សង្គមស៊ីវិលថាការទប់ស្កាត់បញ្ចុះតម្លៃសេវាទូរសព្ទប៉ះពាល់ពលរដ្ឋរាប់លាននាក់

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 5:20 PM
http://vodhotnews.com

សន្ដិសុខ


មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលរដ្ឋាភិបាលអន្តរាគមន៍ ឈ​​ប់​ឲ្យមានការការប្រកួតប្រជែង តា​ម​រយៈគម្រោងដូរលុយក្នុងទូរសព្ទដៃ ពួកគេថាបានរំលោ​ភលើគោ​ល​​កា​រណ៍ទីផ្សារសេរីនិងបង្កផលប៉ះ​ពា​​ល់​ដល់​ប្រជាពលរដ្ឋច្រើនលាននាក់។

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងប្រៃសនីយនិង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវ​តឹក បានដាក់​កំហិត ឲ្យ​ក្រុម​ហ៊ុ​ន​ទូរស័ព្ទ​ចល័ត​ Cellcard Smart និង Metfone ត្រូវបញ្ចប់​កា​រផ្សា​​យពា​ណិ​​​​ជ្ជ​កម្ម ពី​គម្រោង​ដូរ​លុ​យ​ ត្រឹ​ម​បំណាច់​ខែ​មីនានេះ។

ក្រ​សួងបញ្ជាក់ថា វិធានការនេះ ដើម្បីទប់ស្កាត់ កុំឲ្យមានការធ្លាក់ចុះ​នៃ​គុណភាព​សេវា​ទូរសព្ទ​ ដល់​អ្នកប្រើ​ប្រា​​ស់ កុំឲ្យប៉ះពាល់​ដល់​ការប្រមូល​ចំណូល​ពន្ធ​​ប្រចាំឆ្នាំ​ និង​ធានាដ​ល់​និ​រន្ត​រភា​ព​​ក្នុ​​ង​ការប្រកប​អា​ជី​វកម្ម​​រយ​:​ពេល​វែង​ជាដើម។​

ប៉ុន្តែនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិញលើកឡើងថា វិធា​ននេះ​បានរំលោភយ៉ាងធ្ង​ន់ធ្ងរទៅ​លើ​​​ច្បា​ប់​វិនិយោគ ត្រង់មាត្រា១០ ដែលចែងថា រដ្ឋាភិបា​លគ្មាន​សិទ្ធិគ្រ​ប់​​គ្រ​​ងទៅលើតម្លៃសេវារបស់វិ​ស័​យ​​ឯកជន។

លោក សន ជ័យ ឲ្យដឹងទៀតថា បើរដ្ឋាភិបាលអះអាងថា គម្រោងដូរលុយ របស់ក្រុ​ម​ហ៊ុនទូ​សព្ទដៃនេះ បានធ្វើឲ្យខាតថវិកាជាតិ លោកថាចំនួននេះតិចតួចទេ បើប្រៀបធៀបទៅនឹងការលើ​ក​លែ​​ងពន្ធ​រថយន្តទំនើប ចំនួន៤៧០​គ្រឿ​​ង​​ឲ្យ​ទៅក្រសួងមហាផ្ទៃ។

លោកថា៖ «ការប្រកួតប្រជែងកាន់ខ្ពស់តម្លៃកាន់តែថោក គំនិតផ្តួចផ្តើមឬក៏ការបញ្ចុះត​ម្លៃកាន់តែច្រើន​ស្រាប់អតិថជន នោះគឺជាជោគជ័យមួយនៅក្នុង​ប្រកួតប្រជែងដែលអតិថជនចង់បា​ន។ ដែលវាផ្ទុយពីឡាន​ក្រុង​ដែល​តម្រូវការកាន់តែខ្លាំង ហើ​យតម្លៃកាន់តែថ្លៃ​ មានការកេងប្រវ័ញ្ចកាន់តែខ្លាំ​ងដល់អតិថិជ​​ន​របស់ខ្លួ​ន»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព លោក យង់ គិមអេង បង្ហាញ​ការ​ខក​ចិត្តទៅ​នឹ​ង​វិធានការនេះ ដោយលោកយល់ថា វិធានការរបស់ក្រសួងនេះហាក់បាន​ដើរផ្ទុ​យពីគោ​លន​យោ​បា​យ​កា​ត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។

លោកថា៖ «ក្រុមហ៊ុនទូរសព្ទចល័តខ្លះអាចមានអ្នកធំ អីនៅពីក្រោយឬក៏មានភាគហ៊ុនអីនៅពីក្រោយនោះ អញ្ចឹងហើយបានជាធ្វើឲ្យមានមន្ទិលថា ការប្រកួតប្រជែងហ្នឹងមានការបន្ទុចបង្អាក់ ម្យាងទៀតការប្រ​កួត​​ប្រជែ​ងនេះ​វាអាចប៉ះពាល់ដែរដល់ជីវភាពប្រជាពលរដ្ឋ ប៉ះពាល់ដល់សេដ្ឋកិច្ចនៃទីផ្សារសេរីនេះដែរ»។

​តាម​តួលេខ​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា គិត​ត្រឹម​ឆ្នាំ ២០១៦ ស៊ីមកាត១៩​លាន​ត្រូវបានលក់ចេញ​។

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ លោក ត្រាំ អ៊ីវតឹក អះអាងថា សេចក្តីថ្លែងការណ៍ របស់ក្រសួង អា​ច​មាន​កំហុ​សឆ្គងផ្នែ​កប​កប្រែ​ភាសារ ដោ​យលោកថា កិច្ចប្រជុំពេលនោះនិយាយជាភាសាអង់គ្លេស។

លោក ត្រាំ អ៊ីវតឹក បញ្ជាក់ថាក្រសួងគ្មានបំណងលូកដៃកំណត់តម្លៃនៃការប្រកួតប្រជែង របស់ក្រុ​មហ៊ុ​នទេ ដោយថាក្រសួងគ្រាន់តែជាអ្នកសម្របសម្រួលតាមពាក្យបណ្តឹង ទប់​ស្កា​ត់​​កុំឲ្យការប្រកួ​តប្រជែ​ង​ថោ​កពេ​​ក រហូ​ត​ខាតបង់ គ្មានថវិកាបង់ចូលរដ្ឋតែប៉ុណ្ណោះ។

លោ​កថា៖ «អញ្ចឹងបានថា ឥឡូវឲ្យគាត់ជជែកគ្នាគាត់ទៅ ថាដាក់ប៉ុន្មាន ១ដុល្លារស្មើ៣០ដុល្លារ ឬក៏មួយ​ដុល្លា​រស្មើ៥០ដុល្លារ ឬក៏ស្មើ១០០ដុល្លារ អាហ្នឹងស្រេចតែពួកគាត់ទេ។ អាហ្នឹងគោល​បំនងអញ្ចឹងទេបាទ»។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា កត់សំគាល់ថា ការដែល​ក្រសួ​ង​ដា​ក់​កំ​ហិតឲ្យក្រុមហ៊ុនទូរសព្ទដៃទាំងអស់បញ្ចប់គម្រោងដូលុយនេះ លោកថាមិនមែនជារឿងថ្មី​ទេ។

​លោ​ក មឿន តុលា បានរំឭកថា កាលពីមុនបោះឆ្នោ​តឆ្នាំ២០១៣ក្រសួងនេះ​បានអន្តរាគមន៍ម្តងហើយ មិ​នឲ្យ​មា​ន​កា​រប្រកួតប្រជែងបញ្ចុះតម្លៃទាប ដើម្បីដើរណ្តើមអតិថិជនគ្នារវាងក្រុមហ៊ុន Smart និង Cellcard ប៉ុន្តែ​ក្រោ​យ​​ពី​មានការរិះគន់ខ្លាំងពីអ្នកប្រើប្រាស់វិធានការនោះបានផ្អាកទៅវិញ។

លោកថា៖ «យើងដូចជាអត់មានគោលការណ៍ អត់សូវយកច្បាប់មកអនុវត្ត យើងអត់គោរពគោ​លការច្បា​ស់លាស់ យើងច្រើនយកតាមអារម្មណ៍ច្រើនជាង»។

ក្រុមអង្គការសង្គមស៊ីវិលបានជំរុញឲ្យរដ្ឋាភិបាលពិចារណាពីវិធានការនេះឡើងវិញ ដោ​យ​ថាដើម្បីទុកពេលឲ្យអ្នកវិនិយោគបាន​ប្រកួត​ប្រជែងដោយស្មើភាព ជាជាងទុកឱកា​សឲ្យ​មន្ត្រីមួយចំនួនលូកដៃចូលក្នុងស្ថាប័នរ​ដ្ឋ ​បង្ករផ​លប៉ះ​ពាល់ដល់ពលរដ្ឋរាប់លាននាក់៕​

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

Leave a Reply

Submit Comment