កីឡាករ​ផ្នែក​ប៉េតង់​កម្ពុជា​នឹង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៨​មេសា

ដោយ សាន សែល
2017-04-17
RFA

១៤-មីនា-២០១៦៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។ Photo: RFA
១៤-មីនា-២០១៦៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។ Photo: RFA


កីឡាករ​កម្ពុជា ផ្នែក​ប៉េតង់​ចំនួន ៤​នាក់​ដែល​ទៅ​ប្រកួត​នៅ​ប្រទេស​បែលហ្ស៊ិក (Belgium) នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ល្ងាចថ្ងៃ​ទី​១៨ មេសា។

កីឡាការិនី អ៊ុក ចំរើន ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ប៉េតង់​ពិភពលោក​ឆ្នាំ​២០១៧ (World Championship Petaque 2017) លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី កាល​ពី​ថ្ងៃ​ទី​១៦ មេសា។ នាង​បាន​ប្រកួត​ឈ្នះ​កីឡាការិនី​នៃ​ប្រទេស​ទុយណេស៊ី (Tunisia) ដោយ​ពិន្ទុ ១៣ ទល់ ៧។ ចំណែក​កីឡាករ ញ៉ែម បូរ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ទទួល​បាន​មេដាយ​ប្រាក់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មេសា ថា នឹង​មាន​ការ​រៀបចំ​ក្បួន​ម៉ូតូ​កិត្តិយស​ចំនួន ១២​គ្រឿង​ទៅ​ទទួល​កីឡាករ​ទាំងនេះ ដោយ​ហែ​ពី​ព្រលាន​យន្តហោះ​ទៅ​ដល់​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

ក្រៅ​ពី​នេះ កីឡាករ​ដែល​ដណ្ដើម​បាន​មេដាយ​មាស នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២០​លាន​រៀល ហើយ​អ្នក​ប្រកួត​ឈ្នះ​មេដាយ​ប្រាក់ នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ៨០​លាន​រៀល រួម​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ដទៃ​ទៀត ហើយ​ពួក​គេ​នឹង​ទៅ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​ប្រកួត​ពាន​រង្វាន់​ប៉េតង់​ពិភពលោក​ឆ្នាំ​២០១៧ ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ មេសា ដោយ​មាន​ប្រទេស​ជាង ៤០ ចូលរួម​ប្រកួត​ប្រជែង។ កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ កីឡាការិនី កែ ឡេង ក៏​ធ្លាប់​ប្រកួត​បាន​មេដាយ​មាស​ផ្នែក​ប៉េតង់​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles