បក្ស​ប្រឆាំង​នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ

ដោយ ម៉ម មុនីរតន៍
2017-03-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នា​គេហដ្ឋាន​របស់​លោក នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នា​គេហដ្ឋាន​របស់​លោក នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth


នៅ​ថ្ងៃ​ជូន​ដំណើរ​នៃ​សព​លោក សុខ អាន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា គណបក្ស​ប្រឆាំង​នឹង​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម ទៅ​គោរព​​វិញ្ញាណក្ខន្ធ​​សព រួច​ហើយ​ចូលរួម​ដង្ហែ​រហូត​ដល់​ទី​បូជា​សព​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ។ អ្នក​នាំ​ពាក្យ​ពី​ខាង​បក្ស​កាន់​អំណាច​យល់​ឃើញ​ថា នេះ​ជា​រឿង​ល្អ​ដែល​អ្នក​នយោបាយ​ចេះ​យកអាសា​គ្នា​ពេល​មាន​ទុក្ខ​សោក។ អ្នក​វិភាគ​សង្គម​ចាត់​ទុក​ការ​លះបង់​ពេល​វេលា​របស់​បក្ស​ប្រឆាំង និង​ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​នៅ​ពេល​នេះ ថា​គឺ​ជា​វិធី​ផ្សះផ្សា​ភាព​ប្រេះឆា​ដ៏​ល្អ​បំផុត។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ការ​ចូលរួម​គោរព​បុណ្យ​សព និង​ដង្ហែ​រហូត​ដល់​ទី​បច្ឆា​នៅ​មុខ​វត្តបទុមវតី​នេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​កម្លាំង​សាមគ្គីភាព និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នៃ​ក្រុម​គ្រួសារ​សព បើ​ទោះ​ជា​នេះ​ពុំ​មែន​ជា​បក្ស​តែ​មួយ​ក៏​ដោយ​ចុះ។

ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្រតិភូ​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​លោក ប៉ុល ហំម នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ដង្ហែ​សព​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ជូន​ដំណើរ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត​របស់​បក្ស​កាន់​អំណាច​ដែរ។ អ្នកស្រី​បន្ត​ថា ដោយ​ឡែក​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា មាន​ភារកិច្ច​ដែល​ពុំ​អាច​ចូលរួម​បាន៖ «នៅ​ថ្ងៃ​ស្អែក​យើង​ខ្ញុំ​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៃ​ឯកឧត្ដម សុខ អាន»

រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​ក្រោយ​ពី​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​គោរមងារ​លោក​ជា “សម្ដេច​វិបុល​បញ្ញា សុខ អាន” កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ​នៃ​ពិធី​បុណ្យ​សព ដែល​ត្រូវ​រំកិល​ចេញ​ពី​គេហដ្ឋាន​ទៅ​បូជា​នៅ​មុខ​វត្ត​បទុមវតី។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច សាទរ​ចំពោះ​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​គោរព និង​ដង្ហែ​សព​លោក សុខ អាន ទៅ​ទី​បច្ឆា។ លោក​បន្ត​ថា អ្នក​នយោបាយ​គួរ​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព បើ​ទោះ​ជា​ឈ្លោះ គួរ​ឈ្លោះ​គ្នា​ត្រឹម​កម្មវិធី​នយោបាយ​បាន​ហើយ។ ដោយ​ឡែក​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល​វា​គឺ​ជា​រឿង​មួយ​ផ្សេង ទើប​ធ្វើ​ឲ្យ​ជាតិ​រុងរឿង និង​ជឿនលឿន​ទៅ​មុខ​បាន៖ «ខ្ញុំ​យល់​ថា នេះ​ជា​បរិយាកាស​ល្អ​មួយ​ដែល​ឆ្លង​តាមរយៈ​កាយវិការ​នៃ​មនុស្ស​ធម៌ និង​សីលធម៌​នៃ​ភាគី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​យល់​ថា វា​បង្ក​លក្ខណៈ​ឲ្យ​យើង​ទាំង​អស់​គ្នា ហើយ​វា​មិន​មាន​ការ​ចម្លែក​អី​ប៉ុន្មាន​ទេ ដែល​យើង​កំពុង​តែ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»

ជុំវិញ​ពិធី​បុណ្យ​សព​នេះ រដ្ឋាភិបាល​ក៏​រង​ការ​រិះគន់​ពី​ការ​ស្នើ​លុយ​ជិត ១​លាន​ដុល្លារ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចំណាយ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សព​នេះ​ដែរ។ ក្រុម​អ្នក​រិះគន់​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ចោទ​ប្រកាន់​ថា នេះ​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ដ៏​ច្រើន​លើសលប់។ យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​ថ្លែង​ការពារ​ថា ការ​ស្នើ​សុំ​ថវិកា​ដ៏​ច្រើន​នេះ ដើម្បី​យក​មក​រៀបចំ​កម្មវិធី​បុណ្យ ក្រៅ​ពី​ដើម្បី​ធ្វើ​ឲ្យ​សក្ដិសម​ទៅ​នឹង​កិត្តិយស​របស់​លោក សុខ អាន ហើយ​សេសសល់​ពី​នេះ បើ​ថវិកា​ចាយ​មិន​អស់​ទេ​នឹង​ត្រូវ​បង្វិល​ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ​ទេ។

ដោយ​ឡែក លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា ការ​បន្ទន់​ឥរិយាបថ​មួយ​ជំហាន​បន្ថែម​ទៀត​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ លោក​បន្ត​ថា នេះ​ពុំ​មែន​ជា​ការ​បង្ហាញ​ភាព​ទន់​ជ្រាយ​របស់​បក្ស​ប្រឆាំង​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​សីលធម៌​សមរម្យ ចេះ​អធ្យាស្រ័យ និង​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ទៅ​វិញ​ថែម​ទៀត​ផង៖ «ធ្វើ​ឲ្យ​មាន​ការ​សម្របសម្រួល​គ្នា​បាន នេះ​ជា​បរិយាកាស​​មួយ ឬ​ជា​កាយវិការ​វា​អាច​ជួយ​នាំ​ទៅ​ដែល​អាច​ឈោង​ដៃ​ចាប់​គ្នា​ទៅ​វិញ​ទៅ​មក»

ថ្វី​បើ​ពេល​នេះ​មើល​ទៅ​បរិយាកាស​នយោបាយ ហាក់​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច ទន្ទឹម​នឹង​នេះ​សម្ពាធ​នយោបាយ​មួយ​ថ្មី​ទៀត បាន​ផ្ទុះ​ឡើង​ភ្លាម​ដែរ។ ក្រោយ​ពី​មាន​សារ​ឆ្លើយឆ្លង​រវាង​លោក លឹម គឹមយ៉ា តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​លោក ហ៊ី យឿន អគ្គលេខាធិការ​រង​ព្រឹទ្ធសភា​ពី​ខាង​បក្ស​ប្រឆាំង​សន្ទនា​តាម​ទូរស័ព្ទ រិះគន់​សព​លោក សុខ អាន ហើយ​ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ សីហា ទម្លាយ​ចេញ។ អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់។

ទាក់ទិន​រឿង​នេះ អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ព្រមាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ថា​នឹង​ប្ដឹង​រឿង​នេះ​ទៅ​តុលាការ ប្រសិន​បើ​អ្នក​ទាំង​ពីរ​​មិន​ចេញ​មុខ​សូមទោស​ជា​សាធារណៈ​ទេ។

អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​បាន​ទេ​ពី​លោក លឹម គឹមយ៉ា និង​លោក ហ៊ី យឿន នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា។ យ៉ាង​ណា ក្រុម​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ចាត់​ទុក​សារ​ឆ្លើយឆ្លង​នេះ​ថា ជា​រឿង​អសីលធម៌ និង​ថ្កោលទោស ​ដែល​ត្រូវ​ទាមទារ​ដោះស្រាយ​តាម​ច្បាប់។

ជុំវិញ​ការ​បញ្ចេញ​សំឡេង​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ទាក់ទិន​នឹង​មរណភាព​លោក សុខ អាន នេះ អ្នកស្រី មូរ សុខហួរ បញ្ជាក់​​ថា ជំហរ​ថា ​គណបក្ស​ប្រឆាំង​គឺ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​បក្ស​ប្រើប្រាស់​ភាសា​មិន​សមរម្យ​ឡើយ។ ផ្ទុយ​ទៅ​វិញ ការ​ប្រមាថ​ដោយ​សម្ដី ឬ​មើលងាយ​អ្នក​ដទៃ នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង​នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​បុណ្យ​សព​លោក សុខ អាន នៅ​ថ្ងៃ​​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ"

  1. country student says:

    Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine

  2. ?? says:

    it is a good thing for the opposition to joint the funeral of SOK AN . it showing this nation remain together even the deference of the political matter. please do not take it seriously on personal matter. nation stability and rebuilding this nation is the main focus of the leader. simple thing for me to say to you is please do not trying to kill each other . peace to all Cambodian

Leave a Reply

Submit Comment