំ​បញ្ជូន​ចេញ​ពី​តុលាការ​ភ្លាមៗ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់។ ជាក់ស្ដែង​ការ​តស៊ូ និង​កាន់កាប់​អំណាច​ជិត ៤០​ឆ្នាំ​មក​នេះ ពុំ​មាន​វត្តមាន​លោក គឹម សុខ ចូលរួម​ចំណែក​នោះ​ទេ៖ «វា​គ្រាន់​តែ​ជា​មោទនភាព​បុគ្គល​គាត់​តែ​ប៉ុណ្ណោះ​ទេ តើ​គាត់​មាន​សារសំខាន់​អី​ទៅ? គណបក្ស​ប្រជាជន ខ្ញុំ​យល់​ថា មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ហើយ​មិន​បាច់​ទៅ​ពឹង​ពាក់​អី​លោក គឹម សុខ ទេ។ ពី​ដើម​មក​យើង​ធ្វើ​តាំង​ពី​១៩៧៩ រហូត​មក​ដល់​ថ្ងៃ​នេះ មាន​ដែល​មាន​មុខ គឹម សុខ ឯ​ណា​នៅ​ក្នុង​ការងារ​របស់​គណបក្ស វា​អត់​ទេ! (សើច…)»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា គឺ​ពេល​ដែល​​​លោក គឹម សុខ ត្រូវ​បញ្ជូន​ទៅ​សាលាឧទ្ធរណ៍​ចូល​រួម​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ លោក​បាន​អះអាង​ស្រដៀង​គ្នា​ម្ដង​រួច​មក​ហើយ ដោយ​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ឈប់​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក​នៅ​ក្នុង​ពន្ធនាគារ និង​គំរាម​ដាក់​លោក​​ក្នុង​គុក​ងងឹត ដោយ​ឲ្យ​លោក​សរសេរ​លិខិត​សុំ​ទោស​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ។

មេធាវី​ការពារ​ក្ដី​របស់​លោក គឹម សុខ គឺ​លោក​មេធាវី ជូង ជូងី ឲ្យ​ដឹង​ថា លោក​មិន​បាន​ចូលរួម​ស្ដាប់​ការ​សាកសួរ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ទេ ដោយ​លោក​បាន​ដាក់​ពាក្យ​ពន្យារ​ពេល​ការ​សួរ​ចម្លើយ ព្រោះ​តែ​លោក​ជាប់​រវល់ ប៉ុន្តែ​តុលាការ​នៅ​តែ​បញ្ជូន​កូន​ក្ដី​របស់​លោក​មក។ លោក​មេធាវី​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើប និង​ដំណាក់កាល​អយ្យការ លោក គឹម សុខ មិន​ទាន់​បាន​ផ្ដល់​ចម្លើយ​ពាក់ព័ន្ធ​អង្គហេតុ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ពឹង​មេធាវី។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា បាន​កោះ​ហៅ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដើម្បី​សាកសួរ​បន្ថែម​ទាក់ទង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី។

លោក គឹម សុខ ត្រូវ​​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ តាម​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​ដែល​មាន​លោក​មេធាវី គី តិច ជា​តំណាង ក៏​បាន​ប្ដឹង​លោក គឹម សុខ មួយ​ករណី​ទៀត​ដែរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ដោយ​ចោទ​លោក គឹម សុខ ថា​បរិហារកេរ្តិ៍​រដ្ឋាភិបាល ថា​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស។ បណ្ដឹង​លើក​ទី​២​នេះ លោក ហ៊ុន សែន ទាមទារ​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ បិទ​បញ្ចប់​សវនាការ​អសាធារណៈ ដោយ​ច្រាន​ចោល​បណ្ដឹង​របស់​លោក​មេធាវី ជូង ជូងី ដែល​ស្នើ​សុំ​ឲ្យ​លោក គឹម សុខ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ជុំវិញ​ការ​ស្នើ​សុំ​ឲ្យ​លោក គឹម សុខ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ មេធាវី​របស់​លោក គឹម សុខ គ្រោង​នឹង​បន្ត​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក គឹម សុខ ថា​គេ​ចង់​ឲ្យ​លោក​ធ្វើ​ជា​មនុស្ស​ស្នូល​ក្នុង​ការ​អនុវត្ត​ផែនការ​បក្ស​កាន់​អំណាច"

  1. RTN Hun says:

    ​ស៊ូស្លាប់ដើម្បីសេរីភាព យុត្តិធម៌ និងជាតិ។ ខ្ញុំសូមគោរពដោយស្មោះនូវវីរភាពរបស់លោក។

  2. VV says:

    Nothing will be remain after life; your money, your personal materializes will taken away or destroyed by other people but your reputation, your vision, your true commitment to your Nation will remain for ever. You name will imbedded in the heart of Khmer people for generations to come. The best tool to fight the current evil forces is sacrificing.

  3. Anonymous says:

    Libérez Kim Sok !

  4. people says:

    Mr KIM-LEY, mr KIM_SOK are the real hero for khmer people in this generation. The world and people knew what going on in cambodia and the world knew that this government leaded by veitcong mafia dictator and his groups against the cambodian people’s will and never obey the law or constitution ,why sok ach sann said we don’t need mr kim-sok in cpp party? we have alot since 1979′ what a leech ” sok ach sann and his dictator boss are scaring one word ‘change ,change(do -do-do) defend minister could not sleep because of this word ‘ funny sok ach sann’ your boss sam-kok way not work anymore because people understand about bad criminal of your party .GOD bless all cambodian people ‘

Leave a Reply

Submit Comment