រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រកាស​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន

ដោយ ដែន អយុធ្យា
2017-03-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្សព្វផ្សាយ​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ធំៗ និង​ម្ចាស់​ក្លឹប​កម្សាន្ត​នានា​ឲ្យ​ដឹង​ជា​មុន​អំពី​គម្រោង​របស់​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើ​តេស្ដ​ទឹកនោម​បុគ្គលិក​បម្រើ​ការងារ​ដើម្បី​រក​សារធាតុ​ញៀន។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​យុទ្ធនាការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​បញ្ជូន​អ្នក​ដែល​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស បើ​ជន​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​ញៀន។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក គង់ វិតនៈ ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា ថា រដ្ឋបាល​ខេត្ត​នេះ​បាន​អញ្ជើញ​តំណាង​ក្រុមហ៊ុន​កាស៊ីណូ ក្លឹប​កម្សាន្ត​នានា ពិសេស​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ មក​ប្រជុំ​ផ្សព្វផ្សាយ​គ្នា​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ជូន​ដំណឹង​អំពី​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ទៅ​លើ​ទឹកនោម​របស់​បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ទាំងនេះ​នា​ថ្ងៃ​ខាង​មុខ។

លោក វិតនៈ ឲ្យ​ដឹង​ថា ជំហាន​ចាប់​ផ្ដើម​នៃ​ការ​ធ្វើ​តេស្ដ​ទឹកនោម​បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ក្លឹប​កម្សាន្ត​មាន​ខារ៉ាអូខេ ឬ​កាស៊ីណូ​ជាដើម​នេះ គឺ​នឹង​ចាប់​ផ្តើម​អនុវត្ត​មុន​គេ​ទៅ​លើ​បុគ្គលិក ឬ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ដែល​បើកបរ​ឆ្លង​កាត់​តាម​ផ្លូវ​សាធារណៈ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ។

មន្ត្រី​រូប​នេះ​រំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់ ឲ្យ​ត្រៀម​លក្ខណៈ​ជា​មុន ព្រោះ​នា​ថ្ងៃ​ខាង​មុខ​នេះ សមត្ថកិច្ច​ជំនាញ នឹង​ចុះ​តាម​គោលដៅ​នានា​តាម​ផ្លូវ​សាធារណៈ ដើម្បី​ធ្វើ​តេស្ដ​ទឹកនោម​បុគ្គលិក និង​អ្នក​បើកបរ​រថយន្ត​ក្រុមហ៊ុន​នីមួយៗ ដើម្បី​រក​សារធាតុ​ញៀន៖ «យើង​ជូន​ដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ទាំងអស់​ជា​មុន​អំពី​ផែនការ​ចុះ​ពិនិត្យ​ធ្វើ​តេស្ដ​ទឹកនោម​ដល់​អ្នក​បើកបរ​រថយន្ត ដែល​ធ្វើ​សកម្មភាព​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​យើង​នេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងនោះ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឬ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង»

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក គង់ វិតនៈ បន្ថែម​ថា ប្រសិន​បើ​សមត្ថកិច្ច​ធ្វើ​តេស្ត​ទឹកនោម​ទៅ​លើ​បុគ្គលិក ឬ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​អ្នក​ដំណើរ​ជាដើម ហើយ​រក​ឃើញ​អ្នក​មាន​ផ្ទុក​សារធាតុ​គ្រឿង​ញៀន គឺ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក​បន្ត​ថា យុទ្ធនាការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​នា​ឱកាស​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​បទបញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ។

លោក គង់ វិតនៈ បន្ថែម​ថា យុទ្ធនាការ​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត​ជំហាន​បន្ទាប់​ទៅ​លើ​បុគ្គលិក​ធ្វើ​ការងារ​នៅ​តាម​កាស៊ីណូ និង​ក្លឹប​កម្សាន្ត​មួយ​ចំនួន មាន​ក្លឹប​ឌីស្កូ ហាង​ម៉ាស្សា ខារ៉ាអូខេ និង​ទីតាំង​កម្សាន្ត​ផ្សេងៗ ក្រោយ​បាន​អនុវត្ត​យុទ្ធនាការ​ជំហាន​ដំបូង​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ ទទួល​បាន​ជោគជ័យ៖ «ប្រសិន​បើ​ក្រោយ​ពេល​ធ្វើ​តេស្ដ​រក​ឃើញ​ថា អ្នក​បើកបរ​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​ញៀន គឺ​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី ដោយ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​គ្រឿង​ញៀន។ ដូច្នេះ​យើង​បាន​ជម្រាប​ជូន​ដំណឹង​ដល់​បណ្ដា​ក្រុមហ៊ុន​ថា ឥឡូវ​នេះ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​មិន​មែន​ជា​ជន​រងគ្រោះ​ទៀត​ទេ គឺ​ពួក​គេ​ជា​ជន​ល្មើស ជា​អ្នក​ប្រព្រឹត្តិ​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​គ្រឿង​ញៀន»

កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​មីនា រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​ការ​ធ្វើ​តេស្ដ​ទឹកនោម ដើម្បី​រក​សារធាតុ​ញៀន​ដល់​តំណាង​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ និង​តំណាង​ក្រុមហ៊ុន​កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ជាដើម ដែល​កំពុង​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា បើ​សមត្ថកិច្ច​ជំនាញ​ធ្វើ​តេស្ដ​រក​ឃើញ​សារធាតុ​ញៀន​ទៅ​លើ​បុគ្គលិក​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​ជាដើម​នេះ ត្រូវ​តែ​បញ្ជូន​អ្នក​ពាក់ព័ន្ធ​គ្រឿង​ញៀន​ទាំងនោះ​ទៅ​តុលាការ​ផ្ដន្ទាទោស។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ នឹង​រង់ចាំ​មើល​ថា តើ​យុទ្ធនាការ​ធ្វើ​តេស្ដ​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​មាន​លទ្ធផល​វិជ្ជមាន​បែប​ណា។ ប៉ុន្តែ​បើ​យុទ្ធនាការ​នេះ​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន ឬ​អនុវត្ត​មាន​ប្រសិទ្ធភាព​មែន​នោះ អ្នកស្រី សុធារី ស្នើ​ឲ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​យុទ្ធនាការ​នេះ​ឲ្យ​បាន​ញឹកញាប់ ឬ​ជា​ប្រចាំ ទើប​អាច​ឈាន​ដល់​កាត់​បន្ថយ​បទល្មើស​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព។

អ្នកស្រី សុធារី បន្ថែម​ថា រាល់​ថ្ងៃ​នេះ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាដើម នៅ​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប និង​ចាប់​បាន​តែ​អ្នក​ចែកចាយ​គ្រឿង​ញៀន​តូចតាច ឬ​កំប៉ិកកំប៉ុក​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស ប៉ុន្តែ​អ្នក​ផលិត ឬ​មេ​ឈ្មួញ​គ្រឿង​ញៀន​ធំៗ សមត្ថកិច្ច​បង្ក្រាប ឬ​ចាប់​ខ្លួន​មិន​ទាន់​បាន​ទេ៖ «ពាក់ព័ន្ធ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន បើ​សិន​ជា​សមត្ថកិច្ច​ធ្វើ​តេស្ដ​ទឹកនោម ហើយ​រក​ឃើញ​សារធាតុ​ញៀន ថា​តើ​ស្ថាប័ន​ជំនាញ​ដែល​ពិនិត្យ​ដឹង​ថា​គាត់​ប្រើប្រាស់​គ្រឿង​ញៀន​ទាំងអស់​ហ្នឹង តើ​នឹង​យក​លទ្ធផល​នៃ​ការ​ពិនិត្យ​ឃើញ​សារធាតុ​ញៀន​ទាំងអស់​ហ្នឹង​ទៅ​ធ្វើ​អ្វី។ យក​ទៅ​ណែនាំ​អ្នក​មាន​សារធាតុ​ញៀន​ទាំងនោះ ឬ​ក៏​ឈាន​ដល់​ស្វែងរក​ចាប់​ខ្លួន​អ្នក​ដែល​ចែកចាយ​គ្រឿង​ញៀន។ ខ្ញុំ​ចង់​ដឹង​ច្បាស់​ពី​គោល​បំណង​នៃ​ការ​ធ្វើ​តេស្ដ​ទឹកនោម​រក​សារធាតុ​ញៀន​ទៅ​លើ​អ្នក​បើកបរ​នៅ​ពេល​នេះ​ឲ្យ​បាន​ដឹង​ច្បាស់ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹង​ជា​សាធារណៈ»

អ្នកស្រី សុធារី ថ្លែង​ក្នុង​នាម​អ្នក​ឃ្លាំ​មើល​សង្គម​ដោយ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឬ​មន្ត្រី​ជំនាញ ត្រូវ​តែ​ធ្វើ​តេស្ត​ទឹកនោម ឬ​ឈាម ដើម្បី​រក​សារធាតុ​ញៀន​ទៅ​លើ​គ្រប់​កង​កម្លាំង​ប្រដាប់​អាវុធ មាន​កម្លាំង​នគរបាល កម្លាំង​កង​រាជ​អាវុធហត្ថ និង​កងទ័ព​ជាដើម ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ដើម្បី​ឲ្យ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល អនុវត្ត​មាន​ប្រសិទ្ធភាព។

ស្រដៀង​គ្នា​ដែរ លោក ប៊ួន ណារិទ្ធិ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ក៏​គាំទ្រ​វិធានការ​ចុះ​ពិនិត្យ​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​គ្រឿង​ញៀន​ទៅ​លើ​បុគ្គលិក​បើកបរ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ និង​អ្នក​ដំណើរ​នេះ​ដែរ។

ករណី​នេះ លោក​ទទួល​ព័ត៌មាន​មក​ថា កន្លង​ទៅ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធំៗ ឬ​រថយន្ត​សណ្ដោង​កុងតឺន័រ​ចេញ​ចូល​តាម​ផ្លូវ​ជាតិ​លេខ​៤ គឺ​មាន​ប្រើប្រាស់​គ្រឿង​ញៀន​ពេល​ពួក​គេ​កំពុង​បើកបរ​នៅ​លើ​ផ្លូវ​ថ្នល់​សាធារណៈ ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​បន្តបន្ទាប់៖ «អ៊ីចឹង​ហើយ​យើង​មិន​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ ក្លាយ​ជា​ទីក្រុង​នៃ​គ្រឿង​ញៀន​នោះ​ទេ។ ដូច្នេះ​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ លោក​មេត្តា​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​ធ្វើ​តេស្ដ​ទឹកនោម​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ និង​អ្នក​ដំណើរ​រក​សារធាតុ​ញៀន​នេះ សូម​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​នេះ​រីក​លូតលាស់​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ ជាពិសេស​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​សុទ្ធតែ​ជា​ភ្ញៀវ​ដែល​ចូល​មក​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ធម្មជាតិ មិន​មែន​ជា​ទេសចរ​ចូល​មក​ពាក់ព័ន្ធ​គ្រឿង​ញៀន​នោះ​ឡើយ»

ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា កន្លង​ទៅ​នេះ​ដាក់​ចេញ​យុទ្ធនាការ​ថ្មី​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ ស្រប​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​១ របស់​ប្រធានាធិបតី​ហ្វីលីពីន លោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ជា​អ្នក​កំពុង​អនុវត្ត​យុទ្ធនាការ​ដូច​គ្នា​នេះ​ដ៏​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់។

យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អនុវត្ត​លើក​ទី​១ មាន​រយៈពេល ៦​ខែ គឺ​ចាប់​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៧ នេះ​ត​ទៅ។ បទល្មើស​គ្រឿង​ញៀន​នេះ​វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ព្រោះ​ប្រមុខ​ដឹកនាំ​ជា​រឿយៗ​តែង​រំឭក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​សម្រេច​តាម​ការ​ប្ដេជ្ញា​ចិត្ត​ថា កម្ពុជា ជា​ប្រទេស​គ្មាន​គ្រឿង​ញៀន​ជាដើម។

បញ្ហា​នេះ រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ការ​ចរាចរ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា មិន​ថយ​ចុះ​ទេ ហើយ​ថែម​ទាំង​រីក​រាលដាល​គួរ​ឲ្យ​បារម្ភ ពោល​គឺ​ចាប់​ពី​ទីក្រុង​រហូត​ដល់​ជនបទ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត​ផង ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​អះអាង​ថា កម្ពុជា មិន​មែន​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន ឬ​ប្រភព​នៃ​គ្រឿង​ញៀន​ទេ ដោយ​គ្រាន់​តែ​មាន​ការ​លួច​លាក់​នាំ​ចូល​ពី​ក្រៅ​ប្រទេស​តាម​របៀង​ព្រំដែន និង​ជើង​ហោះហើរ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​៣ និង​មួយ​ចំនួន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles