អ្នក​វិភាគ​ចាត់​ទុក​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា​ធ្វើ​ឡើង​តាម​អារម្មណ៍

ដោយ តាំង សារ៉ាដា
2017-04-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo: RFA


អ្នកឃ្លាំមើល​នយោបាយ​ក្នុង​សង្គម​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច កំពុង​អនុវត្ត​របប​ផ្ដាច់ការ​ចាប់​តាំង​ពី​លោក​ឡើង​កាន់​ដំណែង​ជា​ប្រធាន​បក្ស។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ផ្ទុយ​វិញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ចិត្ត​ធម៌ ​ប្រកប​ដោយ​ការ​អភិវឌ្ឍ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ៖ «ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ត្រង់​សម្ដេច ជា ស៊ីម លោក​ចូល​អនិច្ចកម្ម​ទៅ​គ្មាន​អ្នក​ណា​ជំនួស ហើយ​សម្ដេច​តេជោ លេច​ធ្លោ​តែម្ដង​ទៅ។ បើ​តាម​មើល​ឥរិយាបថ និង​សកម្មភាព​វា​ហាក់​ដូច​ជា​អត់​មាន​អ្នក​ណា​ទប់ វា​ទៅ​ជា​ផ្ដាច់ការ»។

​លោក​បន្ត​ថា លោក ហ៊ុន សែន ប្រើប្រាស់​ចរិត​ផ្ទាល់​ខ្លួន​មក​លាយឡំ​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ ដែល​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​មាន​ភាព​ក្មេងខ្ចី និង​ខ្វះ​គោលការណ៍​យូរ​អង្វែង។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ដឹកនាំ​បក្ស​បែប​ឆេវឆាវ និង​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​ដឹកនាំ​របស់​លោក ជា ស៊ីម អតីត​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​មាន​ភាព​ចាស់​ទុំ​ជាង ហើយ​នឹងធឹង​ជាង។

គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន បាន​ប្រើ​កាយវិការ​បែប​អត្តនោម័តិ​មួយ​ចំនួន​ក្នុង​ឈុត​ឆាក​នយោបាយ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ។

ជាក់ស្ដែង​ដូច​ជា​ការ​ការ​លុបបំបាត់​តួនាទី​មេដឹកនាំ​សំឡេង​ភាគ​ច្រើន និង​ភាគតិច​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្នុង​ន័យ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការ​កែ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ​មិន​តម្រូវ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុ​ប្រធាន​បក្ស។

​លោក ហ៊ុន សែន ក៏​បាន​ទទួល​ស្គាល់​សំឡេង​របស់​លោក​ក្នុង​ខ្សែ​អាត់​សន្ទនា​ជាមួយ​លោក កឹម សុខា ដែល​ត្រូវ​បាន​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សី ហា បញ្ចេញ​ជា​សាធារណៈ។ លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​គំរាម​បញ្ចេញ​ខ្សែអាត់​សំឡេង​ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ព្រម​ទទួល​សំឡេង​សន្ទនា​ទាំង​នោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការ​យាយី​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កាន់តែ​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មួយ​នេះ​ទទួល​រង​នូវ​ការ​ស្តី​បន្ទោស​ជា​ខ្លាំង​ពី​មហាជន ហើយ​អាច​នាំ​ឲ្យ​បក្ស​នេះ​បាត់បង់​សំឡេង​គាំទ្រ​ជា​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ទៅ​វិញ។ លោក​បន្ត​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អាប់អន់​ជា​ខ្លាំង​ក្នុង​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន តាម​រយៈ​ការ​បោះពួយ​ធ្វើ​បាប​ក្រុម​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយ​គំនិត​អត្តនោម័តិ៖ «ធ្វើ​សកម្មភាព​ប្រឆាំង បង្ក្រាប កម្ទេច គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពេល​បាន​លទ្ធផល​ដូច​ជា​បញ្ច្រាស​ទៅ​វិញ គឺ​ប្រជាពលរដ្ឋ​កាន់​តែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ទៅ​វិញ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ។ លោក​បន្ត​ថា ការ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ផ្អែក​តាម​គោលនយោបាយ​ជា​មូលដ្ឋាន​របស់​គណបក្ស៖ «ទោះ​បី​ជា​សម្ដេច​តេជោ ហ៊ុន សែន ឡើង​ធ្វើជា​ប្រធាន​គណបក្ស ក៏​លក្ខន្តិកៈ​របស់​គណបក្ស​ប្រជាជន​អត់​មាន​ការ​ផ្លាស់ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល។ អ៊ីចឹង​គោលការណ៍​ដឹកនាំ​របស់​គណបក្ស​ប្រជាជន នៅ​តែ​ដដែល អត់​មានការ​ផ្លាស់ប្ដូរ​ទេ គឺ​សមូហភាព​ជា​អ្នក​សម្រេច បុគ្គល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដដែល។ អត់​មាន​អី​ប្លែក​ទេ ហើយ​ការ​ដឹក​នាំ​របស់​សម្ដេច មិន​មែន​អត្តនោម័តិ​ដូច​គាត់​ថា​នោះ​ទេ។ ការដឹកនាំ​គឺ​តាម​គោលការណ៍​របស់​គណបក្ស។ ប្រសិនបើ​គណបក្ស​មិន​ហ្មត់ចត់ មិន​ប្រកាន់​គោលការណ៍​ជាប់​ទេ នោះ​គណបក្ស​មិន​អាច​រក្សា​ឯកភាព​ផ្ទៃក្នុង​បាន​យូរ​អង្វែង​នោះ​ទេ»

​លោក សុខ ឥសាន បាន​ផ្ដល់​តម្លៃ​ដល់​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​រហូត​ដល់​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ហើយ​ពលរដ្ឋ​ក្នុង​ប្រទេស​ក៏​ទទួល​សេចក្ដី​សុខ ហើយ​រស់​នៅ​យ៉ាង​សុខដុមរមនា​ថែម​ទៀត។ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ល្បី​ខាង​អាក្រក់ និង​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ជា​មេដឹកនាំ​បែប​ជើងកាង ចិត្ត​ឆៅ ហ៊ាន​ស៊ីសង ជា​មេដឹកនាំ​តាម​បែប​ហិង្សា និង​ជា​មេដឹកនាំ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​ក្រុម​អ្នក​ហ៊ាន​រិះគន់។

យ៉ាងហោចណាស់​មាន​អ្នក​នយោបាយ​ចំនួន​ជិត ៣០​នាក់ កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោម​ហេតុផល​នៃ​ការ​បញ្ចេញ​មតិ។ អ្នក​ទាំង​​នោះ​រួម​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើន​រូប​ទៀត។ ប៉ុន្តែ​ជា​រឿយៗ លោក ហ៊ុន សែន តែង​ព្រមាន​ថា លោក​សុខ​ចិត្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ជាង​ប្រើ​កងទ័ព។

​របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បាន​រាយការណ៍​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។

​រហូត​មក​ទល់​ពេល​នេះ ពន្លឺ​យុត្តិធម៌​នៃ​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ជា​ច្រើន​ករណី​ហាក់​កប់​ភព​អន្ធការ​ដ៏​សែន​ជ្រៅ។ ឃាតកម្ម​ទាំង​នោះ​រួម​មាន ករណី​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​បរិស្ថាន លោក ឈុត វុទ្ធី ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី លោក រស់ សុវណ្ណារ៉េត ករណី​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច និង​កញ្ញា តាត ម៉ារីណា នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ ហើយ​អ្នក​បញ្ជា​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ក៏​នៅ​តែ​មាន​សេរីភាព​ក្នុង​ប្រទេស​អច្ឆរិយ​ខាង​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នេះ​ដែរ។

​ក្រៅ​ពី​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ទាំង​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ រក​យុត្តិធម៌​នោះ គេ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​មួយ​ជ្រុង​ទៀត កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ​កងទ័ព​របស់​លោក ហ៊ុន សែន ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់ រួម​និង​ការ​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ដែល​សម្លាប់​ជីវិត​មនុស្ស ១៦​នាក់​ផង​នោះ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បើក​ដំណើរការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​វែកមុខ​អ្នក​បញ្ជា​យក​មក​ផ្ដន្ទាទោស​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​វិភាគ​ចាត់​ទុក​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា​ធ្វើ​ឡើង​តាម​អារម្មណ៍"

  1. people says:

    This beast regime and leaded by former veitcong khmer rough is getting worse everyday for ordinary people life ‘.This veitcong mafia dictator never care about people or country’ one day GOD will punish this veitcong mafia dictator. GOD bless all cambodian people’