អ្នក​វិភាគ​ចង់​ឃើញវិធាន​ការរបស់​បក្ស​កាន់​អំណាច​ជាជាង​គោល​នយោបាយ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 5:05 PM
http://vodhotnews.com

នយោបាយ


អ្នក​ស្រាវ​ជ្រាវ​ពីការអភិវឌ្ឍសង្គម​និង​នយោបាយ លើកឡើងថា​ពួកគេ​ចង់​ឃើញពី​វិធាន​ការ​អនុវត្តរបស់​រដ្ឋាភិបាល​ជា​ជាង​មាន​តែ​ក្នុង​គោល​នយោបាយ​សម្រាប់​ឃោសនាបោះឆ្នោតខាងមុខនេះ។

គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បានដាក់​ចេញ​នូវ​គោល​នយោបា​យចំនួន១៣ ចំនុច​ សម្រាប់​​ការ​អភិវឌ្ឍ ឃុំ​ សង្កាត់ ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២។ ​ក្នុងគោលនយោបាយ​នោះបក្សកាន់អំណាច​នេះ​​ក៏​បាន​សន្យា​​ថា​នឹង​ធានា​ដល់​ការ​បង្កើន​ផលិតកម្ម ​រក​ទី​ផ្សារ​កសិកម្ម ​កាត់​បន្ថយ​អត្រា​ការប្រាក់​មីក្រូ​ហរិញ្ញវត្ថុ​បន្ថែម​ទៀត និងសាង​សង់​សាលា​បឋម​ឲ្យ​បាន​មួយ​នៅ​គ្រប់​ភូមិជា​ដើម។

​​​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍសង្គមលោកបណ្ឌិត​ មាស នី យល់​ថាការ​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​​ពឹង​ទៅលើ​គោល​នយោបាយ​របស់ខ្លួន​នោះ​វាជា​ផល​វិជ្ជមាន​មួយ​សម្រាប់​នយោបាយកម្ពុជា។ តែ​លោក​ថាគោល​នយោបាយ​ដែល​គ្រាន់​តែ​បាន​សរសេរ​ ហើយ​ពុំ​មាន​យន្ត​ការ​ច្បាស់​លាស់​សម្រាប់​គាំទ្រ​ដល់​គោល​​នយោបាយ​នោះ​ វា​គឺ​គ្រាន់​តែ​​ល្អ​មើលប៉ុណ្ណោះ​។ ចំពោះការ​សន្យា​ដែល​ថាបង្កើត​ទី​ផ្សារ និង​ផលិ​ត​កម្មជូន​ប្រជាពល​រដ្ឋ​នោះ លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​វិធាន​ការ​ជាក់​លាក់​។

លោក ​មាស នី៖ «តែ​រាល់​ថ្ងៃ​នេះវា​នៅ​ត្រង់​ថា​តម្លៃ​នៅ​ទី​ផ្សារ​ទេ ដែល​វា​បាន​ធ្លាក់​ចុះ​ថោក រួច​ស្រេចទៅ​ហើយ​នៅ​ក្នុង​ពេល​រដ្ឋាភិបាល​ហ្នឹង កំពុង​គ្រប់គ្រង​អំណាច​នោះ​។សម្រាប់​ខ្ញុំ​គឺ​ចង់​ឭឲ្យ​បាន​ច្បាស់​ជាង​នេះ​ទៅទៀត​ថា​តើរដ្ឋាភិបាល​ហ្នឹង​ធ្វើ​អី​ ខុស​ពី​រាល់​ថ្ងៃ? ដែល​នឹង​ជួយ​ស្តារស្ថាន​ភាព​ហ្នឹង​ឡើងវិញ»។

មិន​ខុស​គ្នា​ប៉ុន្មានពី​លោក មាស នី អ្នក​ស្រាវ​ជ្រាវពី​ការ​អភិវឌ្ឍសង្គម​ម្នាក់​ទៀតគឺ​លោក ប៊ូ បញ្ញា មាន​សង្ឃឹម​តិច​ណាស់ពី​គោល​នយោបាយទាំង​១៣​ ចំណុច​របស់​បក្សប្រជា​ជន។ លោក​លើកឡើង​បែប​នេះ​ដោយលោក​សង្កេត​ឃើញ​ថាគោល​នយោបាយរបស់​បក្ស​នេះ ដែល​បាន​ដាក់​ចេញពី​មុន​ៗ​នោះ​គឺ​ស្ទើតែ​គ្មាន​ប្រសិទ្ធភាពនោះ​ទេ​ ដោយ​សារ​តែមេឃុំ ឬ​ចៅ​សង្កាត់​ទាំង​នោះ​កើត​ចេញ​ពី​បក្ស​មិន​មែន​កើត​ចេញ​ពី​រាស្ត្រ​ដោយ​ផ្ទាល់។​

លោក​ថា «កន្លង​មក​គណបក្ស​ប្រជា​ជន​តែ​ង​តែ​មាន​គោល​នយោបាយ​ច្រើន​មែន​ទាក់​ទង​នឹង​កសិ​ផល​ ទាក់​ទងនឹង​ដី​សម្បទាន​សេដ្ឋកចិ្ច​អី ទាក់​ទង​នឹង​បញ្ហា​ផ្សេង​ៗ​ក៏​ប៉ុន្តែ​ការអនុវត្តន៍​ជាក់​ស្តែង​គឺ មន្ត្រី​ឃុំ​​សង្កាត់​​នៅ​ទូទាំង​ប្រទេស​ដែល​ជាប់ជា​សមា​ជិក ឬក៏​មេឃុំ​ របស់​បក្ស​ប្រជា​ជន​ហ្នឹង ភាគច្រើនធ្វើ​ការ​បម្រើ​តែ​ថ្នាក់​លើ​ទេព្រោះ​ខ្លាច​ថ្នាក់​លើ​ដក ហើយ​ឡើង​គឺ​ឡើង​តាម​រយៈការ​តែង​តាំង ឬ​បក្ស​ពួក​និយម​អី​ជា​ដើម​ហ្នឹង ខ្ញុំ​ឃើញ​ថា​កាល​ណា​គេ​ជាប់​គឺការអនុវត្តន៍​គោល​នយោបាយគឺ​មិន​បាន​ល្អទេ»។

បើតាម លោក ប៊ូ បញ្ញា ​​កា​រ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ នេះ​លោក​ថា​វា​អាច​ជាឱកាស​ចុង​ក្រោយ​សម្រាប់​បក្ស​ប្រជា​ជន​ក្នុង​ការ​ស្តារ​ប្រជាប្រិយភាព​របស់ខ្លួន​វិញ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជាលោក សួស យ៉ារ៉ា បា​​ន​ប្រតិកម្ម​ទៅនឹងអ្នក​វិភាគថា មកពីពួកគេ​មិន​ធ្លាប់​ធ្វើ​មេឃុំ ហើយមិន​ដឹងពី​ទុកលំបាក​របស់​មេឃុំ ឬ​ចៅសង្កាត់​ដែល​ជាប់​ឆ្នោតថែម​ទៀត។ លោក​បាន​អះអាង​ថាគ្រប់​គោលនយោបាយ​ទាំង​១៣​ចំណុច​របស់​បក្សប្រជា​ជនដែល​បាន​ដាក់​ចេញ គឺ​មាន​មូល​ដ្ឋាន​ច្បាស់​លាស់ និង​ធានា​ថា​គោល​នយោបាយ​ទាំងនោះ​អាច​អនុវត្តន៍​បានដោយ​ត្រឹម​ត្រូវសម្រាប់​​បម្រើ​ប្រជា​ពល​រដ្ឋ។

លោកថា៖ «ទាំង​លោក ​មាស នី ទាំង​លោក ប៊ូ បញ្ហា​ គឺ​លោក​ទាំងពី​សុទ្ធតែ​អត់​បាន​ធ្វើ​មេឃុំ​ទេ! អញ្ចឹង​គាត់​អត់​ដឹង​ថា​តួនាទី​មេឃុំ​ហ្នឹងមាន​ការ​លំបាក​យ៉ាង​ម៉េច និង​ទទួល​ខុស​ត្រូវ​យ៉ាង​ម៉េច​ចំពោះ​ប្រជា​ជន​នៅ​តាម​មូល​ដ្ឋាន​របស់គាត់។ ទីពីរ ​ការដាក់​គោល​នយោបាយ​ដើម្បី​បម្រើ​ឃុំសង្កាត់ ដែ​លគណបក្ស​ប្រជា​ជនកម្ពុជា​បាន​ធ្វើ​គឺជា​ពាក្យពេជន៍ដែល​យើង​បាន​ធ្វើ​កាលពី​កន្លងមក​ជា​មួយ​ប្រជាជន។ អញ្ចឹង​វា​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​តម្រូវ​ការ​បស់​ប្រជា​ជន។ ហើយ​ទី​៣​ គឺ​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​​ទាំង​​អស់​គឺ​អាច​ធ្វើ​បាន​វា​មិន​មែន​ជា​ការ​សន្យា​ទេគឺ​ជា​ការ​ទទួលខុសត្រូវ»។

គួរ​បញ្ជាក់​ផង​ដែរថា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ នឹងប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ។ មុន​ការ​បោះ​ឆ្នោត​នេះ​មាន​ការ​ថ្លែង​សារ​នយោបាយ​ជា​ច្រើន​ពី​បក្សនយោបាយ​ធំៗ​ទាំង​ពីរ​ ក្នុង​នោះ​សារ​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាចប្រតិ​កម្ម​រហូត​ចង់​ដាក់ពាក្យ​បណ្តឹង​​ទៅ​កាន់​តុលាការ​ផង​នោះគឺ​សាររបស់បក្សសង្រ្គោះជាតិដែល​ថា «ប្តូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ដោយ​ថា​សារ​នយោបាយ​នេះ មានលក្ខ​ណៈ​ញុះ​ញ​ង់និងប្រមាថដល់មេឃុំឬចៅសង្កាត់ ដែលខិ​តខំបំ​ពេ​​ញ​​​កា​​រងារ​បម្រើ​ព​ល​រ​ដ្ឋ។

ទោះជាយ៉ាងណាគណបក្សប្រឆាំង បានឲ្យដឹងថា ខ្លួននឹងកែសម្រួលសារនយោបាយនោះឡើងវិញ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles