រាជរដ្ឋាភិបាលថានឹងបន្តធានាសិទ្ធិស្របច្បាប់ពលរដ្ឋវៀតណាមរស់នៅកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 4:22 PM
http://vodhotnews.com

អភិបាលកិច្ចល្អ

ពលរដ្ឋវៀតណាមដែលរស់នៅកម្ពុជានាពេលកន្លង (រូបភាពពី Vietnam Net)


រដ្ឋាភិបាលកម្ពុជា បានសន្យាបង្កើនកិច្ចគាំពារដល់ប្រជាពលរដ្ឋវៀតណាម ដែល​កំពុងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តបតាមការស្នើសុំរបស់ភាគីវៀតណាម។

សេចក្តីប្រកាសរួមចុះថ្ងៃទី១៥មីនា បន្ទាប់ពីកិច្ចប្រជុំលើកទី៩ «ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» ឲ្យដឹងថា «ក្នុងស្មារតីមិត្តភាពរវាង​ប្រទេស​ទាំង​ពីរ ភាគីកម្ពុជានឹងបន្ត​ចាត់វិធានការ​សមស្របនានា ​ក្នុងការ​ធានាសិទ្ធិ​ស្របច្បាប់របស់​អាណិកជន​វៀតណាម ដែលត្រូវបានប្រព្រឹត្តិដោយស្មើភាព ដូចជនបរទេសដទៃទៀតរស់នៅកម្ពុជា ដោយស្របតាមច្បាប់និងលិខិតបទដ្ឋានរបស់ប្រទេសកម្ពុជា»។

នៅ​ក្នុង​ជំនួប​ជាមួយប្រធានរដ្ឋសភា​​លោក ហេង សំ​រិ​ន នៅថ្ងៃ​ម្សិលមិញនេះដែរ លោក ផា​ម ប៊ិ​ញ​មិ​ញ ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​វៀតណាម ក៏បាន​ស្នើ​ឲ្យ​ជួយ​បង្កល​ក្ខណៈ​ងាយ​ស្រួល ដល់​បណ្ដា​ក្រុមហ៊ុន​វៀតណាម និងជួយ​ការពារ​អ្នក​វិ​និយោគទុន ដែល​មកបណ្ដាក់ទុននៅកម្ពុជា ពិសេសលើបញ្ហាផ្នែកច្បាប់។

ពាក់ព័ន្ធករណីនេះ មន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ធ្លាប់ឲ្យដឹងថា ជនបរទេសរស់នៅកម្ពុជាមាន​ប្រមាណ​ជាង​១៦ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺមាន​ជាង៩៩ភាគរយ ហើយជន​ជាតិ​វៀតណាម មានប្រមាណជាង៧ម៉ឺននាក់ ដែលបានកាន់កាប់ឯកសារខុសប្រក្រតី។

ក្រៅពីនេះ សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងទៀតថា ភាគីវៀតណាមបាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យខ្លួននាំចូលផលិតផលមកកម្ពុជាដូចជា ប្រេងឥន្ធនៈ ដែក ជី វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងផលិតផលធ្វើអំពីជ័រជាដើម។ ចំណែក កម្ពុជា ក៏បាននាំចេញ​ផលិតផល​មួយ​ចំនួន​ទៅវៀតណាមដូចគ្នា ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ឈើ និងពោត។

គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានប្រមាណ ៦២៤,១លាន​ដុល្លារអាមេរិក កើនឡើង ២១,២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ​ ថវិកានាំចេញ​របស់​វៀតណាម​មកកម្ពុជា មានប្រមាណ ៣៨៨លានដុល្លារអាមេរិក កើនឡើង១៩ភាគរយ។ ចំណែក ទំហំថវិការបស់​កម្ពុជា​ទៅវៀតណាម សម្រេច​បានប្រមាណ​២៣៦,១លានដុល្លារអាមេរិក កើនឡើង២៥ភាគរយ បើធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំ២០១៦៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

One Response to "រាជរដ្ឋាភិបាលថានឹងបន្តធានាសិទ្ធិស្របច្បាប់ពលរដ្ឋវៀតណាមរស់នៅកម្ពុជា"

  1. country student says:

    Do mer mey cho der, ank cailong bue

Leave a Reply

Submit Comment