អ្នក​ច្បាប់​និង​អ្នក​វិភាគ​យល់​ថា​ដើម្បី​ការពារ​ការ​លួច​ថត​សំឡេង​អាជ្ញាធរ​គួរ​អនុវត្ត​ច្បាប់​មាន​ស្រាប់

ដោយ សាន សែល
2017-03-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ (ឆ្វេង) និង​លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ (ឆ្វេង) និង​លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ បញ្ជាក់​ថា ការ​បញ្ចេញ​ការ​សន្ទនា​ឯកជន​ជា​សាធារណៈ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ អាច​ត្រូវ​ទប់ស្កាត់​បាន​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ជាជាង​បង្កើត​ច្បាប់​ថ្មី។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បង្ហាញ​គំនិត​ចង់​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ការពារ​សិទ្ធិ​ឯកជន។

ធ្លាប់​កើត​មាន​ហើយ​ការ​សន្ទនា​ឯកជន​ជា​ស៊េរី ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ស្រី​កំណាន់ ការ​សន្ទនា​ដែល​គេ​សង្ស័យ​ថា​ជា​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​ក្រុម​អ្នក​រក​ស៊ី និង​តារា​ហ្វេសប៊ុក (facebook) ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​អ៊ីនធឺណិត ពិសេស​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដែល​ស្លាប់ ក៏​ត្រូវ​បាន​ទម្លាយ​ដែរ។

សារ​សន្ទនា​ដែល​លេច​ធ្លាយ​ខ្លះ​បណ្ដាល​ឲ្យ​ម្ចាស់​សារ​ដែល​គេ​សង្ស័យ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា ការ​បញ្ចេញ​សារ​សន្ទនា​សម្ងាត់​បែប​នេះ គឺ​បំពាន​ច្បាប់ និង​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន ដែល​ជា​ផ្នែក​សំខាន់​នៃ​សិទ្ធិ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​១០ មីនា លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ដែល​ជា​រឿយៗ​ច្រាន​ចោល ​របាយការណ៍​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​ព្រួយ​បារម្ភ​ពី​ការ​មិន​មាន​សុវត្ថិភាព​នៃ​ការ​សន្ទនា​គ្នា​តែ​ពីរ​នាក់ តែ​ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណៈ​តាម​មធ្យោបាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​ដែរ។

ទោះ​បី​ជា​នៅ​ប្រទេស​កម្ពុជា មាន​ច្បាប់​មួយ​ចំនួន​ចែង​ពី​ការ​ការពារ​សិទ្ធិ​ឯកជន​ហើយ​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ​ផ្តល់​យោបល់​ថា កម្ពុជា ត្រូវការ​ច្បាប់​ថ្មី​ដាច់​ដោយឡែក​មួយ​ទៀត ដើម្បី​ធានា​ការ​សម្ងាត់​នៃ​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន​នេះ​បាន។

ក៏ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ មិន​យល់​ស្រប​ថា ច្បាប់​ថ្មី​អាច​រក្សា​សិទ្ធិ​ឯកជន​បាន​ប្រសើរ​ទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​នៅ​ខ្វះ​ប្រសិទ្ធភាព។ លោក​មេធាវី​ផ្តល់​យោបល់​ថា អាជ្ញាធរ​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មាន​ស្រាប់ ដែល​ត្រូវ​បាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ដើម្បី​ទប់ស្កាត់​ការ​លួច​ថត​សំឡេង និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ «ធ្វើ​ច្បាប់​មួយ​ទៀត​ក៏​បាន ក៏ប៉ុន្តែ​យើង​មាន​ច្បាប់​ព្រហ្មទណ្ឌ។ យើង​មាន​ច្បាប់​ទូរគមនាគមន៍ ដូចជា​ច្បាស់​ហើយ។ ដូច្នេះ អនុវត្ត​ឲ្យ​ល្អ​តិច​ទៅ! ខ្ញុំ​មិន​ដឹង​ថា ទាល់​អ្វី​បាន​ជា​ច្បាប់​នេះ​គេ​មិន​យក​អនុវត្ត​ទេ។ តែ​បើ​សិន​ជា​មាន​ការ​អនុវត្ត​ត្រឹមត្រូវ អាច (ប្រើ) បាន​ដូច​គ្នា មិន​ចាំបាច់​មាន​ច្បាប់​ផ្សេង​ទៀត​ក៏​បាន​ដែរ»

ក៏ប៉ុន្តែ​លោក​មេធាវី សុក សំអឿន ស្នើ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ត្រូវការ​ច្បាប់​ថ្មី​មែន​នោះ ច្បាប់​ថ្មី​គួរ​ត្រូវ​កំណត់​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់ ហើយ​រដ្ឋាភិបាល​គួរ​បើក​វេទិកា​ជជែក​ដេញដោល ដោយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​សាធារណជន​ចូលរួម​បញ្ចេញ​យោបល់។

ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​៣០១ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ត្រង់​មាត្រា​៩៧ បាន​ចែង​ថា ការ​លប​ស្ដាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ដល់​ពីរ​លាន​រៀល លើកលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ សង្កត់​ធ្ងន់​កាល​ពី​សប្ដាហ៍​មុន​ថា រដ្ឋាភិបាល​ទាំងឡាយ​នៅ​ទូទាំង​ពិភពលោក គួរ​ធានា​ថា សិទ្ធិ​ឯកជន គឺ​ជា​សិទ្ធិ​សកល។

អ្នក​នយោបាយ​ហាក់​កំពុង​ប្រើ​ការ​ទម្លាយ​សំឡេង​សន្ទនា​ឯកជន ជា​មធ្យោបាយ​វាយ​ប្រហារ​គូ​ប្រកួត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ផ្តល់​យោបល់​ថា អ្នក​នយោបាយ​គួរ​ប្រកួត​ប្រជែង​ដោយ​ស្មារតី​វិជ្ជាជីវៈ ហើយ​មិន​គួរ​ប្រកាន់​បក្សពួក​ខ្លាំង​ពេក និង​ចាត់​ទុក​ជា​ខ្មាំង​សត្រូវ​នោះ​ទេ៖ «លទ្ធិប្រជាធិបតេយ្យ​នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អ លុះត្រា​តែ​មាន​ការ​យោគយល់​គ្នា ការ​អត់ឱន​គ្នា»

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គូស​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន លុះត្រា​តែ​អាជ្ញាធរ​ធានា​ថា តុលាការ​ត្រូវ​តែ​ប្រកាន់​ភាព​ឯករាជ្យ មិន​លម្អៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles