យុវជន​ម្នាក់​ពិការ​ជើង​ទាំង​ពីរ​តស៊ូ​រស់​តាម​រយៈ​ការ​បង្រៀន​ជំនាញ​លេង​ហ្គីតា

ដោយ ហង្ស សាវយុត
2017-04-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន ប្រាក់ សុផាន់ណា លេង​ហ្គីតា​បង្ហាញ​នៅ​ក្នុង​ពេល​ដែល​គាត់​ទៅ​បង្រៀន​យុវជន​នៅ​សាលា​តន្ត្រី​សម្រាប់​ទាំងអស់​គ្នា នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Hang Savyouth
យុវជន ប្រាក់ សុផាន់ណា លេង​ហ្គីតា​បង្ហាញ​នៅ​ក្នុង​ពេល​ដែល​គាត់​ទៅ​បង្រៀន​យុវជន​នៅ​សាលា​តន្ត្រី​សម្រាប់​ទាំងអស់​គ្នា នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Hang Savyouth


បច្ចុប្បន្ន ជន​ពិការ​នៅ​កម្ពុជា ភាគច្រើន​គឺ​មាន​ជីវភាព​ក្រីក្រ ហើយ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក។ មូលហេតុ​ដែល​ជន​ពិការ​ក្រីក្រ​នេះ ដោយសារ​តែ​ពួក​គេ​ភាគច្រើន​មិន​បាន​រៀន​សូត្រ​ឲ្យ​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ព្រម​ទាំង​កន្លែង​ការងារ​ល្អៗ​ជាច្រើន​ក៏​មិន​ផ្ដល់​ឱកាស​ការងារ​ឲ្យ​ពួក​គេ​ដូចជា​មនុស្ស​មាន​កាយ​សម្បទា​គ្រប់​ដែរ។

ប្រាក់ សុផាន់ណា ជា​យុវជន​ម្នាក់​កំព្រា​ឪពុក​ម្ដាយ ហើយ​ជើង​ទាំង​ពីរ​របស់​គាត់​បាន​ស្វិត​ពិការ​តាំង​ពី​កុមារ​ម្ល៉េះ។

បច្ចុប្បន្ន គាត់​មាន​អាយុ ២៦​ឆ្នាំ ហើយ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា គឺ​ពោប​នៅ​លើ​តែ​រទេះ។ ថ្វីត្បិតតែ​រូប​គាត់​ពិការ​ជើង​ទាំង​ពីរ​ដើរ​ទៅ​ណា​មក​ណា​មិន​រួច រៀន​ក៏​មិន​បាន​ថ្នាក់​ខ្ពស់ ក៏ប៉ុន្តែ ប្រាក់ សុផាន់ណា ហាក់​មិន​អស់​សង្ឃឹម​ចំពោះ​ការ​តស៊ូ​ក្នុង​ជីវិត​ទេ គឺ​គាត់​កំពុង​ប្រឹងប្រែង​ហាត់​រៀន​ជំនាញ​លេង​ហ្គីតា​បាន​យ៉ាង​ល្អ ហើយ​ពេល​ទំនេរ​ខ្លះ គាត់​ធ្វើ​ជា​គ្រូបង្រៀន​លេង​ហ្គីតា​ដល់​យុវជន​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប ផង។

ប្រាក់ សុផាន់ណា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​រូប​គាត់​ធ្លាក់​ខ្លួន​ពិការ​មក គាត់​មាន​អារម្មណ៍​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ពីព្រោះ​មិន​ដូចជា​អ្នក​ដទៃ​ទៀត​ដែល​មាន​រាងកាយ​ពេញលេញ​ទេ។ ពេល​នោះ គាត់​ក៏​ចាប់​ផ្ដើម​នឹក​ឃើញ​ដល់​ការ​រៀន​ភ្លេង ដើម្បី​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ទាំងឡាយ៖ «ដំបូង​ខ្ញុំ​ធ្លាក់​ខ្លួន​ពិការ ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់។ ខ្ញុំ​ចាប់​ផ្ដើម​សម្លឹង​មើល​ជុំវិញ​ខ្លួន ក៏​ដឹង​ថា​ខ្លួន​ឯង​ខុស​ពី​គេ»

សុផាន់ណា មាន​ស្រុក​កំណើត​នៅ​ភូមិ​វាលល្ងើក ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង។ ឪពុក​ម្ដាយ​របស់​គាត់​ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​អំឡុង​ឆ្នាំ​១៩៩០។ ចាប់​តាំង​ពី​ឪពុក​ម្ដាយ​របស់​គាត់​ស្លាប់​ទៅ រូប​គាត់ និង​បង​ប្អូន ៣​នាក់ បាន​រសាត់​អណ្ដែត​មក​ជ្រកកោន​នៅ​ទីក្រុង​ភ្នំពេញ។ ពេល​អាយុ ១២​ឆ្នាំ គាត់​បាន​កើត​ជំងឺ​រលាក​ខួរ​ឆ្អឹង​ខ្នង បណ្ដាល​ឲ្យ​ជើង​ទាំង​ពីរ​របស់​គាត់​ស្វិត​ដើរ​លែង​រួច រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ប្រាក់ សុផាន់ណា បាន​មក​រស់នៅ​ក្រុង​សៀមរាប តាម​រយៈ​ព្រះវិហារ​របស់​គ្រិស្ត​សាសនា​មួយ​ដែល​ទទួល​ឲ្យ​គាត់​ស្នាក់នៅ ព្រម​ទាំង​ផ្ដល់​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ។

បច្ចុប្បន្ន ប្រាក់ សុផាន់ណា បាន​រៀន​ចេះ​លេង​ហ្គីតា ព្រម​ទាំង​អាច​និពន្ធ​បទ​ចម្រៀង​ខ្លះៗ​សម្រាប់​សម្ដែង​ជូន​សាធារណជន​ម្ដងម្កាល ព្រម​ទាំង​ថត​ទុក​ជា​ស៊ីឌី (CD) ផង។

«សំឡេង​ច្រៀង»

នៅ​រៀង​រាល់​ចុង​សប្ដាហ៍ ក្រៅ​ពី​ការ​ទៅ​សម្ដែង​ដើម្បី​រក​ប្រាក់ សុផាន់ណា ក៏​បាន​ជិះ​លើ​រទេះ​ដោយ​ឲ្យ​មិត្តភ័ក្ដិ​អូស​យក​ទៅ​បង្រៀន​ហ្គីតា​ដល់​យុវជន​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប ដែរ។

លោក ពន្លក សិលា ជា​នាយក​សាលា​តន្ត្រី​សម្រាប់​ទាំងអស់​គ្នា មាន​ប្រសាសន៍​ថា យុវជន ប្រាក់ សុផាន់ណា តែង​មក​ជួយ​បង្រៀន​ភ្លេង​នៅ​ក្នុង​សាលា​របស់​លោក​យ៉ាង​ហោច​ណាស់​ក៏ ៣ ទៅ ៤​ដង​ដែរ​ក្នុង ១​ខែ។ លោក​នាយក​សាលា​តន្ត្រី​ដដែល​ចាត់​ទុក​យុវជន សុផាន់ណា ហាក់​ដូចជា​ជំនួយការ​របស់​គាត់ ដែល​ជំនាញ​ខាង​លេង​ហ្គីតា។ លោក ពន្លក សិលា មើល​ឃើញ​ថា ថ្វីត្បិតតែ​យុវជន​នេះ​ពិការ​ជើង​មែន ប៉ុន្តែ​បច្ចុប្បន្ន សុផាន់ណា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​បង្រៀន​ជំនាញ​លេង​ហ្គីតា​ដល់​យុវជន​ជាច្រើន រហូត​ដល់​សរសេរ​បាន​បទ​ភ្លេង និង​ចម្រៀង​ខ្លះ​ទៀត​ផង៖ «ទំនុក​ច្រៀង និង​បទ​ភ្លេង​របស់​គាត់​ហ្នឹង គឺ​ឃើញ​មាន​សន្ទុះ និង​ការ​គាំទ្រ​ច្រើន តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម។ យើង​ចង់​ឲ្យ​មាន​ការ​គាំទ្រ​គាត់​កាន់​តែ​ច្រើន»

ក្រៅ​ពី​ជួយ​បង្រៀន​ជំនាញ​លេង​ហ្គីតា​នៅ​សាលា​តន្ត្រី​សម្រាប់​ទាំងអស់​គ្នា ប្រាក់ សុផាន់ណា ក៏​បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ទៅ​បង្រៀន​ជំនាញ​ដដែល​នេះ​ដល់​យុវជន​ជាច្រើន​ទៀត នៅ​ឯ​តំបន់​ជាយក្រុង​ក្នុង​សហគមន៍​សង្កាត់​ទ្រាក ដែរ។ នៅ​ទីនោះ សុផាន់ណា បាន​ប្រឹងប្រែង​បង្រៀន​យុវជន​ទាំង​អក្សរ​ភ្លេង ព្រម​ទាំង​ការ​អនុវត្ត​លេង​ហ្គីតា​ផ្ទាល់។

«សំឡេង​បង្រៀន»

យុវជន ហ៊ុល សំ គឺ​ជា​មិត្តភ័ក្ដិ​ដ៏​ជិតស្និទ្ធ​ដែល​តែងតែ​ធាក់​កង់​សណ្ដោង សុផាន់ណា ទៅ​បង្រៀន​ភ្លេង ឬ​ក៏​ទៅ​ទី​ដទៃ​ទៀត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន រូប​គាត់​ក៏​ជា​កូន​សិស្ស​ដែល​រៀន​លេង​ហ្គីតា​ពី សុផាន់ណា ដែរ។ ហ៊ុល សំ យល់​ថា សុផាន់ណា គឺ​ជា​គ្រូបង្រៀន​ហ្គីតា​ដ៏​ល្អ ពីព្រោះ​នៅ​ពេល​ដែល​សិស្ស​មិន​យល់ គឺ​គាត់​លើក​ទឹក​ចិត្ត ហើយ​ពន្យល់​រហូត​ទាល់​តែ​សិស្ស​យល់​ច្បាស់៖ «ពេល​ខ្លះ​ខ្ញុំ​ដឹង​ថា គាត់​មាន​អារម្មណ៍​ធុញ​ថប់​ចំពោះ​ការ​បង្រៀន​ភ្លេង ដោយ​ពិបាក​ធ្វើ​ដំណើរ​ទៅ​មក ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ទៅ​បង្រៀន​ទៀត»

បច្ចុប្បន្ន ផ្សារ​រាត្រី​មួយ​នៅ​ក្នុង​ក្រុង​សៀមរាប បាន​ជួល ប្រាក់ សុផាន់ណា និង​ក្រុម​ភ្លេង​របស់​គាត់​ឲ្យ​ទៅ​សម្ដែង​ជូន​ភ្ញៀវ​ទស្សនា​ក្នុង​មួយ​សប្ដាហ៍​ចំនួន​ពីរ​ថ្ងៃ គ្រាន់​បាន​ថវិកា​បន្តិចបន្តួច​ជួយ​ដោះស្រាយ​ជីវភាព។

ប្រាក់ សុផាន់ណា មាន​ក្តី​ស្រមៃ​ចង់​បង្កើត​ស្ទូឌីយូ (Studio) មួយ​សម្រាប់​ផលិត​ស៊ីឌី (CD) ចម្រៀង​របស់​គាត់ ដើម្បី​ចេញ​លក់​នៅ​ក្នុង​ទីផ្សារ​នា​ពេល​អនាគត។ ស្រប​នឹង​ក្តី​ស្រមៃ​នេះ គាត់​បាន​ចងក្រង​យុវជន​ជាច្រើន​ឲ្យ​ក្លាយ​ជា​ក្រុម​តន្ត្រី​រួច​ហើយ ក៏ប៉ុន្តែ​បំណង​របស់​គាត់​មិន​ទាន់​បាន​សម្រេច​ទេ ដោយសារ​តែ​ក្រុម​របស់​គាត់​នៅ​ខ្វះ​ឧបករណ៍​ភ្លេង ព្រម​ទាំង​ថវិកា​ជាច្រើន​សម្រាប់​កសាង​ស្ទូឌីយូ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "យុវជន​ម្នាក់​ពិការ​ជើង​ទាំង​ពីរ​តស៊ូ​រស់​តាម​រយៈ​ការ​បង្រៀន​ជំនាញ​លេង​ហ្គីតា"

  1. Rasmei says:

    Wow guy!!! Go ahead and work hard. Nobody cares about you in this world. Only you care about yourself!!!!