ក្រសួង​មហាផ្ទៃ​ថា​គ្មាន​ការ​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក គឹម សុខ ក្នុង​ពន្ធនាគារ

ដោយ អ៊ុង សេរីវុទ្ធ
2017-03-20
RFA

លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Rann Samnang


អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ថាការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​នយោបាយ លោក គឹម សុខ ដែល​ចោទ​ថា ប្រមុខ​រដ្ឋាភិបាល​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក ដល់​ពន្ធនាគារ និង​គំរាម​ដាក់គុក​ងងឹត ជា​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន។

លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ មីនា បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក គឹម សុខ គឺ​ខុស​​ពី​ការ​ពិត បើ​ប្រៀបធៀប​នឹង​កំណត់ហេតុ​បំភ្លឺ​របស់​លោក គឹម សុខ ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ កាល​ពី​ថ្ងៃ​ទី​១៣ មីនា។

កាល​ពី​ថ្ងៃ​ទី​៦ មីនា លោក គឹម សុខ អះអាង​ប្រាប់អ្នកសារព័ត៌មានពេលលោកត្រូវបានគេបញ្ជូនមកសាលាឧទ្ធរណ៍ថា មាន​គេ​ឲ្យ​លោក​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ រួម​នឹង​គំរាម​លោក​ដាក់​គុក​ងងឹត​ជាដើម។

លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បន្ត​ថា ក្នុង​ពន្ធនាគារ​ព្រៃស ឬ​ហៅ​ថា មណ្ឌល​កែប្រែ​ទី១ ពុំ​មាន​គុក​ងងឹត​ទេ ព្រោះ​ការ​ប្រើ​គុក​ងងឹត​ដើម្បី​ដាក់ទណ្ឌកម្ម ជា​ទង្វើ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល កំពុង​សហការ និង​ឆ្លើយ​តប​ជា​វិជ្ជមាន ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​អនុគណៈកម្មការ​ចុះ​ពិនិត្យ​ដល់​កន្លែង។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បញ្ជាក់​ថា តាំង​ពី​លោក គឹម សុខ ត្រូវ​បាន​ឃុំ​ខ្លួន ខាង​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​មេធាវីជួប​ចំនួន​៣​លើក និង​សួរសុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​​ចំនួន​១​លើក ហើយ​ក្នុង​ករណី​ដែល​មាន​ការ​គំរាម​ណាមួយ​ពី​អ្នក​ជាប់ឃុំ​ដូចគ្នា ឬ​ជនណា​ម្នាក់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពន្ធនាគារ​មែន លោក គឹម សុខ គួរ​រាយការណ៍​ដើម្បី​ដោះស្រាយ។

លោក គឹម សុខ ត្រូវ​​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី។ កាល​ពី​ថ្ងៃ​ទី​៦ មីនា លោក​ត្រូវ​បាន​សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment