គ្រួសារ​អ្នក​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​បួងសួង​រក​យុត្តិធម៌​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ដោយ ខែ សុណង
2017-04-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី និង​ក្បួន​ដង្ហែ​សព​អ្នក​ការពារ​សិទ្ធិ​កម្មករ លោក ជា វិជ្ជា។ Photo: RFA
(ពី​ឆ្វេង) អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី និង​ក្បួន​ដង្ហែ​សព​អ្នក​ការពារ​សិទ្ធិ​កម្មករ លោក ជា វិជ្ជា។ Photo: RFA


ខុស​ពី​គ្រួសារ​ខ្មែរ​ទូទៅ​ដែល​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មក​ដល់ តែង​ជួបជុំ​គ្នា​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន អ្នក​ការពារ​សិទ្ធិ​កម្មករ និង​អ្នក​វិភាគ​ដែល​សាធារណជន​បាន​ស្គាល់​ជា​ទូទៅ គឺ​លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​លោក​បណ្ឌិត កែម ឡី ដែល​រង​ការ​បាញ់​ប្រហារ​ផ្ដាច់ផ្ដិល​ជីវិត​នោះ ពួក​គេ​មិន​បាន​ជុំ​គ្នា​ឡើយ។ គ្រួសារ​ទាំងនោះ​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ក្នុង​ជីវិត​បាក់​បែក​ព្រាត់ប្រាស​គ្រួសារ។

ភរិយា​អ្នក​ការពារ​សិទ្ធិ​កម្មករ អ្នក​វិភាគ និង​កូន​ប្រុស​របស់​សកម្មជន​បរិស្ថាន ដែល​រង​ការ​បាញ់​ប្រហារ​ផ្ដាច់ផ្ដិល​ជីវិត បាន​បួងសួង​រក​យុត្តិធម៌​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់។

ភរិយា​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​លោកស្រី ជា គឹមនី ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ហ្វាំងឡង់ដ៍ (Finland) ជាមួយ​កូន​ស្រី​ពីរ​នាក់ ភ្លាមៗ​ក្រោយ​ពី​ឃាតកម្ម​ស្វាមី គាត់​បាន​រៀបរាប់​ថា ជាង ១៣​ឆ្នាំ​ហើយ គ្រួសារ​លោកស្រី​មិន​ទទួល​បាន​ពន្លឺ​យុត្តិធម៌ និង​យក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​នោះ​ឡើយ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ប្រទេស​ហ្វាំងឡង់ដ៍ លោកស្រី​ប្រារព្ធ​ពិធី​បុណ្យ​ជា​ធម្មតា និង​បួងសួង​សុំ​ឲ្យ​តែ​ស្វាមី និង​ក្រុម​គ្រួសារ​គាត់​ទទួល​បាន​យុត្តិធម៌​ពិត៖ «១៣​ឆ្នាំ​ហើយ​អត់​មាន​សេចក្ដី​សុខ​សម្រាប់​គ្រួសារ​កូន។ សូម​សំណូមពរ​រដ្ឋាភិបាល​ខ្មែរ​ដែល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឲ្យ​រក​ឃើញ កាប់​សម្លាប់​គេ​ដល់​ណា​ទៀត? ក្នុង​ឆ្នាំ​ថ្មី​នេះ សូម​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ស្វែងរក​យុត្តិធម៌​ឲ្យ​ឃើញ ព្រោះ​អី​ច្រើន​គ្នា​ហើយ បើ​សិន​ជា​រដ្ឋាភិបាល​មិន​នៅ​ពី​ក្រោយ​ទេ ត្រូវ​រក​ឲ្យ​ឃើញ»

លោក ជា វិជ្ជា ដែល​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេ​ដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​ពុះពារ​ដើម្បី​ផល​ប្រយោជន៍​ជូន​កម្មករ។ កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ទៀត​ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ប៉ុន្តែ​លោកស្រី ជា គឹមនី ពុំ​មាន​ជំនឿ​នោះ​ទេ។

កូន​ប្រុស ឈុត វុទ្ធី ៣០៥
កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២។ RFA/Sek Bandith


ចំណែក​កូន​ប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដមរស្មី បាន​ផ្ដល់​សម្ភាស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ។ តើ​គ្រួសារ​របស់​ពួក​គេ​ធ្វើ​អ្វី​ខ្លះ? គិត​ទៅ​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧ ឪពុក​របស់​គាត់​ស្លាប់​អស់​រយៈពេល ៥​ឆ្នាំ​ហើយ។ ឧត្ដមរស្មី បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​កាល​ពី​ឪពុក​លោក​នៅ​មាន​ជីវិត ពួក​គេ​តែង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បង្សុកូល​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​ជា​ស្រុក​កំណើត​របស់​លោក ប៉ុន្តែ​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​គាត់​មិន​ដូច​មុន​ទៀត​ទេ។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជា​សកម្មជន​ការពារ​ព្រៃ​ឈើ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាលបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារីអគ្គិសនី​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

លោក ឆឺយ ឧត្ដមរស្មី កូន​ប្រុស​លោក ឈុត វុទ្ធី យល់​ថា ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើន​នៅ​តែ​នឹក​ឃើញ​ពី​វីរភាព​របស់​ឪពុក​លោក ដែល​បាន​ប្ដូរផ្ដាច់ និង​លះបង់​ជីវិត​ដោយសារ​ក្ដី​ស្រឡាញ់ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ ឪពុក​លោក និង​គ្រួសារ​ទាំងមូល មិន​បាន​ទទួល​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ឡើយ​រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​ភាព​ឈឺ​ចាប់​ដោយសារ​សង្គម និង​បាត់បង់​បង្គោល​ក្នុង​គ្រួសារ៖ «រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​រក​ឃាតក​ជូន​ឪពុក​ខ្ញុំ​ទេ ការ​ស្លាប់​នេះ​គឺ​មាន​ការ​បញ្ជា​បាញ់ គឺ​មាន​ទាក់ទង​នឹង​មន្ត្រី​ធំៗ​មួយ​ចំនួន​ដែរ។ ប៉ា​ខ្ញុំ​គាត់​ធ្វើ​ការ​ដើម្បី​ជាតិ ប៉ុន្តែ​មនុស្ស​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ឪពុក​ខ្ញុំ​មុន​ស្លាប់​ក៏​រង​ការ​គំរាម​ដែរ ប៉ុន្តែ​ទិញ​ទឹក​ចិត្ត​គាត់​មិន​កើត ទើប​ឈាន​ដល់​ការ​សម្លាប់។ ខ្ញុំ​នៅ​តែ​សំណូមពរ​ឲ្យ​អន្តរជាតិ ជួយ​មើល​ទៅ​លើ​ឃាតកម្ម​ឪពុក​ខ្ញុំ​ដែល​ស្លាប់​ដោយ​អយុត្តិធម៌​បំផុត។ គ្រួសារ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ មិន​មាន​មន្ត្រី​ខាង​រដ្ឋាភិបាល​មក​ដោះស្រាយ ហើយ​តុលាការ​ខេត្ត​កោះកុង បិទ​សំណុំ​រឿង​នេះ​ទៀត។ អ្វីៗ​គឺ​គេ​ធ្វើ​សុទ្ធតែ​មាន​ការ​រៀបចំ​អស់​ហើយ»

ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​មនុស្ស​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​សាធារណជន​រន្ធត់​យ៉ាង​ខ្លាំង​នោះ គឺ​ឃាតកម្ម​បាញ់​ប្រហារ​លើ​អ្នក​វិភាគ គឺ​បណ្ឌិត កែម ឡី។

លោក​បណ្ឌិត កែម ឡី ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ លោក​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​សង្គម និង​នយោបាយ​ដោយ​ឥត​សំចៃ​មាត់ និង​ហ៊ាន​រិះគន់​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គ្រប់គ្រង​ជំនួញ​ធំៗ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ លោក​គឺ​ជា​បុគ្គល​ចុង​ក្រោយ​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ជិត​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ គិត​ចាប់​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ជន​សង្ស័យ​តែ​ម្នាក់​គត់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ក្ដី​នេះ។

លោកស្រី ប៊ូ រចនា ជា​ភរិយា​លោក​បណ្ឌិត កែម ឡី ដែល​មិន​អាច​ផ្ដល់​សម្ភាស​បាន ប៉ុន្តែ​គាត់​បាន​សរសេរ​សារ​ផ្ញើ​តាម​អេឡិចត្រូនិក​មក​កាន់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី។ ឆ្លើយតប​ទៅ​នឹង​សំណួរ​ថា បើ​គិត​ដល់​ខែ​មេសា ស្វាមី​របស់​លោកស្រី​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​រយៈពេល ៩​ខែ​ហើយ ប៉ុន្តែ​តុលាការ​បាន​ដំណើរការ​កាត់​សេចក្ដី​លើ​សំណុំ​រឿង​នេះ តើ​លោកស្រី​យល់​ថា​ទទួល​បាន​យុត្តិធម៌​ដែរ​ឬ​ទេ? លោកស្រី​បាន​ផ្ដល់​ចម្លើយ​មក​ថា ខ្លួន​លោកស្រី​ផ្ទាល់ និង​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ដែល​ជឿជាក់​លើ​តុលាការ​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​តុលាការ​នេះ​មិន​មែន​ជា​តុលាការ​ឯករាជ្យ​ឡើយ។

ប្រពន្ធ កែម ឡី ប៊ូ រចនា ៨៥៥
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth


សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ ការ​សម្រេច​របស់​តុលាការ​នេះ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​បណ្ឌិត កែម ឡី ចាត់​ទុក​ថា​គ្រាន់​តែ​ជា​សេចក្ដី​សម្រេច​មួយ​ដ៏​ប្រញាប់ប្រញាល់ ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ និង​បញ្ចៀស​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ រិះគន់​ការ​សម្រេច​សេចក្ដី​នេះ។ ពួក​គេ​លើក​ឡើង​ថា ដំណើរការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ពុំ​ទាន់​អាច​ជម្រះ​មន្ទិល​សង្ស័យ ពោល​គឺ​នៅ​មាន​កង្វះ​ខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជាច្រើន និង​ពុំ​ទាន់​បំពេញ​គោលការណ៍​ស៊ើប​អង្កេត​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ។ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​បន្ថែម​ទៀត។

ថ្វីបើ​លោកស្រី ប៊ូ រចនា ពុំ​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​ពុំ​មាន​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​ជូន​ស្វាមី គឺ​លោក​បណ្ឌិត កែម ឡី យ៉ាង​ណា​ក្ដី នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ លោកស្រី​បាន​ប៉ង​ប្រាថ្នា និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ជួយ​តាម​ថែរក្សា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​ទទួល​បាន​សេរីភាព យុត្តិធម៌ កុំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដូច​គ្រួសារ​លោកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គ្រួសារ​អ្នក​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​បួងសួង​រក​យុត្តិធម៌​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី"

  1. Rasmei says:

    The Khmer New Year has already passed, so what???????????????????????????????????????

Leave a Reply

Submit Comment