សហគមន៍​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ស្នើ​ដោះលែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង ​គ.ជ.ប

ដោយ សូត សុខប្រាថ្នា
2017-04-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​លើក​បដា​ដែល​មាន​រូប​មន្ត្រី​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ដើម្បី​ស្នើ​ឲ្យ​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo ADHOC
ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​លើក​បដា​ដែល​មាន​រូប​មន្ត្រី​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ដើម្បី​ស្នើ​ឲ្យ​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo ADHOC



ប្រជា​សហគមន៍​ជាច្រើន​នៅ​តាម​ស្រុក​មួយ​ចំនួន ដូចជា​ស្រុក​មេមត់ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​លើក​បដា​ដែល​មាន​រូប​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី​អគ្គលេខាធិការ​រង គ..ប ១​រូប និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដើម្បី​ស្នើ​ឲ្យ​តុលាការ ព្រម​ទាំង​ព្រះមហាក្សត្រ និង​រាជ​រដ្ឋាភិបាល ដោះលែង​អ្នក​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ស្នើ​របស់​ប្រជា​សហគមន៍​ពេល​នេះ ដោយសារ​ពួក​គាត់​យល់​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​មនុស្ស​មិន​មាន​កំហុស គឺ​ជា​រឿង​អយុត្តិធម៌។

ប្រជា​សហគមន៍​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ ចង់​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ពិចារណា​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៦​នាក់​ឲ្យ​មាន​សេរីភាព ដើម្បី​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ បង​ប្អូន និង​មិត្តភ័ក្ដិ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ពីព្រោះ​ជា​ពេល​ដែល​ពលរដ្ឋ​គ្រប់​រូប​តែង​ស្រមៃ​ថា​នឹង​បាន​ជួបជុំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

ប្រជា​សហគមន៍​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំងនោះ ពុំ​មាន​អ្វី​ចំណេញ​ដល់​រាជ​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​មាន​តែ​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​ខូច​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្អប់​ការ​ដឹកនាំ​បច្ចុប្បន្ន​ថែម​ទៀត​ផង។

តំណាង​ប្រជា​សហគមន៍​នៅ​ភូមិ​ចំបក់ ឃុំ​ត្រពាំងព្រីង លោក យ៉ាំ វេង មាន​ប្រសាសន៍​ថា ពួក​គាត់​នាំ​គ្នា​លើក​បដា​ដែល​មាន​រូប​មន្ត្រី​អាដហុក​ទាំង​បួន​នាក់ និង​អគ្គលេខាធិការ​រង គ..ប ម្នាក់ ព្រម​ទាំង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដើម្បី​ស្នើ​ដល់​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែង​ទោស​ដល់​ពួក​គេ។ មិន​តែ​ប៉ុណ្ណោះ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​ដែល​គ្មាន​កំហុស​ទាំងនេះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «សំណូមពរ​ឲ្យ​គាត់ រាជ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន និង​សម្ដេច សីហមុនី សូម​ឲ្យ​លោក​មាន​មេត្តា​ធម៌​ដោះលែង​សកម្មជន​អ្នក​ទាំងអស់​នោះ​ផង»

មន្ត្រី​សមាគម​អាដហុក​ចំនួន ៤​រូប​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​អគ្គលេខាធិការ​រង គ..ប គឺ​លោក នី ចរិយា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​លើ​សំណុំ​រឿង​ដែល​គេ​សង្ស័យ​ថា ជា​រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ន គឺ​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ គិត​មក​ត្រឹម​ថ្ងៃ​ទី​១១ មេសា ពួក​គាត់​ទាំង ៥​នាក់ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ចំនួន ៣៤៧​ថ្ងៃ ឬ​ជិត​មួយ​ឆ្នាំ រីឯ​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ត្រូវ​បាន​ជាប់​ឃុំ​ចំនួន ២៣៨​ថ្ងៃ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ​កន្លះ។

យុទ្ធនាការ​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ត្បូងឃ្មុំ ២០១៧ ១៤៤០
ប្រជា​សហគមន៍​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​លើក​បដា​ដែល​មាន​រូប​មន្ត្រី​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​អ្នកស្រី ទេព វន្នី ដើម្បី​ស្នើ​ឲ្យ​ដោះលែង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo ADHOC


ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង មួយ​រូប​ទៀត លោក ផេង សំអឿន រៀបរាប់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធតែ​បាន​ដឹង​ថា នរណា​ល្អ នរណា​អាក្រក់ នរណា​តួ​យក្ស និង​នរណា​ជា​តួ​ទេវតា។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស​ទៀត វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​តុលាការ​រង​ការ​រិះគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត​តែ​ម្តង។ លោក​យល់​ថា បើ​ទោះ​បី​ជា​យុទ្ធនាការ​ស្នើ​ឲ្យ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​អ្នក​ជាប់​ឃុំ​ពេល​នេះ មិន​មាន​សង្ឃឹម​ក្តី ប៉ុន្តែ​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​គាំទ្រ​ដល់​មនុស្ស​ដែល​គ្មាន​កំហុស និង​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទន់​ខ្សោយ៖ «គេ​មិន​ចូល​ឯកភាព​ជាមួយ​ទេ សូម្បី​ប្រជាពលរដ្ឋ​ក៏​គេ​បាន​យល់​ឃើញ​ទាំងអស់​ដែរ ហើយ​គាត់​លាក់លៀម​ដល់​ណា​ទៀត

សំណុំ​រឿង​អាស្រូវ​របស់​លោក កឹម សុខា និង​នាង ស្រី​មុំ កើត​ឡើង​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ជាប់​ពន្ធនាគារ ក្នុង​នោះ​មាន​មេ​ឃុំ​ស្រក មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ស៊ាង ចែត ប៉ុន្តែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ដំណាល​គ្នា​ទៅ​នឹង​លោក កឹម សុខា ដែរ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រោយ​ពេល​មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី គ..ប ជាប់​ឃុំ នៅ​ខាង​ក្រៅ​ពន្ធនាគារ​វិញ ទាំង​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី បាន​បង្កើត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ។ យុទ្ធនាការ​នេះ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​អ្នកស្រី ទេព វន្នី ហើយ​តុលាការ​ក៏​បាន​សើរើ​រឿង​ក្តី​ចាស់​របស់​អ្នកស្រី យក​មក​ជំនុំ​ជម្រះ និង​ផ្ដន្ទាទោស។

កន្លង​ទៅ មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សមាគម​អាដហុក និង​អគ្គលេខាធិការ​រង គ..ប បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​តុលាការ​កំពូល ដើម្បី​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បរាជ័យ​រហូត។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា កូន​ក្តី​របស់​លោក​ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ក្រុង​ភ្នំពេញ គឺ​មាន​ការ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពិសេស​លោក នី ចរិយា មាន​ជំងឺ​ប្រចាំ​កាយ​ផង។ លោក​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក នី ចរិយា វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ជីវភាព​ក្រុម​គ្រួសារ​កូន​ក្តី​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​គាត់​ក្នុង​តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ព្រោះ​ត្រូវ​បំពេញ​ការងារ​បោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​មិថុនា។ លោក​បន្ត​ថា ការ​ស្នើសុំ​របស់​ពលរដ្ឋ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ​មុន​ថ្ងៃ​ចូល​ឆ្នាំ តាម​នីតិវិធី​គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​កៀក​ថ្ងៃ​ចូល​ឆ្នាំ​ទៅ​ហើយ៖ «ដោយសារ​យើង​មាន​បែបបទ​ច្រើន​ក្នុង​ការ​ដោះលែង​ហ្នឹង ប៉ុន្តែ​មេធាវី​ការពារ​សង្ឃឹម​ថា​ប្រសិន​បើ​ខាង​តុលាការ ក៏ដូចជា​ខាង​តុលាការ​មាន​បំណង​ដោះលែង គួរ​តែ​ធ្វើ​នៅ​ក្រោយ​ចូល​ឆ្នាំ​នៅ​ពេល​ថ្ងៃ​ទី​១៨ មេសា»

លោក សំ សុគង់ បញ្ជាក់​ថា ទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សមាគម​អាដហុក បាន​បំពេញ​ការងារ​របស់​ខ្លួន​ស្ទើរ​តែ​គ្រប់​នីតិវិធី ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ក្តី​របស់​ខ្លួន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ការ​ឆ្លើយតប​ពី​ខាង​តុលាការ​វិញ មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សមាគម​អាដហុក អះអាង​ថា ពួក​គេ​នឹង​បន្ត​នីតិវិធី​ស្នើសុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​ក្រោយ​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច។

ប្រជា​សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៦​នាក់​តាំង​ពី​ខែ​កុម្ភៈ មក ដោយ​អះអាង​ថា ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត និង​ការ​ស្រឡាញ់​យុត្តិធម៌​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ដោយសារ​សំណុំ​រឿង​នេះ​អយុត្តិធម៌​ពេក ទើប​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​យុទ្ធនាការ​នេះ​ឡើង៖ «ស​គឺ​ស ខ្មៅ​គឺ​ខ្មៅ នៅ​លើ​លោក​នេះ​គ្មាន​អ្វី​អាថ៌កំបាំង​ទេ។ វា​បាន​តែ​មួយ​ភ្លែតៗ​ទេ ប៉ុន្តែ​ថ្ងៃ​ក្រោយ គង់​តែ​នឹង​ដឹង​ទេ»

លោក​យល់​ថា ប្រសិន​បើ​តុលាការ​បន្ត​ឃុំ​ខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ ពិសេស​បាត់បង់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហគមន៍​ខេត្ត​ត្បូងឃ្មុំ​ធ្វើ​យុទ្ធនាការ​ស្នើ​ដោះលែង​ មន្ត្រី​សិទ្ធិ​មនុស្ស​ និង ​គ.ជ.ប"

  1. people says:

    Ask this beast regime to release the NGO people?? no way’ this veitcong beast regime and leaded by former veitcong K-R never feel pity to anybody ‘because they are the killers and they listen only Angka lour youn-hanoi and killed khmer people with no mercy.Veitcong mafia dictator and his groups will be topple by people vote and kick them out .GOD bless all cambodian people’

Leave a Reply

Submit Comment