មហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឃុំ-សង្កាត់

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

បោះឆ្នោត

ព្រះមហាក្សត្រ​ ព្រះបរមនាថ នរោត្តមសីហមុនី​ កាលពីកន្លងទៅ


ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលឡាយព្រះហស្តលេខា តាំងពីថ្ងៃទី២០ ខែកុម្ភៈ ធ្វើនៅព្រះបរមរាជវាំង ទ្រង់មានបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅ ជាសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះអង្គមានបន្ទូលថាសូមកុំមានឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។

ព្រះអង្គមានបន្ទូលបន្ថែមថា «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ»។

អ្នកវិភាគយល់ថា ការចេញព្រះរាជសាររបស់ព្រះមហាក្សត្រ គឺចំពេលដែលស្ថានការណ៍នយោបាយ​នៅកម្ពុជាឡើងកម្តៅ ខណៈគណបក្សប្រឆាំងមានបញ្ហាប្រឈមជាច្រើនហើយ​លោក សម រង្ស៊ី បានលាលែងពីប្រធានបក្សដោយសារតែ​ច្បាប់​គណបក្សនយោបាយដែល​ទើប​កែប្រែថ្មី។

លោក ឆាំ ប៊ុនថេត អ្នកតាមដានបញ្ហាសង្គម មានប្រសាសន៍ថា សារលិខិតដែលមានការយឺតយូរក្នុងការផ្សព្វផ្សាយនេះ ដោយសារអ្នកដែលត្រូវបញ្ចេញគេលាក់។ លោកបន្តថា «ខ្ញុំគិតថាអាចមានរឿងពីក្រោយ ដែលខ្ញុំគិតថាយើងពិបាកមើលឲ្យឃើញ ហើយខ្ញុំមិនចង់ Predict(សន្និដ្ឋាន)អីដែលខ្ញុំមើលមិនឃើញទេ។ ខ្ញុំគិតថារឿងដែលអាចមានប្រយោជន៍បំផុត គឺប្រជាពលរដ្ឋចូលរួមបោះឆ្នោត ហើយបោះឆ្នោតបញ្ចេញមតិដោយត្រឹមត្រូវ ហើយនឹងដោយការស្វែងយល់ វាជារឿងប្រសើរ»។

លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់កម្មវិធីអង្កេតអង្គការខុមហ្វ្រេល យល់ផ្សេងទៅវិញថា មិនមែនជាបញ្ហាទេទោះជាលិខិតចេញយឺតក៏ដោយ ព្រោះថ្ងៃបោះឆ្នោតនៅសល់ដល់ទៅជាងពីរខែទៀត។ លោកបន្តថា «ទោះបីយ៉ាងណាក៏ដោយ យើងឃើញថាជាសារមួយដែលល្អប្រសើរសំរាប់ប្រជាពលរដ្ឋដែលបង្ហាញពីភាពកក់ក្តៅមួយរបស់ព្រះមហាក្សត្រដែលលោកមានព្រះរាជ្យទានបង្ហាញដល់ប្រជាពលរដ្ឋ»។

លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានសំដែងការអរគុណដល់ព្រះមហាក្សត្រដែលទ្រង់បានចេញពីប្រទេសកម្ពុជា មុនពេល​ច្បាប់ស្តីពីគណបក្សនយោបាយទៅដល់​ព្រះបរមរាជវាំង។

លោក សម រង្ស៊ី បានសរសេរនៅហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ខែមីនានេះថា «សូមអរព្រះគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត»៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

What Next?

Recent Articles

One Response to "មហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឃុំ-សង្កាត់"

  1. ព្រះរាជណាចក្រមហាចំឡែកខុសគេ។ says:

    យ៉ងៗមួយឌូចេញសារម្តងខ្លាចប្រជារាស្ត្រភ្លេចមុខ មិនភ្លេចព្រះអង្គដែរជាស្តេចអង្គម៉ីទី២នោះ។

Leave a Reply

Submit Comment