អ្នកឃ្លាំមើល៖ បើមិនដោះលែងអ្នកជាប់ឃុំ ​​បក្ស​កាន់​​អំណាចនឹងខាតប្រជាប្រិយពេលបោះឆ្នោត

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សិទ្ធិមនុស្ស

លោក នី ចរិយា (ធ្វេង) លោក យី សុខសាន្ត (កណ្តាល) និង​លោក នី សុខា


អ្នកឃ្លាំមើលការបោះឆ្នោតនិងបញ្ហាសង្គមយល់ថា ការ​បន្តឃុំខ្លួនមន្ត្រីសិទ្ធិ​មនុស្សនិងមន្ត្រី គ.ជ.ប អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឃុំ-សង្កាត់​ នឹងធ្វើឲ្យបក្សកាន់​អំណាច​បាត់​បង់​​​​ប្រជា​ប្រិយ​ភាព។

ការ​​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ ខាង​មុខ​នេះ ពោល​នៅ​សល់ជាង២ខែទៀតប៉ុណ្ណោះ​។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតរបស់ ERA លោក សំ គន្ធាមី មានប្រសាសន៍ថា មន្ត្រី​សិទ្ធិ មនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប​​ ដែលត្រូវ​បានតុលាការ​ឃុំខ្លួន​នៅពន្ធនាគារ ពុំមាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​នោះទេ ខណៈសហគមន៍អន្តរជាតិ មន្ត្រីសង្គមស៊ីវិល​ និងបក្សប្រឆំាង​រិះគន់​​ថា​ ការ​បន្ត​ឃុំខ្លួនបុគ្គលទំាងនោះជារឿង​នយោបាយ​។

ករណីនេះ លោក សំ គន្ធាមី យល់​ថា បើ​ពុំដោះលែងអ្នកទំាងនោះឲ្យបានមុន​ការបោះឆ្នោតឃុំ-សង្កាត់ទេ នឹងធ្វើឲ្យបក្សប្រឆំាងយក​​រឿង​នេះ ធ្វើ​ការ​ឃោសនា ដើម្បី​​​ចំណេញ​នយោបាយ។ លោកយល់ថា«ខ្ញុំមើល​ទៅ​គណ​បក្សប្រជាជនជាអ្នកខាតច្រើនជាងគេ ផលចំណេញទៅលើបក្ស​សង្គ្រោះជាតិ​អ្នកដែលបាន​ទទួល​ផល​ ព្រោះគេគិតទៅ គេថាជារឿង​អយុត្តិ​ធម៌មួយសម្រាប់​ពួកមន្ត្រីសិទ្ធិមនុស្ស គេមានអារម្មណ៍ទៅ​លើ​បក្ស​​ប្រជាជនច្រើន​ ដោយសារ​រឿង​អយុត្តិធម៌ពួកគេ វាសតិអារម្មណ៍ប៉ះពាល់​ដល់​គណបក្សប្រជាជនច្រើន​ កាលណាប៉ះពាល់​ដល់​គណ​បក្សម្ខា​ង ត្រូវមានទទួលផល​ដោយស្វ័យប្រវត្តិតែម្តង​»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក បួ បញ្ញា មានប្រសាសន៍ថា បើមិនអាចដោះលែងអ្នកទាំងនោះបានមុនការបោះឆ្នោតឃុំ-សង្កាត់នោះទេ លោកថា បក្សកាន់អំណាចអាចទុកបញ្ហាចចារផ្នែកនយោបាយជាមួយបក្សប្រឆំាងនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដើម្បីយកប្រៀបនិងបន្តកាន់អំណាច។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិន​ចាប់​អារម្មណ៍​នឹង​ការ​​​លើកឡើងអ្នក​ឃ្លំាមើ​លបញ្ហាសង្គមទាំងនោះទេ ដោយ​លោក​​ថា សំណុំរឿងនេះកំពុង​ស្ថិតក្នុង​ដៃតុលាការ។

នៅពេលសួរ​ថា តើ​អាច​នឹងមានការសម្របសម្រួលផ្នែកនយោបាយណាមួយ ដើម្បីឲ្យមានការដោះលែង មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នោះដែរឬទេ? លោក សុខ ឥសាន ឆ្លើយថា បក្សកាន់អំណាច​មិន​មាន​សិទ្ធិ​​ជ្រៀត​ជ្រែកកិច្ចការរបស់តុលាការនោះទេ។ លោកនិយាយថា «ដំណើររឿង​វាធ្លាក់ក្នុង​ដៃតុលាការ​ ដូច្នេះ​មិនមានអ្នកណាមួយ ដែលអាចនិងលូកដៃចូលទៅរំលោភលើតួនាទី ភារកិច្ច ក៏ដូច​សមត្ថ​កិច្ច​របស់​តុលាការ​ទេ បញ្ហាសំខាន់គឺត្រូវ​ឲ្យរកមេធាវីល្អៗ ពូកែៗ ដើម្បីទៅ​តតំាងជាមួយ​ក្នុង​តុលាការ បាន​មានផ្លូវ​រួច​ខ្លួន​»​។

សូមបញ្ជាក់ថាមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួន កាលពីដើមខែឧសភាកន្លង​ទៅនេះ ក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែល​ត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។

ចំណែក​មន្ត្រី គ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមអាដហុក ក៏ត្រូវបានចាប់ ខ្លួន​នៅ​ក្នុង​សំណុំ​រឿងនេះផងដែរ ក្រោមការចោទប្រកាន់ថាបានសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី។

ពាក់ព័ន្ធនិងសំណុំរឿង​ខាង​លើនេះ លោក កឹម សុខា​ ត្រូវ​បាន​ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​មាន​សេរី​ភាព​ តាមការស្នើសុំរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles