ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​ថ្ងៃ​ទី​១៧ មេសា ១៩៧៥

ដោយ ឡេង ម៉ាលី
2017-04-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង
ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា នេះ ជា​ថ្ងៃ​ពលរដ្ឋ​ខ្មែរ​នឹក​ឃើញ​ដល់​ពេលវេលា​ដែល​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ក្រោយ​ពេល​ដែល​ពួក​គេ​ឈ្នះ​សង្គ្រាម​លើ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់។ ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ពលរដ្ឋ​កម្ពុជា ទទួល​ភាព​រង​ទុក្ខ។

អ្នក​ធ្លាប់​រស់នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៥ នៅ​តែ​ចងចាំ​បាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ជា​ថ្ងៃ​ដែល​កងទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់ សម្រុក​ចូល​ទីក្រុង​ភ្នំពេញ​ពី​គ្រប់​ច្រក។

អតីត​កងទ័ព​ខ្មែរ​ក្រហម​នៅ​ភូមិភាគ​និរតី​មួយ​រូប គឺ​លោក ហ៊ីម ហ៊ុយ ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នោះ កង​របស់​លោក​ជា​អ្នក​ទទួល​ទិស​វាយ​លុក​ចូល​ទីក្រុង​ភ្នំពេញ​ពី​ច្រក​ខាង​ត្បូង៖ «ចេញ​ដំបូង គឺ​ចេញ​ពី​ព្រែកហូរ តាខ្មៅ មក។ វាយ​ចូល​តាម​ព្រែកកំពិស ព្រែកថ្លឹង។ គេ​ឲ្យ​វាយ​យក​ប៉ុស្តិ៍​វិទ្យុ​ស្ទឹងមានជ័យ ហើយ​ពួក​ខ្ញុំ​ក៏​ដើរ​កាត់​ស្ពាន​ស្ទឹងមានជ័យ​នេះ​ទៅ​ភ្នំពេញ។ រហូត​បាន​គេ​ឲ្យ​ចាប់​ដៃ​គ្នា​នឹង​ពួក​បូព៌ា​នៅ​មុខ​វាំង។ ក្រោយ​មក​ទៀត បាន​នាំ​គ្នា​ដើរ​មក​តាម​វិមាន​ឯករាជ្យ​មក​សាលា​យុគន្ធរ។ ខ្ញុំ​វាយ​ពួក​ទាហាន​ហើយ ក៏​ឡើង​ទៅ ឮ​សូរ​គេ​ប្រកាស​ថា​ខាង​កងទ័ព​រំដោះ​យក​បាន​ប៉ុស្តិ៍​វិទ្យុ​ហើយ គេ​ឲ្យ​ខាង លន់ នល់ ទម្លាក់​អាវុធ​ទាំងអស់»

ពេល​នោះ​ហើយ​ជា​ពេល​កងទ័ព​ខ្មែរ​ក្រហម​ប្រកាស​ជ័យជម្នះ​របស់​ខ្លួន​ដ៏​ធំធេង ដោយ​រំដោះ​បាន​ទីក្រុង​ភ្នំពេញ​ទាំងស្រុង​ពី​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​បរិវារ​របស់​ចក្រពត្តិ​អាមេរិក។

ភ្លេង៖ «ដប់​ប្រាំពីរ​មេសា ៧៥​ឆ្នាំ​ថ្មី ថ្ងៃ​មហា​ជោគជ័យ មាន​ន័យ​សម្បើម ថ្ងៃ​ដែល​កងទ័ព​បដិវត្តន៍​ដ៏​ឆ្នើម ប្រជាជន​សម្បើម សែន​មហា​អស្ចារ្យ។ រំដោះ​ទាំងស្រុង​ទីក្រុង​ភ្នំពេញ ជោគជ័យ​ចិញ្ចែង​សែន​មហិមា រំដោះ​មាតុភូមិ​ជា​ទី​ស្នេហា ក្រោម​ពន្លឺ​មាគ៌ា​បដិវត្តន៍​ភ្លឺ​ស្វាង…»

អ្នក​ភ្នំពេញ​ឈ្មោះ ឌិន រ៉ាវី មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ឮ​ពួក​ខ្មែរ​ក្រហម​ប្រកាស​ថា ប្រទេស​ត្រូវ​បាន​រំដោះ និង​មាន​សេចក្ដី​សុខសាន្ត​ត្រាណ ចប់​សង្គ្រាម​បង្ហូរ​ឈាម ពលរដ្ឋ​នាំ​គ្នា​ត្រេកអរ ហើយ​ក៏​ចេញ​មក​ទទួល​ស្វាគមន៍​កងទ័ព​ទាំងនោះ៖ «ខ្ញុំ​ក៏​រត់​ចេញ​មក​ខាង​ក្រៅ​ផ្ទះ ឃើញ​ទ័ព​ខ្មែរ​ក្រហម​មក​ពី​ខាង​លិច។ ពួក​ខ្ញុំ​ទាំងអស់​គ្នា​នាំ​គ្នា​ត្រេកអរ»

សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី ហួរ ចន្ថា ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា កងទ័ព​ខ្មែរ​ក្រហម​ដែល​លោកស្រី​ឃើញ​ពេល​នោះ មិន​ចាប់​អារម្មណ៍​នឹង​ការ​ស្វាគមន៍​របស់​អ្នក​ទីក្រុង​ទេ៖ «»

លោកស្រី ចន្ថា មាន​ប្រសាសន៍​បន្ត​ថា ភាព​ត្រេកអរ​មាន​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង អ្នក​ទីក្រុង​ទាំងនេះ​ចាប់​ផ្ដើម​ស្លន់ស្លោ​ឡើង​វិញ ដោយសារ​តែ​ពួក​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​បណ្ដេញ​ពួក​គាត់​ឲ្យ​ឆាប់​ចេញ​ពី​ទីក្រុង​ភ្លាមៗ។

ជន​រងគ្រោះ​ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​មួយ​រូប​ទៀត គឺ​លោក សម សក្ដិ ថ្លែង​បញ្ជាក់​បន្ថែម​ថា ពួក​ខ្មែរ​ក្រហម​ប្រាប់​លោក និង​អ្នក​ទីក្រុង​ផ្សេង​ទៀត​ថា ចាកចេញ​ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​បោស​សម្អាត​ខ្មាំង​ដែល​លាក់​ខ្លួន​នៅ​ក្នុង​ទីក្រុង៖ «ខ្មែរ​ក្រហម​បាន​ចូល​មក​ដល់​ក្រុង​ភ្នំពេញ​ដេញ​គ្រួសារ​ខ្ញុំ ឲ្យ​ចុះ​ចេញ​ពី​លំនៅឋាន។ គេ​បាន​ប្រាប់​ថា សូម​បង​ប្អូន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​នៅ​ឯ​ជាយក្រុង​ភ្នំពេញ​សិន។ តែ​រយៈពេល ៣​ថ្ងៃ​ទេ។ ចម្ងាយ ៣​គីឡូម៉ែត្រ ទម្រាំ​អង្គការ​បោស​សម្អាត​ទីក្រុង​ស្អាត​ហើយ នឹង​នាំ​បង​ប្អូន​មក​នៅ​ទីក្រុង​ភ្នំពេញ​វិញ។ នេះ​ជា​សម្ដី​របស់​ខ្មែរ​ក្រហម​ដែល​ឲ្យ​យើង​ចេញ​ពី​ទីក្រុង»

សាក្សី នូ ហ៊ន់ ដូច​គ្នា​នឹង​ជន​រងគ្រោះ​រាប់​លាន​នាក់​ទៀត​ដែរ រំឭក​ពី​ស្ថានភាព​នៃ​ការ​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ​ថា មាន​សភាព​លំបាក​ខ្លាំង៖ «មនុស្ស​ច្រើន​កុះករ ត្រូវ​នឹង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​រដូវ​ក្ដៅ។ ខែ​មេសា ក្ដៅ​ណាស់! កាលណា​ថ្ងៃ​ត្រង់ កៅស៊ូ (ថ្នល់) ហៀរ​ចេញ​មក ហើយ​បង​ប្អូន​ដែល​គេ​ជម្លៀស​ចេញ​ភ័យ​តក់ស្លុត អត់​បាន​យក​ស្បែក​ជើង​តាម។ ដូច្នេះ​មាន​សភាព​មួយ​ថ្មី ត្រូវ​ពង​ជើង។ ខ្លះ​យក​ស្រទប​ចេក​ចង​បាត​ជើង ខ្លះ​យក​កន្ទប​ខោ​អាវ​ទៅ​ចង ដើម្បី​ចៀសវាង​ការ​រលាក​ពង​បាត​ជើង។ មនុស្ស​ច្រើន​ណាស់​អ៊ូអែ ខ្លះ​បាត់​កូន ខ្លះ​ប្ដី ខ្លះ​បាត់​ប្រពន្ធ»

ទាហាន​ខ្មែរ​ក្រហម​ចូល​ក្រុង​ថ្ងៃ​១៧​មេសា ៨៥៥
ទាហាន​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ រូបថត​ឯកសារ​ពី​សារមន្ទីរ​គុក​ទួលស្លែង


ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​នានា​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ដូចជា​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​រក​វាល​មរណៈ​នៅ​ឯ​ជនបទ​ទូទាំង​ប្រទេស​ដូច្នោះ​ដែរ។ ក៏ប៉ុន្តែ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម គឺ​លោក នួន ជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ផ្ដល់​ហេតុផល​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ថា ការ​ជម្លៀស​នេះ​ដោយសារ​តែ​ខ្លាច​អាមេរិក​ទម្លាក់​គ្រាប់បែក ខ្លាច​វៀតណាម ឈ្លាន​ពាន​ផង និង​ដោយសារ​ខ្វះ​ស្បៀង​ផង៖ «»

ការ​ប្រាប់​ពលរដ្ឋ​ឲ្យ​ជម្លៀស​ចេញ​ពី​ទីក្រុង​រយៈពេល ៣​ថ្ងៃ បាន​ក្លាយ​ទៅ​ជា​រយៈពេល​ជាង ៣​ឆ្នាំ ៨​ខែ។ ពលរដ្ឋ​ខ្លះ​បាន​ចាកចេញ​ទៅ​មិន​បាន​ត្រឡប់​វិញ រហូត​ដល់​ស្លាប់ ព្រោះ​តែ​គេ​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​លត់​ដំ​នៅ​តាម​ជនបទ​ចុងកាត់មាត់ញក ដោយ​ធ្វើ​ការងារ​ធ្វើ​ស្រែ លើក​ទំនប់​ជីក​ប្រឡាយ​រហូត​បាក់​កម្លាំង អត់​អាហារ ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ និង​ការ​សម្លាប់​រង្គាល។

អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម គឺ​លោក ខៀវ សំផន ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​ទាំងនេះ​ពី​មុន​មក​ទេ រហូត​ទាល់​តែ​លោក​បាន​ឮ​សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​និយាយ៖ «»

ក្នុង​រយៈពេល​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ពួក​ខ្មែរ​ក្រហម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​អំណាច បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ជិត ២​លាន​នាក់​បាន​ស្លាប់។

ការ​ជម្លៀស និង​ការ​ផ្លាស់ប្ដូរ​លំនៅ​ពលរដ្ឋ​ដោយ​បង្ខំ ការ​ប្រព្រឹត្ត​អមនុស្សធម៌​ដែល​នាំ​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់​ជិត ២​លាន​នាក់​នោះ​ហើយ ទើប​នាំ​ឲ្យ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​ពីរ​រូប គឺ​លោក នួន ជា និង ខៀវ សំផន មាន​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពេល​នេះ។

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​តែ​ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ចងចាំ​មិន​ភ្លេច ព្រោះ​តែ​ការ​និរាស​ព្រាត់ប្រាស​គ្រួសារ និង​ទុក្ខ​លំបាក​វេទនា​ឥត​ឧបមា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​តែ​ចងចាំ​មិន​ភ្លេច​ថ្ងៃ​ទី​១៧ មេសា ១៩៧៥"

  1. Rasmei says:

    I myself still remember walking with the family under the hottest sun on earth!!!, poor country!!!

  2. people says:

    This is the war” Why war?? who bring the war to cambodia?? who bloody went to meet communist Youn ho chi minh?? who let veitcong to stayed in cambodia land?? who bloody accused khmer serey ?? who took khmer serey to shoot and showed all the time every movie stared ?? The reason is communist youn&jen cheated stupid king si hak nouk who have no education properly become dictator then leaded to destroyed cambodia’ .Now we have another stupid dictator who followed his animal veit ,did the coup 1997,killing &bury parish accord then gave tral island and sea area,land to his animal veit’ so cambodia still victim of communist veit&china. GOD will punish theses communist countries . GOD bless all cambodian people’