ក្រសួងថាលោក ហ៊ុន សែន មិនបានឲ្យមនុស្សទៅគំរាមលោក គឹម សុខ ដាក់គុកងងឹតទេ

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 5:22 PM
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស


ក្រសួងមហាផ្ទៃបានច្រានចោលសំដីរបស់លោក គឹម សុខ ដែលថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយក​​​រដ្ឋ​មន្ត្រីជាអ្នកបញ្ជូនមនុស្សឲ្យទៅលួងលោមនិងគំរាម​ដាក់គុកងងឹត បើបុគ្គលនោះ​មិន​ធ្វើ​លិខិត​សុំទោសជាថ្នូរបាននៅក្រៅឃុំ ដោយថាការអះអាងនេះមិនមានមូលដ្ឋានច្បាស់លាស់​។

​កាលពី​ថ្ងៃទី៦ មីនា ឆ្នាំ២០១៧កន្លងទៅ លោក គឹម សុខ បានអះអាងបែបនេះ​នៅ​​សាលា​ឧទ្ធរណ៍ បន្ទាប់​ពីបើក​សវនាការ​លើ​បណ្តឹង​សុំនៅ​ក្រៅ​ឃុំ​ ដែលតុលាការចោទប្រកាន់ពីបទ​បរិហារកេរ្តិ៍ជា​សា​ធារណៈ និងញុះញង់​ឲ្យមាន​ភាព​វឹក​វរ​ដល់​សន្តិសុខសង្គម។

លិខិតបំភ្លឺ​របស់អគ្គនាយដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចុះថ្ងៃទី២០ មីនា ឆ្នាំ២០១៧នេះ​ មាន​ខ្លឹម​សារ​ថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ដែល ថា​ «សម្តេចតេជោ ហ៊ុន សែន ចាត់មនុស្សទៅលួងលោម និងបញ្ចុះបញ្ចូលរូបគេ ឬគំរាមរូបគេដាក់គុកងងឹត​» ​នោះ គឺជា​ចេត​នា​​វាយប្រហារលើរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន ខុសពីការពិតទាំងស្រុង ខណៈ​កម្ពុជា​មិន​មាន​គុកងងឹតនោះទេ​។ លិខិត​មាន​ខ្លឹម​សារ​ថា​ «ក្នុងករណី មានការគំរាមណាមួយ ពីសំណាក់ជន​ជាប់​ឃុំដូច​គ្នា ឬជនណាម្នាក់​ដែលប្រព្រឹត្តក្នុង​ដែនសមត្ថកិច្ចគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែ ឈ្មោះ គឹម សុខ គួរតែរាយការណ៍ផ្ទាល់​ ឬតាម​រយៈមេធាវី ឬក្រុមគ្រួសារឲ្យអ្នកគ្រប់គ្រងនិងមន្ត្រីបានដឹង ដើម្បី​រួម​គ្នា​ដោះ​ស្រាយ ផ្ទុយទៅវិញលោក គឹម សុខ បែរជាឆ្លៀតបង្កើតជាវេទិកាវាយប្រហារប្រមុខរដ្ឋាភិបាល​ ដោយ​គ្មាន​​មូ​លដ្ឋានទៅវិញ»។

លិខិតបំភ្លឺដដែល​បាន​បញ្ជាក់ថា ការប្រើគុកងងឹតដើម្បីដាក់ ទណ្ឌកម្មជាទង្វើបំពានច្បាប់ និងគោល​ការណ៍​​សិទ្ធិមនុស្សទាំងស្រុង។ លិខិតបន្តថា កន្លងទៅ អ្នករាយការណ៍ពិសេសរបស់អង្គការ​សហ​ប្រជា​ជាតិ រួមមាន​លោក​ស្រី រ៉ូណាស្មីត លោក ផ្លាវីយែរ ប៉ានស៊ីរី និងអ្នកជំនាញសិទ្ធិមនុស្សជាច្រើន​ ធ្លាប់​​បាន​ចុះទៅដល់​មណ្ឌល​​អប់រំកែប្រែទី១ ឬហៅថាព្រៃស ដើម្បី​ពិនិត្យ​ផ្ទាល់​​នៅទីនោះដែរ តែពុំ​មាន​គុក​ងងឹត​​ឡើយ។​

លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ បានឲ្យដឹងថា លោកមិនបានដឹងពីព័ត៌មាននេះទេ ដោយលោកថានៅថ្ងៃនេះលោក ជួប លោក គឹម សុខ នៅពន្ធនាគារដែរ ប៉ុន្តែកូនក្តីលោកមិនបានលើកឡើងពីបញ្ហានេះទេ៖ «ខ្ញុំអត់ដឹងរឿងហ្នឹងច្បាស់ទេ ខ្ញុំគ្មានយោបល់យ៉ាងណានោះទេពាក់ព័ន្ធរឿងហ្នឹង ខ្ញុំព្រឹកមិញ ខ្ញុំបានទៅជួបគាត់ ប៉ុន្តែគាត់អត់បានប្រាប់ខ្ញុំពីករណីហ្នឹងទេ»។

កាលពីពេលថ្មីៗនេះ មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ ពីរ​សំណុំ​រឿង។ សំណុំរឿង​ទីមួយ ប្តឹង​លោក គឹម សុខ ថាបាន​អត្ថាធិប្បាយ​ចោទ​ប្រកាន់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និង​ទាម​ទារ​សំណង​ជំងឺចិត្ត​៥០​ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតប្តឹងថា លោក គឹម សុខ បាន ចោទ រដ្ឋាភិ​បាល​កម្ពុជា​ថាជាអ្នក​រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារ​ប្រាក់​សំណង​​១០​​លាន​រៀល​ផងដែរ​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

2 Responses to "ក្រសួងថាលោក ហ៊ុន សែន មិនបានឲ្យមនុស្សទៅគំរាមលោក គឹម សុខ ដាក់គុកងងឹតទេ"

  1. people says:

    Communist state ‘ leaded by former K-R veitcong never have justice for ordinary people’.GOD will punish bad people one by one ‘what go around will come a round ‘ GOD bless all cambodian people’

  2. Anonymous says:

    Libérez Kim Sok !

Leave a Reply

Submit Comment