រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រកា

ដោយ រាជ វិញ្ញូ
2017-04-13
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​រៀបចំ​គ្រឿង​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រកា។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។ RFA
ការ​រៀបចំ​គ្រឿង​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រកា។ រូបថត​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។ RFA


សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​រកា នេះ ដែល​ចូល​ឆ្នាំ​ចំ​ថ្ងៃ​សុក្រ តាម​ក្បួនតម្រា មហាសង្ក្រាន្ត គឺ​ត្រូវ​វេន​ទេពធីតា​ព្រះនាម កិមិរាទេវី យាង​មក​ទទួល​តំណែង​បន្ត​ពី​ទេវតា​ឆ្នាំ​ចាស់។ រី​ឯ​អ្នក​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ថា ការ​ធ្វើ​ស្រែ​របស់​ពលរដ្ឋ​នឹង​រង​ការ​ខូចខាត​ពាក់​កណ្ដាល ដោយសារ​សត្វ​ល្អិត​បំផ្លាញ។

ជា​រៀងរាល់​ឆ្នាំ បុត្រី​ទាំង ៧​អង្គ របស់​កបិលមហាព្រហ្ម រួម​មាន​ព្រះនាង ទុង្សាទេវី ឬ ធង្សៈទេវី ជា​បុត្រី​ច្បង បន្ទាប់​មក​គឺ​ព្រះនាង គោរាគទេវី រាក្យៈសាទេវី មណ្ឌាទេវី កិរិណីទេវី កិមិរាទេវី និង​មហោទរាទេវី តែង​ប្ដូរ​វេន​គ្នា​មក​ដង្ហែ​ព្រះ​សិរសា​កបិលមហាព្រហ្ម​ជា​បិតា​ក្នុង​១​ឆ្នាំ​ម្ដង ហើយ​ឆ្នាំ​ថ្មី​នេះ បុត្រី​ទី​៦ ឈ្មោះ កិមិរាទេវី នឹង​ដល់​វេន​ទៅ​ដង្ហែ​ព្រះ​សិរសា​របស់​បិតា​ខ្លួន​តាម​កិច្ច​វដ្ដ។

សៀវភៅ “មហាសង្ក្រាន្ត” និពន្ធ​ដោយ​លោក អ៊ឹម បុរិន្ទ នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​ឱ្យ​ដឹង​ថា ព្រះនាង កិមិរាទេវី ដែល​ស្លៀក​ដណ្ដប់​ពណ៌​ស ព្រះហស្ថ​ស្ដាំ​កាន់​ព្រះខ័ន្ធ ព្រះហស្ថ​ឆ្វេង​កាន់​ពិណ និង​គង់​ផ្ទំ​បិទ​ភ្នែក​លើ​ខ្នង​ក្របី នឹង​យាង​ចុះ​នៅ​ម៉ោង ៣:១២​នាទី ទៀប​ភ្លឺ​នៃ​ថ្ងៃ​សុក្រ ទី​១៤ ខែ​មេសា ឆ្នាំ​២០១៧។ រី​ឯ​រណ្ដាប់​ត្រូវ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ ត្រូវ​ក្រាល​សំពត់​ពណ៌​ស ហើយ​ត្រូវ​រៀបចំ​គ្រឿង​សក្ការបូជា​ផ្សេងៗ មាន​ដូចជា បាយសី ៩​ថ្នាក់ ៧​ថ្នាក់ ៥​ថ្នាក់ និង ៣​ថ្នាក់ ឱ្យ​បាន​មួយ​គូៗ រី​ឯ​ទឹក​អប់ ទៀន ធូប កម្រ​ផ្កា ជាពិសេស​ផ្លែ​ចេក​ណាំវ៉ា និង​ផ្លែឈើ​ចំនួន ១១​មុខ​ផ្សេង​ទៀត ត្រូវ​រៀបចំ​ទុក​ដាក់​លើ​ជើង​ពាន​ឱ្យ​បាន​មួយ​គូៗ។

​ចំណែក​ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា និង​អ្នក​ជំនាញ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃ​ជាតិ លោក​អាចារ្យ វ៉ាយ វិបុល ថ្លែង​ថា ដំបូង​ឡើយ ពិធី​បុណ្យ​ចូល​ឆ្នាំ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិគសិរ ដែល​ត្រូវ​ក្នុង​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ ប៉ុន្តែ​ដោយសារ​កាល​នោះ​ពលរដ្ឋ​មាន​ភាព​មមាញឹក​ទៅ​ច្រូតកាត់​នៅ​ឡើយ និង​មាន​ទឹក​ភ្លៀង​ធ្លាក់​ជោកជាំ ទើប​អ្នក​ប្រាជ្ញ​បុរាណ​លើក​ពេល​មក​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ខែ​ចែត្រ ត្រូវ​នឹង​ខែ​មេសា វិញ ព្រោះ​ជា​ពេល​រួច​ដៃ​ពី​ការ​បង្ក​បង្កើត​ផល​ផង ហើយ​អាច​ឱ្យ​ពិធី​ចូល​ឆ្នាំ​ថ្មី​ធ្វើ​ឡើង​ឱ្យ​បាន​អធិកអធម​ផង។ អាចារ្យ​រូប​នេះ​បន្ត​ថា មតិ​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត លើក​ឡើង​ថា ការ​លើក​ពេល​មក​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ចែត្រ​នេះ ដោយសារ​មាន​ការ​រំកិល​ថ្ងៃ៖ «»។

​រីឯ​ការ​រៀបចំ​រណ្ដាប់​ទទួល​ឆ្នាំ​ថ្មី​វិញ លោក​អាចារ្យ វ៉ាយ វិបុស ថ្លែង​ថា អាច​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តាម​លទ្ធភាព​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​អ្វី​ឡើយ។

​លោក​អាចារ្យ​ពន្យល់​ថា ការ​រៀបចំ​បាយសី ផ្លែឈើ និង​ផ្កាភ្ញី ព្រម​ទាំង​ការ​ធ្វើ​បទ​នមស្សការ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ពេល​ទេពធីតា​ចុះ គឺ​ធ្វើ​ឡើង​តាម​បែប​ព្រហ្មញ្ញសាសនា និង​ពុទ្ធ​សាសនា ព្រោះ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា ពិត​ជា​មាន​ទេវតា​ចុះ​មក​ផ្លាស់ប្ដូរ​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង ដើម្បី​ថែរក្សា​សត្វ​លោក និង​ទេវតា​ឱ្យ​មាន​សេចក្ដី​សុខ៖ «»។

​តាម​ក្បួន​ហោរាសាស្ត្រ​បន្ថែម​ថា ទេពធីតា​កិមិរាទេវី នាំ​ទេវបុត្ត​ទេពធីតា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវធម្មមាលី នា​ទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិលមហាព្រហ្ម ជា​ព្រះ​រាជបិតា ដែល​តម្កល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០​នាទី ទើប​ដង្ហែ​ទៅ​ដាក់​កន្លែង​ដើម​វិញ។

បន្ថែម​ពី​លើ​នេះ លោក​អាចារ្យ វ៉ាយ វិបុល បញ្ជាក់​ថា អត្ថន័យ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ព្រោះ​តាំង​ពី​បុរាណកាល​មក ពលរដ្ឋ​ខ្មែរ​គោរព​ស្រលាញ់​សាសនា​ព្រហ្មញ្ញ​ដែល​មាន​ជំនឿ​លើ​ក្បួន​ហោរាសាស្ត្រ និង​ការ​ផ្លាស់ប្ដូរ​ទេវតា​ឆ្នាំ​ថ្មី ហើយ​ទេវតា​ឆ្នាំ​ថ្មី នាំ​ឱ្យ​ពួកគេ​មាន​លាភជ័យ និង​សុខ​ទុក្ខ​តាម​ជំនឿ​ឆ្នាំ​នីមួយៗ។

ខាង​ហោរាសាស្ត្រ​ក៏​បាន​ទស្សន៍ទាយ​ថា នៅ​ក្នុង​ឆ្នាំ​រកា​នេះ នឹង​មាន​ទឹកភ្លៀង ៣០០ មេ បែង​ចែក​ទៅ​ចក្រវាល​ចំនួន ១២០​មេ ព្រៃ​ហេមពាន្ត​ចំនួន ​៩០​មេ មហាសមុទ្រ​ចំនួន ៦០​មេ និង​ជម្ពូទ្វីប​មនុស្ស​លោក​ចំនួន ៣០​មេ ដែល​ធ្លាក់​នៅ​ដើម​ឆ្នាំ​តិច កណ្ដាល​ឆ្នាំ​មធ្យម និង​ចុង​ឆ្នាំ​ច្រើន។ ទំនាយ​ឱ្យ​ដឹង​ទៀត​ថា ជំនាន់​ទឹក​តាម​ទន្លេ​បឹងបួ ដោយសារ​ទឹកភ្លៀង​នឹង​មាន​ចំនួន​ច្រើន​លើស​អស់​ឆ្នាំ​ទាំង​ពួង រី​ឯ​សត្វល្អិត​នឹង​បំផ្លាញ​សំណាប ស្រែចម្ការ ខូចខាត​ពាក់​កណ្ដាល។

លោក​អាចារ្យ វ៉ាយ វិបុល ថ្លែង​ថា ចូល​ឆ្នាំ​ថ្មី​រយៈពេល​ចំនួន ៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​មហាសង្ក្រាន្ត​ដែល​ជា​ថ្ងៃ​ទី​១ ជា​ពេល​ទទួល​ទេវតា​ឆ្នាំ​ថ្មី ថ្ងៃ​ទី​២ ជា​ថ្ងៃ​វារៈវ័នប័ត គឺ​ពូន​ភ្នំខ្សាច់​រំដោះ​កម្មវេរា និង​ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ឡើង​ស័ក គឺ​ជា​ពេល​ដែល​កូនចៅ​ប្រុស​ស្រី​ធ្វើ​ពិធី​ស្រង់​ព្រះ និង​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ជម្រះ​ចោល​នូវ​គ្រឿង​សៅហ្មង​ផ្សេងៗ។

​ក្រៅ​ពី​ពិធី​តាម​បែប​សាសនា​ទាំង​នេះ គេ​តែង​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ នៅ​តាម​វត្ត និង​តាម​ភូមិ មាន​ដូចជា​ល្បែង​ទាញព្រ័ត្រ លាក់​កូន​កន្សែង ចោល​ឈូង និង​បោះ​អង្គញ់​ជាដើម ដែល​ល្បែង​ប្រជាប្រិយ​ទាំង​នេះ​បង្កប់​នូវ​អត្ថន័យ​អប់រំ​មនុស្ស​ឱ្យ​ចេះ​សាមគ្គី​គ្នា​នៅ​ក្នុង​សង្គម៖ «»។

​អ្នក​ជំនាញ​ហោរាសាស្ត្រ​បញ្ជាក់​ថា ប្រសិនបើ​បុគ្គល​ណា​តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ និង​រក្សាសីល ព្រម​ទាំង​ប្រកប​ដោយ​មេតា ករុណា មុទិតា ឧបេក្ខា នោះ​ទេវតា​ឆ្នាំ​ថ្មី​នឹង​តាម​ថែរក្សា​ឱ្យ​ជួប​តែ​សេចក្ដី​សុខ សុភមង្គល​គ្រប់​វេលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles