ហ្វេសប៊ុក​ពីរ ​បង្ហាញ​ពី​ការ​បែកធ្លាយ ​អ៊ីមែល​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំនួន​ជិត ៧,៤ លាន​នាក់លើទំព័រហ្វេសប៊ុក របស់​លោក។ រូបថត ហ្វេសប៊ុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំនួន​ជិត ៧,៤ លាន​នាក់លើទំព័រហ្វេសប៊ុក របស់​លោក។ រូបថត ហ្វេសប៊ុក


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ហ្វេសប៊ុក​បញ្ចេញ​ការ​លេចធ្លាយ​អនាមិក​ឈ្មោះ «ធ្លាយ​ហើយ» និង «សីហា» កាលពី​ម្សិលមិញ​បាន​បញ្ចេញ​ការ​លេចធ្លាយ​អ៊ីមែល​ស្រដៀង​គ្នា​ដែល​បង្ហាញ​អំពី​ការ​ពិភាក្សា​របស់​ក្រុម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុម​ហ្វេសប៊ុក​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើឲ្យ​ចំនួន​អ្ន​កឡៃក៍​ហ្វេសប៊ុក​កើនឡើង ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ហៅ​ការ​លេចធ្លាយ​នេះ​ថា​ជា​ការ​ប្រឌិត។

ហ្វេសប៊ុក ធ្លាយ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​រូបភាព​នៃ​អ៊ីមែល​ពី​លោក ដួង តារា ដែល​ពិភាក្សា​អំពី​ការ​ប្រូម៉ូត​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី និង​ការ​ទិញ like កាលពី​ខែ​មីនា​ឆ្នាំ​មុន។ អ៊ីមែល​នេះ​ក៏​បាន​បង្ហាញ​អំពី​ចំនួន​ថវិកា​យ៉ាង​ច្រើន​ដែល​ត្រូវ​ចំណាយ​សម្រាប់​ការងារ​នេះ​ក្នុង​រយៈពេល ៣ ខែ​សម្រាប់​ការ​ប្រូម៉ូត។

ក្រោយ​មក​កាលពី​ម្សិលមិញ​ហ្វេសប៊ុក សីហា បាន​បញ្ចេញ​ការ​លេចធ្លាយ​ដែល​មាន​គោលដៅ​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បញ្ចេញ​រូបភាព​ស្រដៀង​គ្នា​នៃ​អ៊ីមែល​មួយ​ពី​លោក អ៊ឹង ជុងលាង ដែល​ជា​សមាជិក​ក្រុម​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​អំពី​ការ​ចំណាយ​ថវិកា​សម្រាប់​ការ​ប្រូម៉ូត​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

ហ្វេសប៊ុក សីហា បាន​ឲ្យ​ដឹង​នៅ​លើ​ការ​បង្ហោះ​របស់​ខ្លួន​ថា៖ «នៅ​ក្នុង​អ៊ីមែល​ខ្ញុំ​ឃើញ​លោក សម រង្ស៊ី បាន​ទំនាក់​ទំនង​ជា​ញឹកញាប់​ជាមួយ​បុរស​នេះ​ដែល​ភាគច្រើន​បំផុត​រាយការណ៍​ទៅ​លោក សម រង្ស៊ី អំពី​ការ​ចំណាយ»។ «លោក សម រង្ស៊ី ថ្លែង​ថា​លោក​រីករាយ​ដែល​ចំនួន like នៅ​លើ​ហ្វេសប៊ុក​បាន​កើនឡើង»។

ចំនួន like នៅ​លើ​ហ្វេសប៊ុក​បាន​កើនឡើង​ជា​មោទនភាព​មួយ​របស់​លោក ហ៊ុន សែន ខណៈ​លោក​ប្រើប្រាស់​វា​ជា​ឧបករណ៍​បង្ហាញ​សារ​នយោបាយ​ហើយ​គណបក្ស​ទាំងអស់​ក៏​បាន​ប្រើប្រាស់​សកម្មភាព​តាម​ហ្វេសប៊ុក​យ៉ាង​ខ្លាំង​ដែរ​ចាប់​តាំងពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣។

ទិន្នន័យ​នា​ពេល​ថ្មីៗ​ពី​ក្រុមហ៊ុន​អ្នក​វិភាគ​ហ្វេសប៊ុក Socialbakers បាន​បង្ហាញ​ថា​ចំនួន​អ្នក follower របស់​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន គឺ​មាន​ចំនួន​ជិត ៧,៤ លាន​នាក់ ហើយ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ទាំង​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ចំនួន​ដទៃ​ទៀត​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចំនួន ៤៥ ហើយ​ភាគ​ច្រើន​បំផុត​គឺ​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា ហ្វីលីពីន និង​ថៃ។ ប៉ុន្តែ​ហ្វេសប៊ុក លោក សម រង្ស៊ី មាន​ជិត ៨០ ភាគរយ​នៃ​ចំនួន fan ៣,៨ លាន​នាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចំនួន​ដទៃ​ទៀត​មកពី​ប្រទេស​ថៃ និង​វៀតណាម។

លោក តារា កាលពី​ម្សិលមិញ​បាន​ហៅ​ការ​លេចធ្លាយ​នេះ​ថា​ជា​ការ​ប្រឌិត​ដោយ​ថ្លែង​ថា​លោក​ប្រើប្រាស់​គណនី yahoo ជា​អ៊ីមែល​ផ្លូវការ​របស់​លោក​មិនមែន Gmail ដូច​ក្នុង​ការ​លេចធ្លាយ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីមែល​នោះ​ត្រូវ​បាន​ប្រឌិត ខ្ញុំ​មិន​ដែល​ប្រើ​អ៊ីមែល duongdaraspm@gmail.com ទេ»។

លោក តារា បញ្ជាក់​ថា​លោក​ជា​អនុរដ្ឋលេខាធិការ​នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​បាន​ថ្លែង​ថា​លោក​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​យូរៗ​ម្តង​តែ​នៅ​ពេល​មាន​ការ​ស្នើសុំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ជា​ផ្នែក​នៃ​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ទេ។ ទោះ​យ៉ាង​ណា​ក្តី​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​បាន​និយាយ​ថា​ជា​ការពិត​លោក តារា ជា​ផ្នែក​នៃ​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន។

លោក តារា ក៏​បាន​បដិសេធ​ផង​ដែរ​ថា​លោក​មិន​ដឹង​អំពី​ថា តើ​ក្រុម​ហ្វេសប៊ុក​នោះ​កំពុង​ទិញ like សម្រាប់​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី​ឬ​អត់​នោះ​ទេ។

ស្រដៀង​គ្នា​ផង​ដែរ​លោក ជុង លាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​ថា​អ៊ីមែល​លេចធ្លាយ​នោះ​មិនមែន​ជា​អ៊ីមែល​របស់​លោក​ទេ​ហើយ​បាន​ហៅ​វា​ថា​ជា​អ៊ីមែល​ក្លែងក្លាយ។

លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា៖ «ព័ត៌មាន​នេះ​មិន​ពិត​ទេ»។

លោក ជុង លាង និង សហការី​ហ្វេសប៊ុក​ឈ្មោះ សម្បត្តិ សត្យា រួម​ជាមួយ​លោក សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​ និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥ ឆ្នាំ​ពាក់ព័ន្ធ​នឹង​វីដេអូ​ខ្លីប​មួយ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​ក្នុង​នោះ​លោក ហុង សុខហួរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​សន្ធិសញ្ញា​ឆ្នាំ ១៩៧៩ «ក្លែងក្លាយ» ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា វៀតណាម។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា​អ៊ីមែល​ក្លែងក្លាយ​របស់​លោក ជុងលាង គឺ​មិន​អាច​បង្ហាញ​ថា​ជា​ការ​លើក​ឡើង​របស់​គាត់​ទេ ហើយ​សូម្បី​តែ​ចំនួន​លុយ​ក៏​ត្រូវ​បាន​គេ​រៀបរាប់​នៅ​ក្នុង​នោះ​ដែរ។

លោក​ថ្លែង​តាម​អ៊ីមែល​ថា៖ «វា​ពិត​ជា​គួរ​ឱ្យ​អស់​សំណើច​ណាស់! ខ្ញុំ​នៅ​ឆ្ងាយ​ពី​ការ​មាន​លុយ​នោះ​ឆ្ងាយ​ណាស់។ ប្រសិន​បើ​ខ្ញុំ​មាន​អ៊ីចឹង​មែន នោះ​ខ្ញុំ​នឹង​ប្រើប្រាស់​លុយ​របស់​ខ្ញុំ​ខុស​ពី​នេះ»។

លោក សម រង្ស៊ី បាន​អះអាង​ថា​លោក ហ៊ុន សែន និង​ក្រុម​ការងារ​ហ្វេសប៊ុក​របស់​គាត់​ហាក់​ដូចជា «ជ្រួល​ច្របល់» ដោយ​ការ​លេចធ្លាយ​នេះ​ហើយ​ផ្ទុយ​មក​វិញ​ពួកគេ​កំពុង​ព្យាយាម​បំភាន់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​ថ្លែង​បន្ថែម​ថា៖ «មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​គាត់ (ហ៊ុន សែន) ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ការ​លេចធ្លាយ​នេះ​គឺ​ព្យាយាម​បង្ខូច​ការ​លេចធ្លាយ​ពិតប្រាកដ​នេះ ដោយ​បង្កើត​សារ​លេចធ្លាយ​ក្លែងក្លាយ​ជាច្រើន ដើម្បី​ធ្វើឲ្យ​សាធារណជន​មិន​សូវ​ចាប់​អារម្មណ៍ និង​បំភ្លេច​រាល់​សារ​លេចធ្លាយ​ទាំង​អស់​នោះ»។

ទោះបី​ជា​យ៉ាង​ណា​ចំពោះ​ការ​លេចធ្លាយ​នេះ​លោក សម រង្ស៊ី បាន​ឆ្លើយតប​ទៅ​នឹង​សារ​លេចធ្លាយ​របស់​ហ្វេសប៊ុក​លោក ហ៊ុន សែន ឲ្យ​គេ​ឃើញ​ពី​ភាព​ខុសគ្នា​រវាង​ការ​ធ្វើឲ្យ​មាន​ការ​ចុច Like លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ស្រប​ច្បាប់​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ Like កាន់តែ​ច្រើន​ហើយ​ចំពោះ​ការ​ធ្វើឲ្យ​មាន​ការ​ចុច Like (ទិញ Like) ដោយ «មិន​ស្រប​ច្បាប់​គឺ​ពិត​ជា​គួរ​ឱ្យ​អាម៉ាស់​ណាស់»។

ដោយ​ចង់​សំដៅ​ទៅ​ដល់​សារ​លេចធ្លាយ​ស្តីពី​ការ​ទិញ Like របស់​ហ្វេសប៊ុក​លោក​ ហ៊ុន សែន លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​ដូចជា​កម្ពុជា​ការ​ចំណាយ​លុយ​រហូត​ដល់ ១០០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ពិតជា​ច្រើន​ណាស់​ដែល​លោក​ ហ៊ុន សែន បាន​ចំណាយ​ដើម្បី​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​គាត់»។

កាលពី​ឆ្នាំ​មុន​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ចំនួន ៦០០០ ដុល្លារ​បន្ទាប់ពី​លោក​បាន​ចោទ​ប្រកាន់​ថា​ក្រុម​ការងារ​សង្គម (Facebook) របស់​លោក ហ៊ុន សែន ទិញ​ការ​ចុច Like សិប្បនិម្មិត​សម្រាប់ Facebook របស់​នាយក​រដ្ឋមន្ត្រី។

លោក ចាម ប៊ុនទិត អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​ទីប្រឹក្សា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ការពិត​នៃ​ការ​លេចធ្លាយ​សារ​ទាំង​ពីរ​នេះ​គឺ​គេ​កំពុង​លេង​គ្នា​ទៅវិញ​ទៅមក ដែល​វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​រីករាលដាល​នៃ​ទ្រឹស្តី​សម្ងាត់​ប៉ុណ្ណោះ។

លោក ប៊ុនទិត បាន​បញ្ជាក់​ថា៖ «ពួកគេ​កំពុង​តែ​ព្យាយាម​លាប​ពណ៌​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ធ្វើ​ឲ្យ​គូភាគី​ម្ខាង​ទៀត​មើល​ទៅ​អាក្រក់។ ពួកគេ​កំពុង​លេង​នយោបាយ​ដ៏គ្រោះថ្នាក់​ហើយ​រឿង​នេះ​មិន​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត​នោះ​ទេ»។

សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ លោក ប៊ុនទិត បាន​ថ្លែង​ថា​ការ​ជជែក​ពិភាក្សា​គ្នា​លើ​បញ្ហា​ធំៗ​ត្រូវ​បាន​រំខាន​ដោយសារ​តែ​រឿង​បែប​នេះ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​តស៊ូមតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ប្រជាជន​កម្ពុជា​ត្រូវ​ការ​ដំណោះស្រាយ ដូច្នេះ​សូម​កុំ​ព្យាយាម​បង្កើត​បញ្ហា​ឲ្យ​កាន់តែ​ច្រើន​សម្រាប់​ពួកគេ»៕ PS NS


Contact authors: Ananth Baliga and ម៉ិច ដារ៉ា

What Next?

Recent Articles

Leave a Reply

Submit Comment