លោក ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​រាជការ​ជួយ​ចុះ​ពង្រឹង​បក្ស​តាម​មូលដ្ឋាន

ដោយ ថា កិត្យា
2017-04-02
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា) ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​ផ្សារ​លើ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chin Chetha
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា) ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​ផ្សារ​លើ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Chin Chetha


មន្ត្រី​រាជការ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​មន្ត្រី​រាជការ​ចុះ​មូលដ្ឋាន​ជួយ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​អ្នក​វិភាគ​យល់​ថា ការ​ប្រើ​មន្ត្រី​រាជការ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា នេះ គឺ​មិន​មាន​ប្រសិទ្ធភាព ហើយ​ខុស​នឹង​ច្បាប់។

បញ្ហា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​ក្នុង​ជំនួប​សំណេះសំណាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជាង ៤​ពាន់​នាក់​មក​ពី​ក្រសួង​ចំនួន​៣ គឺ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សង្គមកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​កម្ពុជា លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា លោក​ពុំ​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ឡើយ ប៉ុន្តែ​លោក​យល់​ថា ជំនួប​នោះ គឺ​មិន​មាន​រឿង​អ្វី​ចម្លែក​ឡើយ គ្រាន់​តែ​ជា​ការ​អបអរ​សាទរ និង​ជូនពរ​គ្នា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ដោយឡែក​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យះយ៉ា អះអាង​ថា ក្នុង​ជំនួប​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា ប្រសិន​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ច្រើន​នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នោះ វា​នឹង​ប៉ះពាល់​ដល់​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សា​ស្រុក និង​រាជធានីខេត្ត​ជាដើម។ ដូច្នេះ​ហើយ ប្រមុខ​បក្ស​កាន់​អំណាច​ជំរុញ​ឲ្យ​មន្ត្រី​រាជការ ជួយ​ចុះ​មូលដ្ឋាន​ពង្រឹង​បក្ស និង​ណែនាំ​គ្រួសារ​របស់​ខ្លួន​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា៖ «»

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដើម​យុទ្ធនាការ​ជួប​ជាមួយ​មន្ត្រី​រាជការ​គ្រប់​ក្រសួង​ទាំងអស់ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​ខ្លួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ បន្ទាប់​មក​ទៀត លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ប្រមាណ ៣​ពាន់​នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការ​បរទេស និង​ក្រសួង​រៀបចំ​ដែនដី កាល​ពី​ថ្ងៃ​ទី​៣០ មីនា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ជំនួប​នេះ​បាន​ត្រឹម​តែ​ពង្រឹង​នូវ​ទំនាក់ទំនង​មន្ត្រី​រាជការ ឬ​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ខ្សែ​បណ្តោយ​របស់​បក្ស​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ចង់​ស្ដារ​ឡើង​វិញ​នូវ​ចំនួន​អ្នក​គាំទ្រ​ទូទៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទេ​នោះ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​រូប​នេះ​មើល​ឃើញ​ទៀត​ថា ក្នុង​អាណត្តិ​នេះ គណបក្ស​កាន់​អំណាច​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​ជាង​ពេល​មុនៗ បន្ទាប់​ពី​មាន​បទពិសោធន៍​ថយ​ចុះ​កៅអី​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣៖ «»

រីឯ​អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​មីនា ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​រឿង​បាត់បង់​អំណាច​មូលដ្ឋាន ព្រោះ​សំឡេង​ឆ្នោត​ខាង​មុខ​នេះ​អាច​បាន​ពាក់​កណ្ដាល​ម្នាក់​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។

លោក ឆាំ ប៊ុនថេត ពន្យល់​ទៀត​ថា ប្រសិន​បើ​គណបក្ស​ណា​មួយ​មាន​មេ​ឃុំ​ជាប់​ឆ្នោត​ច្រើន មាន​សិទ្ធិ​ជ្រើសរើស​មេ​ភូមិ ជ្រើសរើស​គណៈកម្មការ​ស្រុក គណៈកម្មការ​ខេត្ត រហូត​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​ព្រឹទ្ធសភា ហើយ​ប្រសិន​ឈ្នះ​ខ្លាំង​នោះ គឺ​អាច​ឡើង​ធ្វើ​ប្រធាន​ព្រឹទ្ធសភា និង​អាច​ធ្វើ​ប្រមុខ​រដ្ឋ​ស្តីទី​ដែល​មាន​តួនាទី​ស៊ីញេ​ច្បាប់​ទៀត​ផង។

ចំពោះ​ការ​ប្រើ​មន្ត្រី​ចុះ​មូលដ្ឋាន​ដើម្បី​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា នេះ លោក​បណ្ឌិត មាស នី យល់​ថា ប្រហែល​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ហើយ​ខុស​នឹង​ច្បាប់​ទៀត​ផង ព្រោះ​លោក​ថា ថ្វីត្បិតតែ​មន្ត្រី​រាជការ​មាន​សិទ្ធិ​បោះឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​មែន ប៉ុន្តែ​ពួក​គេ​មិន​អាច​ធ្វើ​ជា​សកម្មជន ដើរ​បំផុស ឬ​បង្ខំ​ឲ្យ​អ្នក​ណា​ម្នាក់​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles