លោក សម រង្ស៊ី ប្រតិកម្ម​នឹង​ការ​ចោទ​ថា​លោក​មួលបង្កាច់​គ្រួសារ​ត្រកូល​ហ៊ុន

ដោយ ម៉ម មុនីរតន៍
2017-03-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ Photo: RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ Photo: RFA


អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​អះអាង​ថា លោក​បាន​និយាយ​មិន​ល្អ​ពី​ក្រុម​គ្រួសារ​ត្រកូល “ហ៊ុន”។

ប្រតិកម្ម​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ដោយ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី បាន​បរិហារកេរ្តិ៍​ក្រុម​គ្រួសារ​របស់​លោក ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ទាមទារ​ឲ្យ​អតីត​មេ​បក្ស​ប្រឆាំង ត្រូវ​ដោះស្រាយ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

បើ​ទោះ​ជា​បែប​ណា អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​ពុំ​មែន​ជា​ការ​ពិត​ឡើយ ហើយ​ចាត់​ទុក​ជំហរ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា ជា​ការ​ប្រឌិត​រឿងរ៉ាវ​ខុស​ពី​ការ​ពិត ដើម្បី​មួលបង្កាច់​រូប​លោក​ទៅ​វិញ ក្នុង​បំណង​កម្ទេច​ជីវិត​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​លោក សម រង្ស៊ី នេះ​ធ្វើ​ឡើង​ប្រមាណ ១​សប្ដាហ៍​ក្រោយ​ពេល​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ ដោយ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា​បាន​ដើរ​និយាយ​អាក្រក់​ពី​ក្រុម​គ្រួសារ​របស់​លោក។ អតីត​ប្រធាន​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដោយ​បដិសេធ​ថា លោក​ពុំ​ធ្លាប់​និយាយ​រឿង​ឯកជន​ពី​គ្រួសារ​របស់​លោក ហ៊ុន សែន ម្ដង​ណា​ទេ។ ថ្វី​បើ​ពេល​នេះ លោក សម រង្ស៊ី ពុំ​បាន​និយាយ​ចំ​ឈ្មោះ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ចោទ​ប្រកាន់​លោក​ថា តែង​និយាយ​ពី​ក្រោយ​ខ្នង​មិន​ល្អ​ពី​គ្រួសារ​នោះ ជា​អ្នក​ណា​ក្ដី ទំនង​ជា​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ចង់​សំដៅ​ឲ្យ​លោក ហ៊ុន សែន ដែរ។

អតីត​មេ​បក្ស​ប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​ជា​ច្រើន​សំណុំ​រឿង​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​មេដឹកនាំ​ដែល​មាន​ចរិត​មិន​ថ្លៃថ្នូរ មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ផ្ទុយ​ទៅ​វិញ ពូកែ​ចំណាយ​ពេល​លួច​ស្ដាប់ និង​ថត​សំឡេង​គេ​យក​ទៅ​កាត់​ត ក្នុង​បំណង​តែ​ម្យ៉ាង​គឺ​ដើម្បី​លាតត្រដាង​រឿង​ឯកជន​របស់​អ្នក​ដទៃ។ លោក សម រង្ស៊ី បន្ត​ថា បើ​ទោះ​ជា​ដឹង​ថា រឿង​នោះ​ជា​រឿង​ដែល​កំប៉ិកកំប៉ុក ឬ​ជា​រឿង​ដែល​អត់​ទាក់ទង​ផលប្រយោជន៍​ជាតិ​អ្វី​សោះ​ក៏ដោយ ក៏​ឆ្លៀត​ប្រឌិត​រឿង​ទាំង​នេះ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង និង​ធ្វើ​បាប​រូប​លោក​ផ្ទាល់​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ហាក់​បង្ហាញ​មន្ទិល​សង្ស័យ​ចំពោះ​វត្តមាន​លោក សម រង្ស៊ី ក្នុង​ឆាក​នយោបាយ​នេះ។ លោក​បន្ត​ថា បើ​អតីត​មេ​បក្ស​នេះ បាន​ជា​ឈប់​ទៅ​ហើយ ហេតុ​ដូច​ម្ដេច​នៅ​បន្ត​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​នេះ​ទៀត៖ «អា​នេះ​ពិត​ជា​មនុស្ស​អាក្រក់​មែន​តែម្ដង! អ៊ីចឹង​បាន​ថា ឆ្នាំង​ណា​គ្រប​ហ្នឹង ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់។ ខ្ញុំ… ប៉ុណ្ណឹង​ល្មម​យល់​ន័យ​ហើយ។ អ៊ីចឹង​បាន​វា​អ៊ីចឹង រស់​នៅ​មិន​សុខ​នឹង​គេ​ហ្នឹង​ឯង។ ទេ! ឥឡូវ​ចាក​ចេញ​ទៅ​ហើយ នៅ​មក​វិលវល់ៗ មិន​ប្រកាច់​នៅ​ឲ្យ​ស្ងៀម​សិន​មើល!»

ទាក់ទង​រឿង​ដ៏​ចម្រូងចម្រាស និង​ទំនាស់​ផ្នែក​នយោបាយ​នេះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា កន្លង​ទៅ​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា ជា​មនុស្ស​មិន​ស្មោះត្រង់ ចាប់​ដៃ​ជាន់​ជើង និង​មិន​ខុស​អី​ពី​កាំបិត​មុខ​ពីរ​ប៉ុន្មាន​នោះ​ឡើយ ដែល​លោក​ពុំ​អាច​លើកលែង​ឲ្យ​បាន​ទេ​ចំពោះ​រឿង​នេះ។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​កោះ​ពេជ្រ។ លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា លោក​មិន​ដែល​ខ្លាច​នរណា​ទាំង​អស់ ទោះ​លេង​ក្នុង​រូបភាព​ណា​ក៏ដោយ។ ការ​គំរាម​របស់​ប្រធាន​បក្ស​កាន់​អំណាច​នេះ មិន​ត្រឹម​តែ​ធ្វើ​ចំពោះ​លោក សម រង្ស៊ី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ព្រមាន​​រហូត​ដល់​សព​ឪពុក​របស់​លោក សម រង្ស៊ី ថែម​ទៀត​ផង៖ «សូម​ផ្ដាំ កុំ​ថា រង្ស៊ី មួយ ១០០ រង្ស៊ី ហើយ​ហៅ​ទាំង​ខ្មោច សម សារី ដែល​ជា​ឪ​លោក​ឯង​ក្បត់​ជាតិ​មក​ទៀត ក៏ ហ៊ុន សែន មិន​ខ្លាច​ដែរ។ សូម​ផ្ដាំ​ទៅ​លោក​ឯង ខ្ញុំ​មិន​ដែល​ចេះ​ខ្លាច​អ្នក​ណា​ទេ មួយ​ជីវិត​របស់ ហ៊ុន សែន នេះ»

ទំនាស់​ផ្នែក​នយោបាយ​ដែល​បង្កើត​ទៅ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ទៅ​ហើយ​នៅ​ពេល​នេះ គេ​សង្កេត​ឃើញ​ថា កើត​ឡើង​នៅ​ពេល​បក្ស​ប្រឆាំង​តែង​ព្យាយាម​បង្ហាញ​ពី​បញ្ហា​ដែល​បក្ស​កាន់​អំណាច​ចង់​លាក់លៀម។ ផ្តើម​ចេញ​ពី​រឿង​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ រហូត​​បង្កើត​បាន​​​ច្បាប់​ស្ដីពី គ.ជ.ប ថ្មី​ដ៏​ចម្រូងចម្រាស ហើយ​បន្ទាប់​មក​ការ​ខ្វែង​គំនិត​គ្នា​រឿង​បោះ​បង្គោះ​នៅ​តាម​ព្រំដែន រហូត​​បង្ខំ​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ស្នើ​ផែនទី​មក​ផ្ទៀងផ្ទាត់​ទៀត។ចុង​ក្រោយ​​លោក កឹម សុខា ត្រូវ​សមាជិក​សភា​ពី​ខាង​បក្ស​កាន់​អំណាច បោះឆ្នោត​ទម្លាក់​ចេញ​ពី​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋសភា ហើយ​ដំណាលគ្នា​នេះ អង្គរក្ស​លោក ហ៊ុន សែន វាយ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ និង​មាន​ព្រឹត្តិការណ៍​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​គុក​ថែម​ទៀត។ បញ្ហា​កាន់​តែ​ស្មុគស្មាញ​ជាង​នេះ នៅ​នាទី​ចុង​ក្រោយ ច្បាប់​ស្ដីពី​បក្ស​នយោបាយ បាន​បង្ខំ​ចិត្ត​ឲ្យ​លោក សម រង្ស៊ី ត្រូវ​លា​ឈប់​ពី​ប្រធាន​បក្ស​ទាំង​មិន​អស់​អាល័យ ស្រប​ពេល​ឯកសារ​សន្ទនា​ជា​បុគ្គល​ពី​ខាង​បក្ស​ប្រឆាំង ក៏​ត្រូវ​បែក​ធ្លាយ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​ការវិវត្តន៍​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​លើក​ឡើង​ថា ដោយសារ​សម្ពាធ​ខាង​នយោបាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល។ ក្នុង​ពេល​តុលាការ​មិន​អាច​ស្ថិត​នៅ​ដោយ​ឯករាជ្យ​បាន បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​សង្គម​ក្លាយ​ជា​សង្គម​ដែល​សំបូរ​ទៅ​ដោយ​អំពើ​អយុត្តិធម៌។ លោក​ថា អ្នក​ទទួល​ថ្មបាក់​ពី​ភាព​លម្អៀង​នេះ គឺ​ជា​ពលរដ្ឋ​ម្ចាស់​​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ប្រតិកម្ម​នឹង​ការ​ចោទ​ថា​លោក​មួលបង្កាច់​គ្រួសារ​ត្រកូល​ហ៊ុន"

  1. asen says:

    អាចំកួតនេះជិតដល់ថ្ងៃប្រជាជនកាត់ក្បាលហេីយ អាត្រកូលហ៊ុនសាដាមហ៊ូសេននិងហ្គាដាហ្វីកំពុងរងចាំទៅផេកសុីនៅឋាននរកអវិចី៕

  2. people says:

    Sa dam hun-sen will go to hell soon’

Leave a Reply

Submit Comment