អ្នក​វិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​គឺ​ព្យាយាម​លាង​សម្អាត​ខ្លួន

ដោយ មាន ឫទ្ធិ
2017-04-12
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។ Photo: RFA
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។ Photo: RFA


រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា នេះ ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ប្រាប់​ពី​ការពិត​អំពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​នេះ​ចោទ​ប្រកាន់​បស្ចិម​លោក និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថា​បាន​ធ្វើ​យុទ្ធនាការ​កាន់​តែ​ខ្លាំង​ឡើង ដើម្បី​កៀរគរ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន។ ប៉ុន្តែ​អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា​សេចក្តី​ថ្លែងការណ៍​នេះ​ពុំ​មាន​អ្វី​ថ្មី និង​មិន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការពិត​នោះ​ទេ។ ពួក​គេ​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​លាង​សម្អាត​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​អន្តរជាតិ​បាន​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក។

ស្រប​ពេល​ដែល​នៅ​មិន​ដល់​ប្រមាណ​ជា​ពីរ​ខែ​ទៀត ដែល​កម្ពុជា នឹង​រៀបចំ​ដំណើរការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧ ក្រសួង​ការ​បរទេស កាល​ពី​ព្រលប់​ថ្ងៃ​ទី​១១ ខែ​មេសា នេះ ហាក់​ប្រញាប់ប្រញាល់​ចេញ​ផ្សាយ​នូវ​សេចក្តី​ថ្លែងការណ៍​កម្រាស់ ១៧​ទំព័រ​មួយ ដាក់​ចំណង​ជើង​ថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស៖ ប្រាប់​ពី​ការពិត»។ ខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​អះអាង​ថា ក្រុម​បស្ចិម​ប្រទេស និង​អង្គការ​អន្តរជាតិ កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​នៅ​កម្ពុជា ហើយ​ថា​ទង្វើ​នេះ​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ខ្មែរ និង​រំលោភ​អធិបតេយ្យ​កម្ពុជា។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដ៏​វែង​អន្លាយ​លើក​នេះ រដ្ឋាភិបាល​មិន​ត្រឹម​តែ​បាន​ថ្លែង​ឆ្លើយ​ការពារ​ខ្លួន​ពី​ការ​រិះគន់ និង​ចោទ​ប្រកាន់​នានា​ពី​សំណាក់​រដ្ឋាភិបាល​បស្ចិម​លោក និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នានា​នា​ពេល​កន្លង​មក ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក៏​បាន​ចោទ​បស្ចិម​ប្រទេស និង​អង្គការ​អន្តរជាតិ​ទាំងនោះ ថា​កំពុង​ធ្វើ​យុទ្ធនាការ​មួលបង្កាច់​ការពិត ភូត​កុហក បំប៉ោង​បញ្ហា​តូចតាច​ក្នុង​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ដាក់​កំហុស​ទៅ​លើ​ស្ថាប័ន​ស្រប​ច្បាប់​របស់​ខ្លួន​សព្វថ្ងៃ។ រដ្ឋាភិបាល​ថ្លែង​ថា គោល​បំណង​នៃ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា ចង់​បំភ្លឺ និង​បញ្ជាក់​ការពិត​ឲ្យ​ដាច់​ស្រឡះ​តែ​ម្តង។

ដោយ​លើក​យក​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជា​សំអាង សេចក្តី​ថ្លែងការណ៍​ក៏​មិន​បាន​បំភ្លេច​រំឭក​ថា កម្ពុជា ជា​ប្រទេស​អធិបតេយ្យ ហើយ​ថា​អធិបតេយ្យភាព​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​គោរព​ដោយ​ពេញលេញ។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា លទ្ធិប្រជាធិបតេយ្យ​មិន​មែន​សមមូល​ទៅ​នឹង​ការ​បដិសេធ​នូវ​នីត្យានុកូលភាព​នៃ​ស្ថាប័ន​ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ ការ​បរិហារ​កេរ្តិ៍​ថ្នាក់​ដឹកនាំ​នយោបាយ​ដោយ​មិន​រើស​មុខ ការ​ញុះញង់​ឲ្យ​មាន​កំហឹង​ជាតិ​សាសន៍ ការ​បំពាន​ច្បាប់ ការ​ញុះញង់​ជា​ប្រចាំ​បង្ក​ភាព​តានតឹង​នយោបាយ និង​កកូរកកាយ​បង្ក​បរិយាកាស​សង្គ្រាម​ស៊ីវិល​នោះ​ទេ។

បញ្ហា​ចម្បងៗ​មួយ​ចំនួន​ដែល​ត្រូវ​បាន​លើក​យក​មក​លាតត្រដាង ផ្តល់​អំណះអំណាង ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ជា​ការពិត ត្រឹមត្រូវ​នៅ​កម្ពុជា នោះ​រួម​មាន បញ្ហា​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ​កន្លង​ទៅ​ថ្មីៗ​នេះ ហេតុផល និង​អំណះអំណាង​ស្ដីពី​ការ​អនុម័ត​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បញ្ហា​ដីធ្លី បញ្ហា​ដែល​ចោទ​ថា​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ បញ្ហា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ច្បាប់​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល បញ្ហា​របស់​គណបក្ស​ប្រឆាំង ព្រម​ទាំង​ការ​វាយ​តម្លៃ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី បាន​ចោទ​ជា​ចម្ងល់​ពាក់ព័ន្ធ​ទៅ​នឹង​ពេលវេលា​នៃ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​នេះ។ លោក​ថា សេចក្តី​ថ្លែងការណ៍​នេះ​ជា​ការ​លាង​ខ្លួន​របស់​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អន្តរជាតិ៖ «បើ​យើង​មើល​ទៅ​ជា​របាយការណ៍​លាង​ខ្លួន​ក្រោយ​ពី​មាន​ប្រតិកម្ម​បន្តបន្ទាប់ ទាំង​នៅ​ក្នុង​ថ្នាក់​អន្តរជាតិ ទាំង​នៅ​ក្នុង​តំបន់ ហើយ​ទាំង​នៅ​ក្នុង​ស្រុក ជាពិសេស​តាម​រយៈ​សង្គម​ស៊ីវិល​ផង ហើយ​ដែល​ពី​មុន​មក​រដ្ឋាភិបាល​បាន​ត្រឹម​តែ​ឆ្លើយតប​តាម​សម្ដី​របស់​អ្នក​នាំ​ពាក្យ។ ក៏ប៉ុន្តែ​របាយការណ៍​ក្រសួង​ការ​បរទេស នេះ​គឺ​ជា​របាយការណ៍​ផ្លូវការ​មួយ​ឆ្លើយតប​ទៅ​នឹង​រាល់​ប្រតិកម្ម​ទាំងអស់​ដែល​មាន​មក​ពី​មុន​មក ជាពិសេស​នៅ​គ្រប់​វិស័យ​ដែល​កំពុង​តែ​រង​សម្ពាធ​នៅ​ការ​តាមដាន​ពី​បរទេស។ អ៊ីចឹង​របាយការណ៍​នេះ​ជា​របាយការណ៍​មួយ​សម្រាប់​ឆ្លើយតប។ បើ​និយាយ​ទៅ​ជា​របាយការណ៍​ដើម្បី​លាង​ខ្លួន ឬ​ក៏​ដុះ​សម្អាត​នូវ​អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​ពី​ខាង​ក្រៅ»

សុន ឆ័យ ២០១៧ ១៤៤០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ក្នុង​វេទិកា​សិក្ខាសាលា​រួម​គ្នា​លើក​ទី​៧ ស្ដីពី​បទពិសោធន៍​ក្នុង​ការ​តាមដាន​ត្រួត​ពិនិត្យ​ថវិកា​ជាតិ និង​ការ​គ្រប់គ្រង​វិនិយោគ​សាធារណៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Brach Chev


មិន​ខុស​ពី​ការ​យល់​ឃើញ​របស់​លោក​បណ្ឌិត មាស នី ដែរ សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក សុន ឆ័យ លោក​យល់​ឃើញ​ថា សេចក្តី​ថ្លែងការណ៍​នេះ​មិន​មាន​ចំណុច​អ្វី​ដែល​ច្បាស់លាស់​នោះ​ទេ ហើយ​ថា​រដ្ឋាភិបាល​ពុំ​មាន​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់​បស្ចិម​ប្រទេស ថា​បាន​ធ្វើ​នយោបាយ​លូក​ដៃ​ដើម្បី​បង្ក​ឲ្យ​មាន​ការ​កាន់​ជើង​គណបក្ស​ប្រឆាំង។ ផ្ទុយ​ទៅ​វិញ លោក សុន ឆ័យ ថ្លែង​ថា សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នោះ​ទេ។ លោក​ថ្លែង​ថា ជា​រឿយៗ រដ្ឋាភិបាល​តែងតែ​ធ្វើ​ការ​ប្រកែក​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​ការ​រិះគន់ ឬ​ក៏​ការ​រក​ឃើញ​នូវ​កំហុស​ខុស​ឆ្គង​នានា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពោល​គឺ​មិន​ដែល​យក​ចំណុច​ណា​មួយ​ទៅ​ពិនិត្យ ដើម្បី​នឹង​កែលំអ​នោះ​ទេ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​រស់នៅ​រាល់​ថ្ងៃ​នេះ យល់​ដឹង​ពី​សភាព​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា បាន​យ៉ាង​ច្បាស់ មិន​អាច​ប្រកែក​បាន​ឡើយ៖ «ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​មាន​ការ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ឲ្យ​មាន​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ឲ្យ​ត្រឹមត្រូវ​អី​ជាដើម។ ហើយ​អង្គការ​មួយ​ចំនួន និង​ប្រទេស​ដែល​ជួយ​ជំនួយ​មួយ​ចំនួន ដូចជា​មិន​មាន​ផ្តល់​ថវិកា​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​ធ្វើ​អី​ចំណេញ​នយោបាយ​អី​ផង។ ភាគច្រើន​ដែល​ធ្វើ គឺ​ជួយ​សង្គម ជួយ​អភិវឌ្ឍ​ជនបទ ជួយ​ពង្រឹង​ការ​ផ្តល់​សេវា​សុខភាព ហើយ​នឹង NGO មួយ​ចំនួន ជួយ​ការ​ផ្តល់​យោបល់​ខាង​ផ្នែក​ច្បាប់​ដល់​ពលករ​ក្រីក្រ ឬ​ក៏​ជួយ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ។ ដូច្នេះ ខ្ញុំ​ថា​របាយការណ៍​ហ្នឹង​មិន​ឆ្លុះ​បញ្ចាំង​ការពិត​ប៉ុន្មាន​ទេ ហើយ​ការ​ព្រួយ​បារម្ភ​ដែល​លើក​ឡើង​ក្នុង​របាយការណ៍ មិន​សម​ហេតុ​សម​ផល»

ក្រៅ​ពី​ការ​លើក​ឡើង​ពី​ខាង​លើ​នេះ លោក​បណ្ឌិត មាស នី ក៏​បាន​ដាក់​ក្តី​មន្ទិល​សង្ស័យ​ផង​ដែរ​ថា រដ្ឋាភិបាល​ហាក់​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ដាក់​សម្ពាធ​ណា​មួយ​ពី​បស្ចិម​ប្រទេស នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​តែ​មាន​ការ​តឹងតែង​ឡើងៗ។ លោក​បារម្ភ​ថា ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ណា​មួយ​ពី​បស្ចិម​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល នោះ​ពលករ​ជាច្រើន​នឹង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើង ហើយ​ថា​ការណ៍​នេះ​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​កម្ពុជា នា​ពេល​ខាង​មុខ៖ «យើង​អាច​ពឹង​ទៅ​លើ​ចិន បាន​មែន ភាគច្រើន​មែន កម្ចី​ចិន រាប់​ពាន់​លាន​ដុល្លារ​មែន បើ​សិន​ណា​ជា​បស្ចិម​ប្រទេស​គេ​មិន​ទទួល​ទិញ​នូវ​ផលិតផល​ដូចជា​វាយនភ័ណ្ឌ ក្រណាត់​កាត់​ដេរ​របស់​យើង​នេះ យើង​នឹង​មាន​បញ្ហា​ធំ​មួយ គឺ​បញ្ហា​ក្នុង​ស្រុក។ រោងចក្រ តើ​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ទៅ​លើ​កម្មករ​ដែល​គ្នា​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​សព្វថ្ងៃ? ហើយ​បើ​សិន​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​បែប​នោះ​មែន អ្វី​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​នោះ គឺ​ថា​កម្លាំង​ពលករ​ទាំងអស់​នឹង​អាច​ហូរ​ចូល​ទៅ​ប្រទេស​ថៃ គគ្រឹកគគ្រេង​កើន​មួយ​ជា​ពីរ មួយ​ជា​បី។ អា​ហ្នឹង​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ជាតិ​យើង​នា​ពេល​ខាង​មុខ។ ទី​ចុង​បំផុត ដី​យើង​អត់​មាន​ខ្មែរ​នៅ​ទេ។ យើង​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​លើ​ដី​ថៃ ទាំងអស់ ហើយ​ប្រទេស​យើង​ទុក​ឲ្យ​អ្នក​ដទៃ​នៅ។ នេះ​ជា​អ្វី​ដែល​យើង​ព្រួយ​បារម្ភ»

ទំនាក់ទំនង​រវាង​កម្ពុជា និង​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋ​អាមេរិក មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មាន​ភាព​ល្អក់​កករ​ក្រោយ​ពេល​ដែល​អាមេរិក និង​បស្ចិម​ប្រទេស​នានា បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ធ្ងន់ៗ​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ការ​ចាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ និង​ការ​គាប​សង្កត់​គណបក្ស​ប្រឆាំង។ ដូច​គ្នា​នេះ​ដែរ កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​បំណុល​តាំង​ពី​សម័យ​សង្គ្រាម​សរុប​ជាង ៥០០​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ​ត្រូវ​បាន​អាមេរិក​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles